គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចមិនឲ្យមានការចាក់ផ្សាយសេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី ក្នុងការឃោសនាបោះឆ្នោតនៅពេលនេះទេ ដោយថាអតីតបរប្រធានបក្សប្រឆាំងរូបនេះជាទណ្ឌិត។
ក្នុងលិខិតចុះថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧ សរសេរថា៖ គ.ជ.ប សម្រេចមិនទទួលយកវីដេអូស្ប៉តទី៣ របស់គណបក្សសង្គ្រោះជាតិ សម្រាប់ធ្វើការចាក់ផ្សាយនោះទេ ដោយហេតុថា ក្រសួងព័ត៌មានពុំដែលអនុញ្ញាតឲ្យទូរទស្សន៍ជាតិកម្ពុជា (ទទក) ចាក់ផ្សាយវីដេអូសេចក្តីថ្លែងការណ៍របស់ទណ្ឌិតនោះឡើយ។
វីដេអូដែលគណបក្សសង្គ្រោះជាតិស្នើទៅគ.ជ.ប ផ្សព្វផ្សាយនោះ ជាវីដេអូ ដែលជាសេចក្តីថ្លែងការណ៍ផ្ទាល់មាត់របស់លោក សម រង្ស៊ី ដែលមានរយៈពេល៧នាទី ទាក់ទងនឹងគោលនយោបាយរបស់បក្សនេះ ក្នុងការឃោសនាបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ ដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់លោកសម រង្ស៊ី កាលពីថ្ងៃទី១៩ ឧសភានេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ យល់ថាការចោទលោក សម រង្ស៊ី ជាទណ្ឌិត និងហាមមិនឲ្យចាក់សេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី ថាជាចេតនារបស់គណបក្សកាន់អំណាច តាមរយៈក្រសួងព័ត៌មាន។
លោកថា៖ «ក្រសួងព័ត៌មានគ្រប់គ្រង ដោយគណបក្សប្រជាជន ហើយគណបក្សប្រជាជនខ្លាចឯកឧត្តម សម រង្ស៊ី ខ្លាំងណាស់ មិនហ៊ានឲ្យគាត់ចូលប្រកួតនៅក្នុងការបោះឆ្នោតទេ ដោយយកលេសថាទណ្ឌិត ប៉ុន្តែបើសួរសំណួរឲ្យជ្រៅជាងហ្នឹងទៅទៀត គឺតុលាការខ្មែរមិនឯករាជ្យ តុលាការខ្មែរធ្វើសេចក្តីសម្រេចទៅតាមឥទ្ធិពលរបស់គណបក្សនយោបាយ ពីថ្នាក់ដឹកនាំនយោបាយដូច្នេះហើយបានជា ពាក្យដែលថាទណ្ឌិតមួយម៉ាត់នេះ ចំពោះមនុស្សមួយក្រុមតូចគេថាទណ្ឌិត តែចំពោះប្រជារាស្ត្រខ្មែរដ៏ច្រើនលើសលប់ ចាត់ទុកឯកឧត្តមសម រង្ស៊ី ជាអ្នកស្នេហាជាតិដែលគួរឲ្យគោរពបំផុត »។
ទោះជាយ៉ាងណា បើតាម លោក យឹម សុវណ្ណ គណបក្សសង្រ្គោះជាតិនឹងរកមធ្យោបាយផ្សេងដើម្បី ធ្វើការផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ លោក សម រង្ស៊ី ដោយសំអាងថាលោក សម រង្ស៊ី មានចេតនាចង់ជួយដល់ប្រទេសជាតិ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ១១ កុម្ភះ ឆ្នាំ២០១៧អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានសម្រេចប្រកាសលាលែងពីតំណែងជាប្រធានបក្ស គឺបន្ទាប់ពីលោក ហ៊ុន សែន ជំរុញឲ្យកែប្រែមាត្រាមួយចំនួននៃច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងបំណងមិនឲ្យជនជាប់ពិរុទ្ធអាចក្លាយជាប្រធានគណបក្សនយោបាយ។
លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជាកាត់ទោសជាច្រើនករណី ក្នុងនោះកាលពីថ្ងៃទី៣០ មីនា សាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្តីលោក ហ៊ុន សែន ដោយឲ្យអតីតប្រធានបក្សប្រឆាំងរូបនេះ ជាប់ពន្ធនាគារ ១ឆ្នាំ ៨ខែ ពាក់ព័ន្ធនឹងបណ្តឹងដែលថាលោក សម រង្ស៊ី បានចោទរដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ក្រៅពីនេះក៏មានបណ្តឹងជាច្រើនទៀតដែលកំពុងដំណើរការនៅតុលាការ៕