លោក​ ហ៊ុន សែន ទៅបង់ប្រាក់ផាកពិន័យល្មើសច្បាប់ចរាចរណ៍នៅព្រឹកនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង់ប្រាក់ផាកពិន័យល្មើសច្បាប់ចរាចរណ៍ (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះបានទៅបង់ប្រាក់ផាកពិន័យករណីអំពើល្មើសច្បាប់ចរាចរណ៍ ដែលលោកបានជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនៅក្នុងខេត្តកោះកុងកាលពីថ្ងៃទី១៨ខែមិថុនា។

នៅម៉ោងជាង៧ព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជិះម៉ូតូចេញពីផ្ទះរបស់លោកនៅក្បែរវិមានឯករាជ្យឆ្ពោះទៅប៉ុស្តិ៍នគរបាលចតុមុខដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ ដើម្បីបង់ប្រាក់ពិន័យចំនួន១៥ ០០០ រៀល។

បង្កាន់ដៃផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ លោក ស៊ុន ណែម បានពិន័យលោកនាយករដ្ឋមន្ត្រីចំនួន១៥ ០០០រៀល និងបានឲ្យលោកបង់ប្រាក់ពិន័យនេះនៅក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរទៅគោរពវិញ្ញាណក្ខន្ធលោក សាយ ភូថង មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តត្រាត ប្រទេសថៃ និងបានឆ្លងកាត់ស្ពានស្រែអំបិលខេត្តកោះកុងនៅថ្ងៃទី១៨ ខែមិថុនា លោកបានជួបនិងចុះជិះម៉ូតូជាមួយបុរសម្នាក់ដែលលោកថាជាអ្នករត់ម៉ូតូឌុប។ នៅពេលនោះលោកនាយករដ្ឋមន្ត្រីជាអ្នកបើកម៉ូតូ ចំណែកម្ចាស់ម៉ូតូជាអ្នកជិះពីក្រោយ ហើយអ្នកទាំងពីរមិនបានពាក់មួកសុវត្ថិភាពនោះទេ រីឯម៉ូតូទៀតសោតក៏គ្មានផ្លាកលេខដែរ។

ជាការឆ្លើយតបនឹងការផាកពិន័យនេះ លោកនាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២២ ខែមិថុនា បានសរសេរលើទំព័រហ្វេសប៊ុកលោកថា លោកនឹងបង់ប្រាក់ផាកពិន័យនេះនិងថាលោកក៏បង់ប្រាក់ផាកពិន័យជំនួសម្ចាស់ម៉ូតូផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ