ទូតអាមេរិកបដិសេធការចោទរបស់លោក ឈាង វុន ដែលថាអាមេរិកនៅពីក្រោយបដិវត្តន៍ពណ៌

អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា​ លោក​ ឈាង វុន

ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) បានច្រាលចោលការចោទប្រកាន់របស់មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាម្នាក់ ដែលថា ​សហរដ្ឋមេរិកជាអ្នកនៅពីក្រោយចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាលកម្ពុជា។

ក្នុងសារអេឡិចត្រូនិចឆ្លើយតបនឹងសំណួរ VOD កាលពីល្ងាចម្សិលមិញ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Jay Raman បានបដិសេធការចោទប្រកាន់របស់លោក ឈាង វុន ដោយបញ្ជាក់ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺមិនលម្អៀងទៅរកគណបក្សណាមួយទេ និងធ្វើការទាំងជាមួយបក្សកាន់អំណាច និងបក្សប្រឆាំង ដើម្បីគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា»។

នេះការបញ្ជាក់របស់អ្នកនាំពាក្យស្ថានទូតអាមេរិក ទៅនឹងការចោទប្រកាន់របស់ លោក​ ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលថាសហរដ្ឋអាមេរិកបានជួយបណ្ដុះបណ្ដាល និងគាំទ្រចលនាបដិវត្តន៍ពណ៌ តាមរយៈវិទ្យាស្ថានជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ (IRI) វិទ្យាស្ថាន Freedom House និងវិទ្យាស្ថាន Open Society ។ លោកបានបន្ថែមក្រោយបទបង្ហាញថា៖«មានអ្នកមុខអ្នកការរបស់សហរដ្ឋអាមេរិក ក្នុងហ្នឹងមានអង្គការមូលនិធិរបស់អាមេរកាំង មាន Freedom House  មាន NDI មាន IRI មានស្អីៗអញ្ចឹង ហើយអង្គការក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរ ក៏គេបង្កើតសម្រាប់អញ្ចឹង នៅពីក្រោយនោះ រដ្ឋាភិបាលអាមេរិកាំង តាមរយៈអង្គការមូលនិធិផ្សេងៗ»។

នាយកគ្រប់គ្រងប្រចាំតំបន់នៃវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោក John Cavanaugh បានច្រានចោលការលើកឡើងនេះ ដោយថាវិទ្យាស្ថាន NDI គឺមិនលម្អៀងទៅរកគណបក្សណាមួយទេ និងថា អស់រយៈពេលជាង២៥ឆ្នាំហើយ ដែលវិទ្យាស្ថានមួយនេះបានធ្វើការសហការជាមួយបណ្ដាគណបក្សនយោបាយធំៗនៅកម្ពុជា អង្គការសង្គមស៊ីវិល រួមទាំងដៃគូពាក់ព័ន្ធផ្សេងៗ ដើម្បីពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ និងផលប្រយោជន៍របស់ពលរដ្ឋកម្ពុជា ដែលជាម្ចាស់ឆ្នោត។

ក្រៅពីចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវិទ្យាស្ថានបរទេសទាំងនេះ លោក​ ឈាង វុន បានរាលដាលបន្ដចោទលើអ្នកវិភាគឯករាជ្យ បណ្ដាញសារព័ត៌មានដែលលោកថាប្រឆាំងរដ្ឋាភិបាល អ្នកតវ៉ាជម្លោះដីធ្លី អ្នកឃ្លាំមើលការបោះឆ្នោត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំ។

លោក​ ឈាង វុន ក៏បានចោទគណបក្សប្រឆាំងថា បានចូលរួមក្នុងបដិវត្តន៍ពណ៌នេះដែរ តាមរយៈការដឹកនាំបាតុកម្មកាលពីឆ្នាំ២០១៣ និងការថ្លែងសារនយោបាយ ដូចជា «ហ៊ុន សែន អើយ ចុះចេញទៅ» «ដូរឬមិនដូរ» និង «បើមិនចុះចេញទេ អង្រន់ទាល់តែធ្លាក់»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានរិះគន់ការលើកឡើងនេះថា រដ្ឋាភិបាលហាក់កំពុងភ័យខ្លាចស្រមោលអាក្រក់ខ្លួនឯង និងមិនហ៊ានទទួលស្គាល់ការពិតថា ពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់ខ្លួនហើយ។ លោកថា លោកមិនខ្វល់ពីពាក្យ «បដិវត្តន៍ពណ៌» នេះទេ ដោយថា មានតែការបោះឆ្នោតខាងមុខប៉ុណ្ណោះ ជាអ្នកសម្រេចជោគវាសនាជាតិទាំងមូល។

ចំពោះសាស្ដ្រាវិទ្យាសាស្ដ្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា ការលើកឡើងរបស់មន្ដ្រីរដ្ឋាភិបាលហាក់បង្ហាញថា ពួកគេកំពុងព្រួយបារម្ភពីការបាត់បង់អំណាច តាមរយៈរលកប្រជាធិបតេយ្យដែលកំពុងងើបឡើងនៅកម្ពុជា ដោយលោកថា សហរដ្ឋអាមេរិកជាអ្នកផ្ដល់មូលនិធិសំខាន់មួយដល់ក្រុមអង្គការសង្គមស៊ីវិល ក្នុងគោលបំណងជំរុញការគោរពសិទ្ធិមនុស្ស។

កាលពីថ្ងៃទី១៩ឧសភាកន្លងទៅ រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោកស្រី Alicia Edwards មានប្រសាសន៍ថា សហរដ្ឋអាមេរិកទទូចឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើយ៉ាងណាធានាឲ្យបាននូវសិទ្ធិនយោបាយ ដោយចៀងវាងការគំរាមកំហែង បំភិតបំភ័យ និង ត្រូវគោរព សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជាទាំងអស់ ខណៈការបោះឆ្នោតឃុំសង្កាត់កំពុងខិតចូលមកដល់។

ក្រោមលេសទប់មិនឲ្យមានបដិវត្តន៍ពណ៌ រដ្ឋាភិបាលបានចាប់ឃុំខ្លួនមនុស្សមួយចំនួនដាក់ពន្ធនាគារ ដូចជា អ្នកតវ៉ាតំបន់បឹងកក់អ្នកស្រី ទេព វន្នី សកម្មជនការពារបរិស្ថានលោក គង់ រ៉ៃយ៉ា និងលោក គឹម សុខ អ្នកវិភាគនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ