ក្រសួងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺផ្តាសាយថ្មី H7N9

ក្រសួងសុខាភិបាលព្រមានថា ជំងឺផ្តាសាយបក្សីថ្មីមួយប្រភេទទៀត(H7N9)អាចនឹងកើតមាន​ឡើង​នៅ​កម្ពុជា ខណៈ​ជំងឺ​នោះ​កំពុង​កើត​​ឡើងនៅមជ្ឈឹមបូព៌ា។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពជំងឺផ្តាសាយបក្សីនៅថ្ងៃទី២៤កក្កដា ឆ្នាំ២០១៧នេះ  អនុ​ប្រធាន​​​​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោកស្រីវេជ្ជបណ្ឌិត តេង ស្រី បាន​ថ្លែងថា​ ជំងឺផ្តាសាយ ប្រភេទ​ H7N9 កំពុង​​​រីក​រាល​ដាល​នៅមជ្ឈឹមបូព៌ាជាពិសេសនៅប្រទេសអារ៉ាបីសាអូឌីត​។​ លោកស្រី​ថា ជំងឺនេះ​ចម្លង​ពីសត្វមកមនុស្ស តាមរ​យៈ​បរិភោគ​បក្សីចំអិនមិនឆ្អិនល្អ ឬឆៅ ឬប៉ះ​ពាល់​​បក្សី​ដែល​ឈឺឬងាប់ជាដើម​​។

លោកស្រីវេជ្ជបណ្ឌិតប​ន្តថា អ្នកមានជំងឺនេះ មាន​រោគសញ្ញា គ្រុនក្តៅ ក្អក និង​ដង្ហើម​ញាប់ជាដើម​។ ករណីនេះលោកស្រីអំពាវនាវទៅឲ្យស្ថាប័នពាក់ព័ន្ធនិងប្រជាពលរដ្ឋ​ ជាពិសេសអ្នកចំណាកស្រុកទៅ​ក្រៅ​ប្រទេស ករណីត្រឡប់មកកម្ពុជា​វិញ ដោយជួប​បញ្ហាជំងឺដូចបានរៀបរាប់នោះ ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅលេខ១១៥ ដើម្បីឲ្យក្រសួងសុខាភិបាលនៅកម្ពុជាចុះ​​ទប់ស្កាត់​ការឆ្លងជំងឺនេះ។

វេជ្ជបណ្ឌិតអំពាវនាវថា «នេះជាផែនទីនៃប្រទេសទំាង២៧ប្រទេសដែលកើត ហើយសួរថា ហានិភ័យ ការវាយតម្លៃហានិភ័យនៅលើប្រទេសយើងតើយ៉ាងម៉េច? វានៅតែមានហានិភ័យ ពីព្រោះវាមាន​ជនជាតិ​អ៊ីស្លាមរបស់យើង ដែលគាត់ធ្វើដំណើរទៅធ្វើពិធីបុណ្យហាចគឺជាបុណ្យគ្រឹះ​សាសនា​របស់គេ ដូច្នេះ​តែងតែ​មានអ្នកចេញចូល ឬក៏ពលករចំណាកស្រុកទៅធ្វើការ ដ៏ហើយអ្នក​ទំាងអស់​នោះនឹង​រង​គ្រោះ​ដោយ​សារផ្លូវដង្ហើម​ ត្រូវ​ទូរសព្ទទៅលេខ១១៥»

តាមព័ត៌មានមូលដ្ឋាន​របស់​ក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺផ្លូវ​ដង្ហើមមញ្ឈឹមបូព៌ា ត្រូវ​បាន​អ្នកជំនាញ​រក​ឃើញដំបូងក្នុងឆ្នាំ២០១២ នៅប្រទេសអារ៉ាបីសាអូឌីត។

នៅ​ក្នុងឆ្នាំ២០១២ ​មាន​ប្រទេស២៧ បានរាយការណ៍ថា ដោយជំងឺនេះមានរោគសញ្ញា ចាប់ពី​គ្មាន​រោគ​សញ្ញា​​ទៅមានរោគសញ្ញាធ្ងន់ធ្ងរ គឺពី២ថ្ងៃ​ ដល់១៤ថ្ងៃ ដែលបណ្តាលឲ្យមនុស្ស២០៤០នាក់កើតជំងឺនេះ និង៧១២នាក់ស្លាប់ ដោយថាជាមធ្យម​អាយុ៥២ឆ្នាំ និង៦៥.៦ភាគរយជាបុរស និង២០ភាគរយ ជាបុគ្គ​លិកសុខាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ