អង្គការស្នើឲ្យផាកពិន័យចំពោះស្ថាប័នណាដែលមិនយកជនពិការចូលធ្វើការ

ក្រុមអង្គការដែលធ្វើការងារផ្នែកពិការភាព ស្នើឲ្យមានការផាកពិន័យចំពោះស្ថាប័នណាដែលមិន​ទទួលយកជនពិការ ខណៈជនពិការនៅតែប្រឈមអត់ការងារធ្វើ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីស្ថានភាពការងារជនពិការនៅថ្ងៃនេះ នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា ក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការគឺតម្រូវឲ្យ ស្ថាប័នរដ្ឋទទួលយកជនពិការចូលបំរើការងារ២ភាគរយ និងឯកជន១ភាគរយ នៃចំនួនបុគ្គលិកក្នុងស្ថាប័ននោះ ប៉ុន្តែលោកថា​ រហូតមកដល់ពេលនេះ គឺមានជនពិការតិចតួចប៉ុណ្ណោះបានចូលបំរើការងារ។

លោកបន្តថា មូលហេតុដោយសារស្ថាប័នរដ្ឋ និងវិស័យឯកមួយចំនួនមិនយល់ដឹងអំពីច្បាប់ និងមួយផ្នែកទៀតគឺសមត្ថភាពរបស់ជនពិការខ្លួនឯងនៅមានកំរិត។

លោកបន្ថែមថា «ទី៣យើងក៏ឃើញដែរថា ការមិនទាន់បើកឱកាសឲ្យបានទូលំទូលាយដល់បងប្អូនជនរបស់យើង ដែលវាជាបញ្ហាប្រឈមមែនទែនព្រោះថាជនពិការគាត់អាចធ្វើការងារបានលុះត្រាតែគាត់ មានឱកាសគ្រប់គ្រាន់ ប៉ុន្តែការបើឱកាសក្នុងវិស័យឯកជនគឺនៅមានកំរិតនៅឡើយ ដោយយើងមើល ឃើញថា វិស័យឯកជនរាប់ម៉ឺននាក់មានតែពីរឬបីស្ថាប័នបានផ្តល់ឱកាសដល់បងប្អូនជនពិការដូច្នេះ យើងទាមទារឲ្យមានការជំរុញ ឲ្យមានការគោរពគូតាស៊ិស្តឹមហ្នឹងឲ្យបានកាន់តែល្អប្រើសើរពីវិស័យឯក ជន ហើយរដ្ឋយើងធ្វើដូចម្តេចត្រូវតែបំពេញឲ្យបានពីភាគរយដើម្បីជាគំរូដល់ស្ថាប័នឯកជន»។

ស្រី្តពិការដៃម្ខាងកញ្ញា ស្រ៊ុន ប៊ុនហេង និយាយថា កន្លងមកនាងធ្លាប់ស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់មួយចំនួន ប៉ុន្តែមិនត្រូវបានក្រុមហ៊ុនទាំងនោះទទួលយកឲ្យបំរើការងារនោះទេ ដោយសារគេឃើញនាងពិការដៃ។

កញ្ញាបន្តថា តាមពិតកញ្ញាមានសមត្ថភាពក្នុងការបំពេញការងារទាំងនោះ ប៉ុន្តែក្រុមហ៊ុនមិនផ្តល់ឱកាសឲ្យនាង។

កញ្ញាមន្ថែមថា «ខ្ញុំខ្វះលុយខ្ញុំក៏ចូលទៅក្រុមហ៊ុនធ្វើការរោងចក្រ កាលណោះ ពេលចូល អ្នកធម្មតាគេឲ្យចូល ចំណែកខ្ញុំ ថៅកែចិនគេថាគេអត់យកទេ ហើយគេឲ្យខ្ញុំចេញវិញ ខ្ញុំក៏ចេញវិញ កោលណោះខ្ញុំគិតថា ខ្ញុំអត់ធ្វើការក៏បានដែរ បើគេមិនឲ្យចូល គេរើសអើង បើគេគិតថាខ្ញុំគ្មានសមត្ថភាពដេរឲ្យគេបាន»។

កញ្ញា ស្រ៊ុន ប៊ុនហេង ទាមទារឲ្យវិស័យឯកជនទាំងអស់ត្រូវផ្តល់ឱកាស និងគោរពច្បាប់ជនពិការ ហើយកញ្ញាក៏ទាមទារឲ្យរដ្ឋាភិបាលផាកពិន័យចំពោះស្ថាប័នណាដែលមិនទទួលយកជនពិការចូលបំរើការងារផងដែរ។

ម្ចាស់អាជីវកម្មម្រុំខ្មែរធម្មជាតិ អ្នកស្រី អ៊ុង វណ្ណា ឲ្យដឹងថាដើម្បីចូលរួមគោរពច្បាប់ និងមើលឃើញពី ភាពលំបាករបស់ជនពិការ អ្នកស្រីបានទទួលយកពួកគេចំនួន៦នាក់ចូលបំរើការងារក្នុងអាជីវកម្មរបស់អ្នកស្រី។

អ្នកស្រីបន្ថែមថា «ខ្ញុំស្នើឲ្យសិប្បកម្ម មុខរបរឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលអ្នកមានលទ្ធភាព ផ្តល់ការងារដល់ជនពិការហ្នឹងសូមជួយ ពិសេសដូចជាខ្ញុំខ្លួនឯងហ្នឹងខ្ញុំជាម្តាយជនពិការហ្នឹងមានទុក្ខវេទនាណាស់ អញ្ចឹងខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរយើងនឹងយល់ទាំងអស់គ្នាជាពិសេសក្រោមក្រសួងសង្គមកិច្ចដែលគោលនយោបាយលើកកម្ពស់សិទ្ធិជនពិការនេះ»។

ប្រធានផ្នែកជ្រើសរើសបុគ្គលិកនៃធានាអេស៊ីលីដា លោក រស់ សេរីសោភា មានប្រសាសន៍ថា ជាគោលការណ៍ពេលជ្រើសរើសបុគ្គលិកធានាអេស៊ីលីដាមិនកំណត់ទៅលើពិការភាព នោះទេគឺកំណត់ទៅសមត្ថភាព ហើយថា បច្ចុប្បន្នមានជនពិការប្រមាណ១០០០នាក់កំពុងបំរើការងារ ក្នុងធានាគារនេះ បើគិតជាភាគរយមាន១០%លើសច្បាប់កំណត់។

លោកបន្ថែមថា «អញ្ចឹងបើចំណេះដឹងគាត់ធ្វើបានទៅតាមហ្នឹងអញ្ចឹងមានន័យថាគាត់ទទួលបានឱកាស  គឺយើងអត់បានញ៉ែកថាពិការឬមិនពិការទេនៅក្នុងសេចក្តីប្រកាសជ្រើសរើសជាសាធារណៈ អញ្ចឹង បេក្ខជនដាក់ពាក្យមកជាសាធារណៈមកប្រលងប្រគួតប្រជែងទាំងអស់គ្នា យើងអត់បានបែងចែកពិការ ឬអត់ពិការទេ ហើយបើយើងសរុបទិន្នន័យជនពិការដែលកំពុងបំរើការងារជាមួយធានាគារអេស៊ីលីដា ដែលកំណត់ទៅតាមលក្ខខណ្ឌដែលក្រសួងគេកំណត់ហ្នឹងមានបួនប្រភេទហ្នឹងគឺយើងមាន១៨៧៦នាក់ ក្នុងនោះមានបុរស៩៣២នាក់និងមាននារី៩៤៤នាក់»។

អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាលោក កែវ បូរេន្ទ្រ មានប្រសាសន៍ថា ដើម្បីជំរុញឲ្យជនពិការទទួលបានការងារធ្វើ រដ្ឋាភិបាលបានបង្កើតច្បាប់ជនពិការនិងបានចេញ អនុក្រឹត្យមួយស្តីពីការកំណត់អត្រានិងបែបនៃការជ្រើសរើសជនពិការចូលបំរើការងារហើយថា ប្រសិនបើស្ថាប័នរដ្ឋនិងឯកជនណាមិនទទួលយកជនពិការចូលបំរើការងារនឹងផាកពិន័យ។

លោកបន្ថែមថា «ក្រសួងស្ថាប័នរដ្ឋនិងស្ថាប័នឯកជនណាដែលមិនបានបំពេញកាតព្វកិច្ចនេះគឺត្រូវទទួល ការផាកពិន័យបង់វិភាគទានជូនមូលនិធិជនពិការ»។

លោកបន្តថា​ រហូតពេលមានជនពិការប្រមាណ៣៥២៩នាក់បានចូលរបំរើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និង២០៧២នាក់កំពុងបំរើការងារនៅក្នុងវិស័យឯកជន។

បើតាមរាបាយការណ៍របស់ក្រសួងសង្គមកិច្ចឆ្នាំ២០១៤ឲ្យដឹងថាជនពិការភាពមានប្រហែល៤%នៃ ចំនួនប្រជាជនសរុប គឺប្រហែល៥២៤០០០នាក់ ប៉ុន្តែបើតាមរបាយកាណ៍របស់អង្គការសង្គមវិលអាចច្រើនជាងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ