ពលរដ្ឋនៅព្រៃវែងរិះគន់ថាអាជ្ញាធរមិនមានដំណោះស្រាយរឿងអតីតមន្រ្តីគយបិទផ្លូវ

អតីតមន្រ្តីគយរងការចោទថាកាយប្រឡាយ និងបិទផ្លូវរបស់ពលរដ្ឋ (រូបពីប្រភពពលរដ្ឋ)

ប្រជាពលរដ្ឋរស់នៅស្រុកបាភ្នំខេត្តព្រៃវែងបានរិះគន់ថាអាជ្ញាធរមិនមានដំណោះស្រាយលើករណីអតីតមន្រ្តីគយប្រើគ្រឿងចក្រជីកប្រឡាយកាត់ផ្លូវនិងបិទផ្លូវធ្វើដំណើររបស់ពលរដ្ឋ។

លោក ឈន់ ណេ អះអាងថាតំណាងពលរដ្ឋក្នុងភូមិល្ពាច ឃុំបឹងព្រះ ប្រាប់វីអូឌីឲ្យដឹងថាអតីតគយឈ្មោះ ជា ជីវ័ន្ត ហៅឈន់ បានមកសុំពលរដ្ឋឈូសឆាយធ្វើផ្លូវចូលទៅកាន់ដីនិងផ្សារដែលខ្លួនបានបង្កើត បន្ទាប់មកក៏មានសកម្មភាពជីកប្រឡាយប៉ះចំណីផ្លូវនិងបិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរ។ លោកបន្ថែមថាប្រជាពលរដ្ឋបានប្រមូលស្នាមមេដៃប្រមាណជាង៣០គ្រួសារ ដើម្បីដាក់ទៅកាន់អាជា្ញធរជួយអន្តរាគមន៍ តែលោកថាមិនមានប្រសិទ្ធិភាពនោះទេ។

លោកបន្ថែមថា៖ “គេថានឹងរំលាយផ្លូវទៀតទើបថ្ងៃទី១៨ ខែ៥ នេះគេមកកាយម្ដងទៀត បើនិយាយអាលូមុននោះបែកអស់៥ម្ដងហើយ។ ឥឡូវគេមកបិទកាយដីលុបលូអស់ទៀតមិនឲ្យប្រជាពលរដ្ឋដើរ កាយផ្លូវមិនឲ្យចូលទៀត ផ្ទះពីរផ្ទះបីហ្នឹងហើយធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់គ្នាហ្នឹងមិនបានធ្វើចរាចរណ៍នៅតាមផ្លូវព្រោះគេបិទច្រាស់ប្រឡា ច្រាស់របងចឹងដើរម៉េចរួច គេថាផ្លូវគេអ្នកធ្វើ។ ឥឡូវប្រជាពលរដ្ឋឲ្យអាជ្ញាធរមកជួយដោះស្រាយ តែអាជ្ញាធរមិនហ៊ានដោះស្រាយទេ បើគាត់ថាទៅគេជេរចឹងពិបាកដោះស្រាយណាស់មានតែឲ្យថ្នាក់លើជួយ ហើយសំណើទៅរយៈពេលមួយសប្ដាហ៍ហើយមិនមានអ្នកជួយមានតែក្រុមប្រឹក្សាម្នាក់មកមើលហើយទៅវិញបាត់”។

ចំណែកពលរដ្ឋម្នាក់ទៀតលោក ហៀង ឲ្យដឹងថាបន្ទាប់ពីធ្វើផ្លូវនិងជីកប្រឡាយនោះរួចពលរដ្ឋបានចំណាយប្រាក់ដាក់លូម្ដងរួចហើយដើម្បីងាយស្រួលធ្វើដំណើរ ប៉ុន្តែពលរដ្ឋអះអាងថាលោក ជា ជីវ័ន្ត នោះនៅតែព្យាយាមប្រើគ្រឿងចក្រកាយបំបិទផ្លូវពលរដ្ឋទៀត។ លោកបន្ថែមថាការតវ៉ានោះគឺទាមទាឲ្យអាជ្ញាធរដោះស្រាយអន្តរាគមន៍ទៅលើអតីតមន្រ្តីគយរូបនោះឲ្យរក្សាទុកដីចំណីផ្លូវ១៥ម៉ែត្រ ហើយដាក់លូនិងបើកផ្លូវឲ្យពលរដ្ឋបានធ្វើដំណើរវិញ។

វីអូឌីមិនអាចទាក់ទងមេឃុំបឹងព្រះ លោក ណុប ចឹក បាននៅឡើយទេដោយទូរសព្ទហៅចូលគ្មានអ្នកឆ្លើយតប។ វីអូឌីក៏មិនអាចទាក់ទងអតីតមន្រ្តីគយ លោក ជា ជីវ័ន្ត ដែលរងការចោទថាបិទផ្លូវនោះបានដែរ។

ទាក់ទងនឹងបញ្ហានេះមេភូមិល្ពាច ឃុំបឹងព្រះ លោក ឃិន ឡី បានឲ្យដឹងថាខណៈពេលមានការដាក់គ្រឿងចក្រកាយប្រឡាយនិងបិទផ្លូវនោះលោកក៏បានហាមឃាត់ដែរតែមិនមានប្រសិទ្ធិភាព។ លោកបន្ថែមថាលោកក៏បានរាយការណ៍បញ្ហានេះទៅឲ្យថ្នាក់លើជួយអន្តរាគមដោះស្រាយផងដែរ។

លោកបន្ថែមថា៖ “ផ្លូវហ្នឹងដំបូងមិនទាន់មានធ្វើប្រឡាយអីទេ ដល់ពេលនេះគេមានលុយគេដាក់ពាក្យសុំធ្វើប្រឡាយតូចមួយជាប់ថ្នល់ ព្រោះដីហ្នឹងទុកចំណីផ្លូវ១៥ម៉ែត្រ។ ធ្វើប្រឡាយតូចមួយនៅផ្លូវថ្នល់ហ្នឹងដល់ពេលមានទំនាស់បន្តិចបន្ទួចទៅគាត់មកកាប់កាយគាស់ហ្នឹងនៅថ្ងៃទី១៩នេះ។ គេប្រាប់ខ្ញុំថាគេនឹងរំលាយប្រឡាយវិញ ហើយខ្ញុំក៏ស្នើទៅឃុំហើយដល់ពេលថ្ងៃគេដាក់គ្រឿងចក្រមកហ្នឹងខ្ញុំតេទៅគាត់ទៀត តែឃុំគាត់អត់យកចិត្តទុកដាក់”។

បើតាមការឲ្យដឹងពីមេភូមិល្ពាចផ្លូវដែលត្រូវបានឈូសឆាយនិងបិទនោះមានប្រវែងប្រមាណជា៧៥០ម៉ែត្រ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងភូមិប្រមាណ១០គ្រួសារនិងអ្នកធ្វើដំណើរកាត់ផ្លូវនោះជាច្រើនគ្រួសារទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ