កីឡាករកម្ពុជាព្រមានថៃក្នុងឱកាសជាន់ដីកម្ពុជាលើកដំបូង

កាលពីយប់ថ្ងៃអាទិត្យទី២៣កក្កដា ម្សិលមិញ កីឡាវ័យក្មេង គង់ ហូវ បានបើកការប្រកួតធ្វើអោយអ្នកទស្សនាត្រូវចិត្តយ៉ាងខ្លាំង ក្នុងជំនួបអន្តរជាតិជាមួយកីឡាករថៃមួយរូប ដែលទើបមានមុខមកប្រកួតនៅកម្ពុជា។ ការប្រកួតរបស់គូនេះ កីឡាករថៃវាយចេញបានល្អយ៉ាងខ្លាំង តែនៅតែរងការព្រមានទាល់តែបាននៅវគ្គចុងក្រោយ។

ការប្រកួតដែលបានធ្វើឡើងនៅវេលាម៉ោងជិត១០យប់នៅសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍នេះ គ្មានអ្នកណាមិនចាប់អារម្មណ៍ចំពោះការប្រកួតរវាងកីឡាករកម្ពុជា គង់ ហូវ និងកីឡាករថៃ Banda Sak ដោយសារតែអ្នកទាំងពីរបើកឆាកប្រយុទ្ធយ៉ាងញាក់សាច់ដាក់គ្នា។ អ្នកទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករ សុទ្ធតែបានសាទរចំពោះការប្រកួតអន្តរជាតិមួយនេះ។

គាប់ជួនជាកីឡាករម្ខាងៗសុទ្ធតែបើកឆាកប្រយុទ្ធដាក់គ្នាទៅវិញទៅមកបានល្អ មិនខ្វល់ពីរឿងគ្រោះថ្នាក់នោះផង គឺរឹតតែធ្វើអោយការឆាកប្រយុទ្ធរវាងកីឡាករទាំងពីរទាក់ទាញ។

កីឡាករកម្ពុជា គង់ ហូវ និងគូប្រកួត គឺជាភាគី២រូប ដែលមានចំណែកធ្វើអោយព្រឹត្តិការណ៍ទាំងមូលទាក់ភ្នែកមហាជន ព្រោះតែបានបញ្ចេញសកម្មភាពប្រកួតស៊ីសាច់ហុតឈាមដាក់គ្នាទៅវិញទៅមកនៅយប់ថ្ងៃអាទិត្យនោះ។ អ្នករៀបចំការប្រកួត លោក ញាណ សុធី បានបង្ហាញទឹកចិត្តរំភើបយ៉ាងខ្លាំងក្នុងពេលដែលភាគីទាំងពីរធ្វើអោយសង្វៀនរបស់ខ្លួនកក្រើកនិងជក់ចិត្ត។ លោកអះអាងថា កីឡាករកម្ពុជា និងថៃទាំង២ ត្រូវបានលោករៀបចំអោយប៉ះគ្នា ដោយសារតែមើលឃើញថាកីឡាករថៃ Banda Sak ដែលមិនធ្លាប់បង្ហាញមុខនៅស្រុកខ្មែរនោះ មានថ្វីដៃល្អ ដែលមានតែដាក់កីឡាករវ័យក្មេង គង់ ហូវ ទើបអាចទប់ជាប់។

មុនពេលការប្រកួតចាប់ផ្ដើម លោកមិនហ៑ានរំពឹងលើកីឡាករកម្ពុជា១០០ភាគថានឹងឈ្នះនោះទេ បើទោះជាគេជាជើងខ្លាំងប្រចាំក្លិបក្រសួងការពារជាតិ ដែលមានប្រវត្តិវាយឈ្នះជើងខ្លាំងបរទេសច្រើននាក់មកហើយ។ ម្យ៉ាងមកពីកីឡាករ Banda Sak គឺជាកីឡាករល្បីឈ្មោះមួយរូបនៅក្នុងប្រទេសថៃ ដោយសារតែការប្រកួតរបស់គេនៅក្នុងប្រទេសថៃចុងក្រោយ គឺមានកីឡាករតិចបំផុតវាយឈ្នះ និងបានទស្សនាការប្រកួតតរបស់គេក្នុងវីដេអូឃ្លីប គឺគេរហ័សញាក់សាច់។ លោកថាការសម្រេចចិត្តដាក់ កីឡាករ គង់ ហូវ អោយស្វាគមន៍គេ គឺជារឿងត្រឹមត្រូវ បន្ទាប់ពីបើកឆាកយុទ្ធ៥ទឹក ហើយកីឡាករថៃដែលអ្នកណាៗក៍ឃើញថាមានបច្ចេកទេសល្អបែរខកបំណង មិនខុសពីរងការព្រមានក្នុងឱកាសឡើងមកប្រកួតលើកដំបូងនៅកម្ពុជា។

លោកពេញចិត្តដែលអ្នកទាំងពីរអាចអង្រួនព្រឹត្តិការណ៍របស់ខ្លួនអោយអ្នកគាំទ្រជក់ចិត្ត ក្នុងពេលដែលព្រឹត្តិការណ៍នោះគឺបញ្ចប់ការប្រកួតដល់ម៉ោងជាង១០យប់ ក៍នៅតែមានអ្នកនៅទស្សនា។ ក្នុងទឹកទី៥ បើទោះជាមើលទៅ គង់ ហូវ រាងបាក់កម្លាំងបន្តិច តែគេនៅមានសំណាងម្ដងៗ វ័ធត្រូវគោលដៅ ដែលនាំអោយលទ្ធផលការប្រកួតចុងក្រោយ គឺឈ្នះកីឡាករថៃបើទោះជាការឈ្នះពិន្ទុនៅក្នុងពេលនោះឈ្នះដោយសំឡេងមិនឯកច្ឆន្ទ។ លោក ញាណ សុធី ប្រកាសថានឹងមានគម្រោងអោយអ្នកទាំងពីរឡើងប្រកួតគ្នាជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗ ដើម្បីអោយកីឡាករថៃបានសងសឹកផង និងចង់ដឹងថាបើអ្នកទាំងពីរប៉ះគ្នាជាថ្មីម្ដងទៀត តើគង់ ហូវ នៅតែឈ្នះដដែលឬមានលទ្ធក្រឡាប់ចាក់វិញ។ ប្រវត្តិរបស់គូនេះលោកថា កីឡាថៃ ធ្លាប់ប្រកួត៥៨លើក ឈ្នះ៥០លើក ចាញ់៦លើក និងស្មើ២លើក ក្នុងពេលដែលកីឡាករកម្ពុជា ធ្លាប់ប្រកួតដល់ទៅ៤៦លើក ឈ្នះ៣៨លើក និង ចាញ់៨លើក។

នៅក្នុងការប្រកួតនោះដែរ សម្រាប់កីឡាករ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែនខេត្តកណ្ដាល
បានត្រឹមតែស្មើប៉ុណ្ណោះជាមួយកីឡាករថៃ Chai Suo ក្រោយការតស៑ូ៥ទឹក។ លោកថាប្រវត្តិប្រកួតរបស់គូនេះ
កីឡាករថៃធ្លាប់ប្រកួត១០០លើក ឈ្នះ៨៩លើក ចាញ់១០លើក និងស្មើ១លើក រីឯកីឡាករកម្ពុជាធ្លាប់ប្រកួតរហូតដល់៩៥លើក ឈ្នះ៧៥លើក ចាញ់១៨លើក និងស្មើ២លើក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ