ការបំផ្ទុះគ្រាប់បែកអាចពន្យារពេលបោះឆ្នោតនៅថៃ

មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា បើបញ្ហាផ្លូវច្បាប់ និង អសន្តិសុខមានការបំផ្ទុះគ្រាប់បែក និង ការគំរាមកំហែងផ្សេងៗនៅតែបន្តនោះ ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ អាចនឹងមានការព្យារពេលបន្តទៀត ដោយមិនកំណត់ពេលណាមួយនោះទេ។

កាលពីថ្ងៃចន្ទមន្ទីរពេទ្យមួយ នៅកណ្តាលទីក្រុងបាងកក មានករណីបំផ្ទុះគ្រាប់បែក បណ្តាលឲ្យមនុស្ស២៤នាក់ រងរបួស ពេលសមត្ថកិច្ចកំពុងប្រមូលភស្តុតាងស្វែងរកជនបង្ក។​ លោក ប្រាយុទ្ធ ចាន់អូចា លើកឡើងកាលពីថ្ងៃអង្គារម្សិលមិញ ក៏យោងឡើង ពីករណីផ្ទុះគ្រាប់បែកក្នុងមន្ទីរពេទ្យកាលពីថ្ងៃចន្ទនេះដែរ ខណៈប្រទេសថៃនៅភាគខាងត្បូងមានការផ្ទុះអាវុធជាបន្តបន្ទាប់រវាងកម្លាំងរដ្ឋាភិបាល និង ក្រុមបះបោរផ្តាច់ខ្លួន​កាន់សាសនាឥស្លាម។​ នេះបើតាសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។​

លោក ប្រាយុទ្ធបញ្ជាក់ថា បើសិនជាបញ្ហានៅក្នុងសង្គម​រួមមាន ការបំផ្ទុះគ្រាប់បែកអាចក្លាយទៅជាសង្គ្រាមសព្វាវុធ ជម្លោះក្រុមមនុស្សនិន្នាការផ្សេងគ្នា និង បញ្ហាផ្សេងទៀត នោះលោកថា ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ នឹងអាចពន្យារពេលបន្តទៅមុខទៀតសិន។​

ក្រោយហេតុការណ៍ផ្ទុះអាវុធនេះ បណ្តាញទំនាក់ទំនងសង្គមមួយចំនួនថា ការផ្ទុះគ្រាប់បែកនៅកណ្តាលក្រុងបាងកកនោះគឺរដ្ឋាភិបាលលោក ប្រាយុទ្ធជាធ្វើដើម្បីពន្យារការបោះឆ្នោត ហើយនៅគ្រងអំណាច។ ជុំវិញបញ្ហានេះ លោក ​ប្រាយុទ្ធ បានច្រានចោលការលើកឡើង ហើយរដ្ឋាភិបាលមិនធ្វើសកម្មភាពឆ្អួតលីលាបែបនេះទេ ហើយថា លើកលែងតែមានអ្នកធ្វើមានបំណងទម្លាក់កំហុសដាក់រដ្ឋាភិបាល។

ក្រុមយោធា ដែលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា បានធ្វើរដ្ឋប្រហារគ្រប់គ្រងអំណាចនៅថៃ បន្ទាប់ពីមានបញ្ហាចលាចលនយោបាយ ហើយក្រោមការគ្រប់គ្រងរបស់លោក​ប្រាយុទ្ធរងការចោទថា មានការរំលោភសិទ្ធិមនុស្ស ច្រើន។ លោកប្រាយុទ្ធ ចាន់អូចា ធ្លាប់លើកឡើងថា លោក​ប្រារម្ភពីបញ្ហាសន្តិសុខប្រទេសរបស់លោក ជាងបារម្ភបញ្ហាលទ្ធិប្រជាធិបតី និង សិទ្ធិមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ