សង្គមស៊ីវិល៖ ការប្រតិកម្មខុសពីការពិតធ្វើឲ្យរដ្ឋាភិបាលបន្តបាត់បង់ការគាំទ្រ

អង្គការសង្គមស៊ីវិលនិងអ្នកឃ្លាំមើលការបោះឆ្នោតអះអាងប្រហាក់ប្រហែលគ្នាថា រដ្ឋាភិបាលនិងបន្តធ្លាក់ចុះប្រជាប្រិយភាព បើមន្ត្រីរបស់ខ្លួននៅតែចាត់ទុកសកម្មភាពអង្គការមួយចំនួនដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស ថាជាអ្នកធ្វើរបាយរណ៍ភូតកុហកមាននិន្នាការប្រឆាំងនោះ។

កាលពីថ្ងៃទី១៤ខែមិថុនាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញថាអ្នកការពារសិទ្ធិមនុស្សនៅពេលនេះកំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងគួរឲ្យព្រួយបារម្ភ ខណៈការបោះឆ្នោតជិតចូលមកដល់។

ក្នុងសេចក្តីថ្លែងការណ៍នោះបានលើកឡើងថារដ្ឋាភិបាលមានចេតនាបង្កើតឲ្យមានបរិយាកាសភ័យខ្លាច ដើម្បីបំបិទសំឡេងអ្នកជំទាស់ ខណៈការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ជិតមកដល់។

ភាពភ័យខ្លាចដែល(CCHR)លើកយកមកសំអាងក្នុងសេចក្តីថ្លែងការណ៍នោះគឺការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស៤នាក់នៅសមាគមអាដហុក ការចាប់ឃុំខ្លួនមន្ត្រី គ.ជ.ប ម្នាក់ ការប្តឹងអ្នកវិភាគព្រឹត្តិការណ៍សង្គមលោក អ៊ូ វីរៈ ការចាប់ឃាត់ខ្លួនអ្នកមានជម្លោះដីធ្លី២១នាក់ ក្នុងរយៈខ្លីដែលតវ៉ាដោយសន្តិវិធីក្នុងយុទ្ធនាការពាក់អាវពណ៌ខ្មៅនាប៉ុន្មានសប្តាហ៍នេះ។

មួយវិញទៀតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកថាច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងដាក់ឲ្យប្រើប្រាស់ពេលនេះ អង្គការនោះថាជាផ្នែកមួយទៀតសម្រាប់ឲ្យរដ្ឋាភិបាលចាត់វិធានការទៅលើសកម្មភាពលើកស្ទួយសិទ្ធិមនុស្សណាដែលលិចធ្លោដូចជាវិធានការពិន័យនិងរំលាយអង្គការជាដើម។

ក៏ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លូនរបស់លោកកាលពីថ្ងៃទី២២ខែមិថុនាបានចាត់ទុករបាយការណ៍នោះថាមិនមែនជាមូលដ្នានក្នុងភាពជាអ្នកចូលរួមក្នុងការអភិវឌ្ឍដោះស្រាយបញ្ហាក្នុងសង្គមដែលបានវិវត្តន៍ ហើយតែងតែជួបនិងឧបសគ្គនោះទេ តែលោកថារបាយការណ៍នោះជាការប្រឌិតនិងបំពាននូវដែនសមត្ថភាពរបស់រាជរដ្ឋាភិបាលឬតុលាការដូចមានចែងនៅក្នុងច្បាប់ជាធរមានរបស់កម្ពុជា។

លោក ផៃ ស៊ីផាន បានរិះគន់បកវិញថាការវាយតម្លៃពីចំណាត់ការរបស់តុលាការ លោកថាមិនមែនជាដែនសមត្ថកិច្ចរបស់អង្គការមិនមែនរដ្ឋាភិបាលទេ ប៉ុន្តែលោកថាសង្គមស៊ីវិលទាំងនោះមានទិសដៅពិតប្រាកដប្រឆាំងតុលាការនិងរដ្ឋ។

អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថាការប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាល មកលើរបាយការណ៍របស់អង្គការសង្គមស៊ីវិលដែលតែងតែជំរុញឲ្យមានការកែលម្អលើចំនុចខ្វះខាតនោះ លោកថាមិនមែនជារឿងថ្មីទេដោយសារតែព័ត៌មានអវិជ្ជមានខ្លះធ្វើឲ្យសាធារណជននិងសហគមន៍អន្តរជាតិខ្លះបាត់បង់ជំនឿទៅលើរដ្ឋាភិបាល។

ប៉ុន្តែលោកថាដើម្បីកាត់បន្ថយការិះគន់និងការផ្តល់អនុសាសន៍របស់អង្គការសង្គមស៊ីវិលនិងពីមជ្ឈដ្ឋាននានា លោកថារដ្ឋាភិបាលត្រូវធ្វើឲ្យពលរដ្ឋជឿបានថាប្រតិកម្មរបស់រដ្ឋាភិបាលបានឆ្លុះបញ្ចាំងទៅនឹងទង្វើជាក់ស្តែងនោះទើបអាចទាក់ទាញប្រជាប្រិយភាពឡើងវិញបាន។

លោកថា៖ «ខ្ញុំគិតថាវាជាការចំណេញទៅវិញទេ បើគេរិះគន់ហើយយើងធ្វើការស្ថាបនាកែតម្រូវ អាហ្នឹងធ្វើឲ្យមានទំនុកចិត្ត ហើយមានប្រជាប្រិយភាពជាមួយប្រជាពលរដ្ឋ ហើយទាក់ទងនឹងការបោះឆ្នោតក៏វាមានផលចំណេញដែរ។ ប៉ុន្តែអ្វីដែលគេរិះគន់ហើយ យើងមិនបានកែប្រែ អាហ្នឹងវានឹងខាតផលប្រយោជន៍ប្រជាប្រិយភាពផ្នែកនយោបាយហ្នឹងដែរ បាទ!»។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣កន្លងទៅ គណបក្សប្រជាជនកម្ពុជាដែលមានអាសនៈ៩០ក្នុងសភាបានធ្លាក់ចុះនៅត្រឹម៦៨វិញដោយបាត់បង់អស់២២អាសនៈ។ ករណីធ្លាក់ចុះនេះត្រូវបានវិទ្យាស្ថានអន្តរជាតិរបស់សហរដ្ឋអាមេរិកមួយប្រចាំកម្ពុជានាពេលនោះរកឃើញថា ដោយតែរដ្ឋាភិបាលមិនអាចទប់ស្កាត់បានការបំផ្លាញធនធានធម្មជាតិដូចជាព្រៃឈើនិងរ៉ែ អំពើពុករលួយ ជម្លោះដីដែលកើតចេញពីប្រព័ន្ធយុត្តិធម៌មិនឯករាជ្យជាដើម។

អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាហៅ CHRAC លោក សួន ប៊ុនស័ក្តិ លើកឡើងថាប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលអាចមកពីមន្ត្រីសង្គមស៊ីវិលនៅតែបន្តរកឃើញភាពខ្វះចន្លោះលើវិធានការច្បាប់ ហើយចង់ឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់។

លោក សួន ប៊ុនស័ក្តិ លើកឡើងទៀតថាដើម្បីកាត់បន្ថយនៃការខ្វែងគំនិតគ្នានេះ លោកថាលុះណាតែប្រព័ន្ធនៃការអនុវត្តច្បាប់ហ្នឹងមានភាពរឹងមាំ។

លោកថា៖ «ខ្ញុំគិតថាបើយើងយកមូលដ្ឋាននីតិរដ្ឋឲ្យបានច្បាស់លាស់មកធ្វើជាបន្ទាត់ជាស្តង់ដារក្នុងការបកស្រាយបានម៉ត់ចត់ឲ្យបានច្បាស់លាស់ខ្ញុំគិតថាការបកស្រាយការរកឃើញមិនខុសគ្នាទេ ហើយបញ្ហាមួយទៀតអាចមកពីភាគីខាងណាមួយ”។

លោកបន្តថា៖ “ឧទាហរណ៍ភាគីខាងរដ្ឋមិនបានបកស្រាយច្បាប់មិនបានយកច្បាប់ជាបទដ្ឋានហ្នឹងមកធ្វើឲ្យបានមាំទាំ ហើយផ្តេកផ្តួលទៅតាមស្មារតីច្បាប់ឲ្យបានច្បាស់លាស់ អញ្ចឹងហើយបានជាមានចន្លោះប្រហោងអញ្ចឹងទៅ ហើយអាចថាអ្នកជំនាញផ្នែកច្បាប់របស់អង្គការសង្គមស៊ីវិលមើលឃើញផ្សេងអញ្ចឹងទៅ។ ដូច្នេះសរុបសេចក្តីទៅមូលហេតុនៃការខ្វែងហ្នឹងដោយសារតែការបកស្រាយហ្នឹងខុសគ្នាទៅលើបទដ្ឋានច្បាប់ទៅលើបន្ទាត់ច្បាប់តែមួយទេ»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅនិចហ្វិច លោក សំ គន្ធាមី លើកឡើងថាស្ថានការសិទ្ធិមនុស្សនិងស្ថានការនយោបាយនៅពេលនេះ លោកថាពិតជាស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភដល់ដំណើរការបោះឆ្នោតខាងមុខ។ លោកថាបើគណបក្សទាំងពីរនៅតែមិនវិលទៅរកតុចរចា ដើម្បីរកដំណោះស្រាយផ្នែកនយោបាយនោះ។

លោកថា៖ «យើងគិតមើលនៅថ្ងៃទី១ខែ៩[ខែកញ្ញា] ដំណើរការចុះឈ្មោះបោះឆ្នោតចាប់ផ្តើមដូច្នេះដំណើរការបោះឆ្នោតហ្នឹងចាប់រាប់ពីពេលហ្នឹងទៅហើយ ដូច្នេះសភាពការនយោបាយគួររក្សាឲ្យមានភាពស្ងប់ស្ងាត់បំផុត ដើម្បីធានាដល់គោលការណ៍បោះឆ្នោត បាទ!»។

បើទោះបីជារដ្ឋាភិបាលអះអាងថាកម្ពុជាគ្មានកម្តៅនយោបាយក៏ដោយ ប៉ុន្តែកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៦អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសម្តែងការព្រួយបារម្ភពីរបាយការណ៍នៃការបំភិតបំភ័យ ការយាយី និងការចាប់ខ្លួន មន្រ្តីសង្គមស៊ីវិល សមាជិក គ.ជ.ប ការចាប់ឃុំខ្លួនសមាជិកបក្សប្រឆាំង និងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយ។

លោក បាន គីមូន បង្ហាញក្តីសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញរួមមានសេរីភាពនៃការបញ្ចេញមតិសមាគមនិងការប្រមូលផ្តុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ