ធនាគារជាតិព្រមានដកអាជ្ញាប័ណ្ណគ្រឹះស្ថានហិរញ្ញវត្ថុ បើបន្តយកអត្តសញ្ញណប័ណ្ណពីពលរដ្ឋ

ធនាគារជាតិកម្ពុជា

ធនាគារជាតិព្រមានដកហូតអាជ្ញាប័ណ្ណពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហប្រតិបត្តិករឥណទានជនបទទាំងអស់ ប្រសិនបើនៅបន្តយកអត្តសញ្ញណប័ណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅពីពលរដ្ឋ សម្រាប់ការធានាលើការផ្ដល់កម្ចី។

ក្នុងសេចក្ដីជូនដំណឹង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នា២០១៧ ធនាគារជាតិកម្ពុជា បានកត់សំគាល់ថា មកដល់នេះ នៅមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហប្រតិបត្តិករឥណទានជនបទមួយចំនួននៅតែបន្តយកអត្តសញ្ញណប័ណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ពីកូនបំណុលដែលផ្ទុយនឹងបំរាមរបស់ធនាគារជាតិ។

សេចក្ដីជូនដំណឹង បន្តថា ក្នុងករណី មិនអនុវត្តតាម គ្រឹះស្ថានហិរញ្ញវត្ថុ ទាំងនោះនឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងឈានទៅដកអាជ្ញាប័ណ្ណ បញ្ឈប់សកម្មភាពអាជីវកម្ម ស្របតាមមាត្រា៥២ និង៥៦ នៃច្បាប់ស្ដីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ហួត អៀងតុង អំពាវនាវឲ្យគ្រឹះសា្ថនហិរញ្ញវត្ថុទាំងអស់ត្រូវប្រគល់អត្តសញ្ញណប័ណ្ណឲ្យពលរដ្ឋវិញ ដើម្បីឲ្យពលរដ្ឋយកទៅបោះឆ្នោតនៅពេលខាងមុខនេះ។

លោកថា «សំណូមពរឲ្យគ្រឹះស្ថានទាំងអស់ ដែលជាសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺឈប់យក់ឯកសារនឹងធ្វើជាវត្ថុបញ្ចាំទៅ ពីព្រោះវាជាឯកសារផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋគួរតែមានឯកសារនឹងនៅជាប់ខ្លួនជាមួយគាត់សម្រាប់ប្រើប្រាស់តាមផ្លូវការរបស់គាត់ដែលត្រូវប្រើប្រាស់ ដូចជាក្នុងពេលឆាប់ៗនេះ។​ គាត់ត្រូវការឯកសារនឹង ដើម្បីទៅចូលរួមក្នុងការបោះឆ្នោតចឹងគាត់ចាំបាច់ត្រូវតែមានឯកសារហ្នឹង គ្រប់គ្រឹះស្ថានទាំងអស់មិនគួរយកឯកសារហ្នឹង មកធ្វើជាវត្ថុបញ្ចាំទេ»។

អគ្គនាយកធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី គាំទ្រចំពោះសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ ដោយថា ធនាគារលោកមិនអាចយកអត្តសញ្ញណប័ណ្ណធ្វើជាទ្រព្យធានានោះទេ។

លោកថា «តាមផ្លូវច្បាប់មិនអាចយកអត្តសញ្ញណបណ្ណ មិនអាចយកសៀវវភៅគ្រួសារធ្វើជាទ្រព្យធានាទេ  ព្រោះឯកសារទាំងអស់នេះ​ជាឯកសារផ្ទាល់ខ្លួនដូចខ្ញុំបានបញ្ជាក់ខាងដើមចឹង ព្រោះគេត្រូវការប្រើប្រាស់ក្នុងការធ្វើដំណើរ ក្នុងការបានអ្វីៗសម្រាប់ប្រើប្រាស់ដែលពាក់ព័ន្ធជាមួយសៀវភៅគ្រួសារ គេត្រូវមានឯកសារដើមរបស់គេ ។ យើងទុកនៅក្នុងឯកសារក្នុងបញ្ជីរបស់យើងទុកតែសំណៅ Copy ទេ យើងយកជា Copyទេ​ ដើម្បីធ្វើជាអំណះអំណាន ថាអតិថិជននឹងឈ្មោះហ្នឹង យើងទុកតែឯកសារ Copyយើងមិនដែលទុកឯកសារដើមទេ ទុកនេះមិនមែនធ្វើជាទ្រព្យធានាទេ»។

អ្នកប្រឹក្សាយោបល់ឯករាជ្យ លោក ង៉ែត​ ជូ មានប្រសាសន៍ថា ដើម្បីឲ្យការអនុវត្ត មានប្រសិទ្ធភាពនោះ រដ្ឋាភិបាលគួរតែឲ្យមានប្រព័ន្ធទូស័ព្ទ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើការទំនាក់ទំនងមកធនាគារជាតិនិងចាត់ក្រុមការងារឲ្យចុះត្រួតពិនិត្យដល់ទីកន្លែងរបស់គ្រឹះស្ថានទាំងអស់នោះ ទើបមានប្រសិទ្ធភាព។

លោកថា«ពិនិត្យទៅលើបញ្ជីស្នាម ពិនិត្យទៅកិច្ចសន្យាខ្ចីប្រាក់អីជាដើមជាទូទៅ គាត់មានភ្ជាប់មកជាមួយនូវអ្វីខ្លះដែលជាទ្រព្យធានា។ ក្នុងនោះបើយកអត្តសញ្ញណបណ្ណមកប្រាកដជាមានថាបានទទួលយកអត្តសញ្ញណបណ្ណរបស់ប្រជាពលរដ្ឋដែលជាអតិថិជនចឹង។ ខ្ញុំជឿជាក់ថាយន្តកាលពីរនេះ ជាយន្តកាលធ្វើផ្ទាល់ ធ្វើដោយជាក់ស្ដែងហើយនិងមានប្រសិទ្ធភាព​ បើសិនគ្រាន់តែចេញលិខិតបញ្ជា ឬប្រកាសរបស់ធនាគារជាតិមួយសន្លឹកគឺគ្មានប្រសិទ្ធភាពទេ»។

លោកបន្តថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលយកអត្តសញ្ញណប័ណ្ណភាគច្រើនគ្មានអាជ្ញាប័ណ្ណ ប៉ុន្តែ​មានការចុះបញ្ជីជាប្រតិបត្តិករឥណទានឬមិនបានចុះបញ្ជី ដែលដើរតួនាទីជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក។

ការសេចក្ដីជូនណឹងរបស់ធនាគារជាតិកម្ពុជានេះ ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតប្រមាណ៣០ម៉ឺននាក់ មិនមានអត្តសញ្ញាណប័ណ្ណ ដោយសារ ពួកគេយកអត្តសញ្ញណប័ណ្ណទៅដាក់បញ្ចាំដើម្បីខ្ចីប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ