មន្ត្រីបក្សប្រឆំាងមិនចូលបំភ្លឺតាមការហៅរបស់សមត្ថកិច្ចខេត្តកំពតរឿង​​ប្រមូលស្នាមមេដៃ

មន្ដ្រីគណបក្សប្រឆាំងខេត្ដកំពតឲ្យដឹងថាមន្ត្រីរបស់ខ្លួនមួយរូបមិនបានចូលបំភ្លឺតាមការហៅតាមទូរស័ព្ទរបស់សមត្ថកិច្ចមូលដ្ឋានជុំវិញការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដោយថាធ្វើញត្តិថ្វាយព្រះមហាក្សត្រជួយអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សនិងអ្នកនយោបាយកំពុងជាប់ឃុំនោះទេ។

ជំទប់ទី១មកពីគណបក្សជំទាស់ នៅឃុំត្រពំាងភ្លាំង ស្រុកឈូក ខេត្តកំពត លោក សេន សូវ ប្រាប់VODនៅថ្ងៃអង្គារនេះថា កាលពីថ្ងៃចន្ទម្សិលមិញវេលាម៉ោង៤ៈ៣០នាទីរសៀល មេប៉ុស្តិ៍រដ្ឋបាលឃុំនេះបានហៅទូរស័ព្ទប្រាប់ឲ្យសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សប្រឆាំងទៅសាកសួរ ខណៈមន្ត្រីរូបនោះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅក្នុងភូមិ។ ប៉ុន្តែលោកថា លោកមិនឲ្យមន្ត្រីរបស់ខ្លួនចូលទៅបំភ្លឺនោះទេ។ លោកបន្តថា៖ គេហៅចូលទៅសួរ ប៉ុន្តែខ្ញុំអត់ឲ្យចូលព្រោះលិខិតកោះហៅអត់មានលិខិតស្នាមពិតប្រាកដ គ្រាន់តែហៅតាមទូរស័ព្ទ

ជំទប់ទី១មកពីគណបក្សជំទាស់រូបនេះបញ្ជាក់ថា លោកបានប្រាប់ទៅក្រុមការងាររបស់លោកឲ្យឈប់ប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅត្រឹមថ្ងៃអង្គារនេះដោយលោកអះអាងថាប្រមូលបានគ្រប់ចំនួនតាមគោលការណ៍របស់គណបក្សដែលកំណត់ឲ្យប្រមូល៦៦ស្នាមមេដៃនៅក្នុងមួយភូមិ។

VODមិនទាន់សុំការបំភ្លឺពីមេប៉ុស្តិ៍រដ្ឋបាលឃុំត្រពំាងភ្លាំងបាននៅឡើយ។

កាលពីថ្ងៃទី១៩ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនរយៈពេលខ្លីលើសកម្មជនគណបក្សសង្រ្គោះជាតិពីររូប ឈ្មោះ លាញ់ លៀង និង ប៉ុន សុវណ្ណារ៉ា ដែលរស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសទបលង្ល័ង ខេត្ដកំពង់ធំ ខណៈពួកគេប្រមូលស្នាមមេដៃយកទៅថ្វាយព្រះមហាក្សត្រទាមទារឲ្យដោះលែងអ្នកនយោយបាយ និងមន្ដ្រីសិទ្ធិមនុស្ស។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ យល់ថាការហៅមន្ត្រីរបស់គណបក្សប្រឆំាងទៅទៅសាកសួរនិងឃាត់ខ្លួនកន្លងមកជាទង្វើផ្ទុយពីច្បាប់និងធ្វើឡើងក្រោមហេតុផលនយោបាយ។ លោកបន្ថែមថា៖ មិនស្របតាមរដ្ឋធម្មនុញ្ញ មិនស្របតាមច្បាប់ ពីព្រោះអត់មានអំណះអំណាងគ្រប់គ្រាន់ភស្តុតាងគ្រប់គ្រាន់ក្នុងការឃាត់ខ្លួន ហើយការដែលធ្វើក្រោមហេតុផលនយោបាយ

លោក យឹម សុវណ្ណ បញ្ជាក់ថាគណបក្សសង្គ្រោះជាតិបានរៀបចំក្រុមការងារនៅតាមសាខាបក្សទូទំាង២៥រាជធានី-ខេត្ត-ក្រុង ឲ្យចុះប្រមូលស្នាមមេដៃគំាទ្រឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនិងសកម្មជននយោបាយដែលកំពុងជាប់ពន្ធនាគារ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនដែលត្រូវប្រមូលនោះទេ។

កាលពីថ្ងៃទី២៨ខែមេសាកន្លងមកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ៥៣រូបក្នុងចំណោម៥៥រូបបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។

បន្ថែមពីនេះទៀតគណបក្សសង្គ្រោះជាតិឲ្យដឹងថាខ្លួនក៏បានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យជួយអន្តរាគមន៍ករណីស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងឡើងកម្តៅនេះផងដែរ។

ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងថាគណបក្សបានបោកប្រាស់ព្រះមហាក្សត្រពីស្ថានការណ៍នយោបាយនៅពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ