ភរិយាលោក កែម ឡី៖ បើសិនជាខ្ញុំ មិនទទួលយកថវិកាទេ

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 8:31 AM | កែម ទ្បីសិទ្ធិមនុស្ស | 0 | 96679 អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី កាលពីពេល​កន្លង​មក

ភរិយារបស់ លោក កែម ឡី បង្ហាញការសោកស្តាយ​ចំពោះ​សាច់ញាតិ​របស់​ស្វាមី​អ្នក​ស្រី​​​​ដែលទទួល​យកលុយ៥ម៉ឺនដុល្លារ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដើម្បី​សាង​សង់​ចេតិយ​អ្នក​វិភាគ​រូ​ប​នោះ។

អ្នកស្រី ប៊ូ រចនា ជាភរិយារបស់លោក កែម ឡី និងកំពុងនិរទេសខ្លួនទៅប្រទេសទីពីរ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាលពីពេលថ្មីៗនេះ​ថា បើអ្នកស្រីដឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ផ្តល់លុយ៥ម៉ឺនដុល្លារ សម្រាប់យកទៅសាងសង់ចេតីយស្វាមី អ្នកស្រីថាមិនទទួលយកនោះទេ។

អ្នកស្រីនិយាយថា «និយាយរួមតំាងពីខ្ញុំចេញមក​នៅប្រទេសទីពីរ ខ្ញុំអត់មានទំនាក់​ទំនងជាមួយគ្រួ​សារប្តី​ទំាង​អស់។ បើសិនជាខ្ញុំមិនទទួលយកថវិកាទេ ព្រោះយើងដឹង​ហើយ​អ្នក​ណា​នៅពីក្រោយរឿងហ្នឹង។ ខ្ញុំអត់​បាន​ដឹង​ទំាងអស់ដល់ពេលខ្ញុំដឹង ឈឺចាប់ណាស់ដែល​ខាងគ្រួសារប្តីខ្ញុំគាត់ធ្វើអញ្ចឹង»។

លោក កែម រិទ្ធិសិទ្ធិ ដែល​ត្រូវ​ជា​ប្អូន​បង្កើត​របស់​លោក កែម ឡី រៀបរាប់​ថា កាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន ពិតជាបានផ្តល់លុយ៥ម៉ឺនដុល្លារ សម្រាប់ឲ្យគណៈ​កម្មការសាង​សង់ចេតីយ​មែន។ លោកថា​ថវិកា​នេះ​បាន​បញ្ចូល​ក្នុងធនាគាររួចហើយ។

ដោយ​ឡែក ចំពោះករណីភរិយារបស់លោក កែម ឡី លើកឡើងនោះ លោក កែម រិទ្ធិសិទ្ធិ ថាមិនចាប់អារម្មណ៍ទេ ដោយ​លោក​ថា​នឹង​​ផ្តល់ព័ត៌មាននេះទៅបងថ្លៃនៅពេលក្រោយ។

លើសពីនេះទៀត លោក រិទ្ធិសិទ្ធិ​ ក៏បាន​អំពាវនាវទៅសប្បុរសជនទំាងក្នុងនិងក្រៅប្រទេស​ដែល​ស្រលាញ់​លោក កែម ឡី ជួយផ្តល់ថវិកាបន្ថែមទៀត​ ដើម្បីសាងសង់ចេតីយនេះផង​ដែរ។

លោកនិយាយថា «សូមប្រជាពលរដ្ឋខ្មែរដែលស្រលាញ់លោកបណ្ឌិត កែម ឡី ជួយប្រកាស មក​ចូលរួម ក្នុងការកសាង[ចេតីយ]ផង»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជា​អតីតគណៈកម្មការបុណ្យលោក កែម ឡី មានសង្ឃដីកាថា ករណីលោក ហ៊ុន សែន ផ្តល់លុយ៥ម៉ឺនដុល្លារឲ្យសាច់ញាតិលោក កែម ឡី សាងសង់ចេតីយនោះ គ្រាន់តែចង់បាន​ប្រជា​ប្រិយភាពបុគ្គលខ្លួនឯងតែប៉ុណ្ណោះ ដោយថាមិនបានផ្តល់ប្រយោជន៍សាធារណៈនោះទ។

បើតាមគណៈកម្មការសង់ចេតីយលោក កែម ឡី បានឲ្យដឹងថា ចេតីយនេះត្រូវ​ចំណាយ​ថវិកា​អស់ប្រ​ហែល​១៧ម៉ឺនដុល្លារ ខណៈបច្ចុប្បន្នេះមានលុយក្នុងដៃតែជាង៦ម៉ឺនដុល្លារតែប៉ុណ្ណោះ។ នេះបើសរុប​ទំាង​លុយ​ដែល​លោក ហ៊ុន សែន ផ្តល់ឲ្យ៥ម៉ឺនដុល្លារ​។

គួររំឮកថា កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា​ ឆ្នាំ២០១៧នេះ​ លោក ហ៊ុន សែន ក៏បានផ្តល់លុយ១ម៉ឺនដុល្លារ ឲ្យ លោក កែម រិទ្ធិសិទ្ធ ដោយថាសម្រាប់សងថ្លៃ​ជំពាក់​​ថ្លៃ​រៀបចំ​អាហារ​ថ្ងៃ​បុណ្យ​ខួប ១​ឆ្នាំ លោក កែម ឡី នៅ ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

គួរបញ្ជាក់ថា លោក​ កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន នៅ​ក្នុង​ម៉ាត​ស្ថិត​ក្នុង​ការ៉ាស់​​សាំង​កាល់តិច នៅ​ម្ដុំ​ស្តុប​បូកគោ។ មាន​តែខ្មាន់​កាំភ្លើង អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស នៅ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តជាតិ​រាប់​រយ​ស្ថាប័ន ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​តម្លាភាព​ ក្នុង​សំណុំ​រឿង​​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ​រូប​នេះ ដោយ​ពួកគេ​លើក​ឡើង​ថា ជាង​មួយ​ឆ្នាំ​មក​នេះ ករណី​នេះ ពុំ​ទាន់​មាន​យុត្តិធម៌​នៅ​ឡើយ​ទេ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required