តុលាការជាន់ខ្ពស់សម្រេចបន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស

អ្នកជាប់ឃុំទាំង៥ (រូបភាពផ្តល់ឲ្យ)

មេធាវីការពារក្តីឲ្យមន្ត្រីសិទ្ធិមនុស្សលើកឡើងថា តុលាការជាន់ខ្ពស់បានច្រាន​ចោលជាថ្មីទៀត​ពាក់ព័ន្ធ​សំណុំ​រឿង​ ​ «សូកប៉ាន់សាក្សី»  ដែលស្នើ​សុំនៅក្រៅ​ឃុំបណ្តោះអាសន្ន ដោយថាសាក្សីមួយ​ចំនួន​មិន​បានចូលបំភ្លឺតាមការកោះហៅ​របស់តុលាការ​ ករណីនេះ​មេធាវី​ថា ជាការរំលោភសិទ្ធិកូនក្តីធ្ងន់ធ្ងរ​។

មន្ត្រីសិទ្ធិមនុស្សមកពីសមាគមអាដហុក៤រូប ត្រូវ​បានចៅក្រម​សាលាឧទ្ធរណ៍សម្រេច​បន្តឃុំខ្លួន​នៅ​ពន្ធនា​គារ​ ​តាមអំណាចសាលក្រមសាលាដំបូង​ដដែល ខណៈមន្ត្រីសិទ្ធិមនុស្សទំាងនោះ​ត្រូវបា​ន​ឃុំខ្លួន​ជាង​មួយ​ឆ្នាំមកហើយបើទោះជាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីសវនាការ។

លោកមេធាវី ឡោ ជុនធី ការពារក្តីឲ្យមន្ត្រីសមាគមអាហុក បា​ន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាននៅ​ថ្ងៃ២៤​ខែឧសភានេះ​​ថា ចៅ​ក្រម ​ បានសម្រេច​ពន្យាពេល​ស៊ើបសួរ​លើ​សំណុំនេះបន្តទៀត ដោយសំអាង​ថា​សាក្សី​មួយចំនួនមិនបានចូលបំភ្លឺ តាមការកោះហៅ និងមួយចំនួនទៀតរត់គេចខ្លួន។ ករណីនេះ លោក ជុនធី យល់​​ថា ការលើកឡើងរបស់ចៅក្រមមិនសមហេតុផល ដោយថាតុលាការគួរតែបិ​ទ​បញ្ចប់​ការ​ស៊ើប​សួរ​សំណុំរឿង​នេះ ដោយថា ការបន្តឃុំខ្លួនកូនក្តីលោក ធ្វើឲ្យប៉ះ​ពាល់​ដល់​សិទ្ធិ​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ​។

លោកនិយាយថា«ការឃុំខ្លួនប៉ះពាល់ដល់សិទ្ធិសេរីភាពបុគ្គលខ្លំាងណាស់ ហើយអ្វីដែលផលវិបាកមែនទែនដល់ក្រុមគ្រួសារ​គាត់ កូនចៅគាត់ វាលំបាកតាមហ្នឹងទៀត យើងយល់ឃើញថា វាគួរចូលទៅដល់ដំណាក់កាលបិទសំណុំរឿងចេញជាលទ្ធផល ជាលក្ខណៈផ្លូវច្បាប់​គឺចេញ​ដីកាដំណោះស្រាយ ដីកាដំណោះស្រាយវាអាចថា តើកូនក្តីរបស់យើងត្រូវ​បានដោះលែងឬមួ​យត្រូវការបញ្ជូនទៅជំនុំជម្រះ វាត្រូវ​ចេញអាហ្នឹង»

​យ៉ាងណាក៏ដោយ លោក ជុនធី បានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយកូនក្តីថា តើត្រូវ​ប្តឹង​សាទុ​ក្ខទៅ​តុលាការ​​កំពូលឬយ៉ាងណា។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់ថា តុលាការសម្រេច​បន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សនឹងធ្វើឲ្យប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាល ក្រោមការរិះគន់​ពី​អង្គការជាតិ និង​សហគមន៍​អន្តរជាតិ។

លោក អំ សំអាត យល់ថា​«បន្តឃុំខ្លួនគាត់ [មន្ត្រីសិទ្ធិមនុស្ស] វាអត់មានអីចំណេញ ទីមួយគឺនៅតែ​បន្តមានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ យើងឃើញថ្មីៗមានទំាងអង្គការសហប្រជាជាតិ មានទំា​​​សហរដ្ឋអាមេរិកគេមានការបន្តរិះគន់ច្រើន ហើយមុននោះ យើងក៏ឃើញសហគមន៍អឺរ៉ុប ដែលគេលើកឡើងពីបញ្ហានេះ ហើយដូចជាជំនួយអភិវឌ្ឍន៍នៅកម្ពុជាមួយចំនួន គឺឥឡូវស្ថិតនៅក្នុងការពិចារណារបស់គេទៅទៀត ខ្ញុំគិតថាធ្វើឲ្យប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាលយើងទៅវិញ»

គួរបញ្ជាក់ថា មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក៤នាក់ មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ត្រូវតុលាកា​រ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធនា​គារ​ព្រៃ​ស កាលពីដើ​មឆ្នាំ​២០១៦ ដោយចោទប្រកាន់ពីបទ «សូកប៉ាន់​សាក្សី» ក្នុង​សំណុំ​រឿងដ៏​ចម្រោ​ង​ច​​ម្រាស់​មួយ ​ពាក់ព័ន្ធនឹងនាង ខុម ចាន់តារាទី ហៅ “ស្រីមុំ” ដែល​ត្រូវគេទម្លាយថា មានទំនាក់ទំនង​ស្នេហា​​ ជាមួយ​លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ