វិភាគ៖ តើឧបសគ្គអ្វីខ្លះដែលស្រ្តីក្នុងវិស័យនយោបាយនៅតែមានចំនួនតិច?

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 3:49 PM | បទវិភាគ | 0 | 2134 សមាជិកព្រឹទ្ធសភាកម្ពុជា (រូបភាពហ្វេសប៊ុកព្រឹទ្ធសភា)

កាលពីមុនបោះឆ្នោតឃុំ-សង្កាត់ ៤ មិថុនា គណបក្សនយោបាយធំៗពីរបានប្រកាសថា នឹងបង្កើនចំនួនស្រ្តីឲ្យបានច្រើនជាងមុន សម្រាប់ការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ ប៉ុន្តែលទ្ធផលបង្ហាញថា ចំនួនស្រ្តីដែលជាប់ឆ្នោតនៅមានចំនួនតិចនៅឡើយ។

សម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានសន្យាថា តែងតាំងស្រ្តីយ៉ាងហោចណាស់ម្នាក់ឲ្យធ្វើជាអភិបាល ក្នុងចំណោមរាជធានីនិងខេត្តទាំង២៥ ខណៈគណបក្សប្រឆាំងបានអះអាងថា បានដាក់ឲ្យមានបេក្ខជនជាស្ត្រីចំនួន៦០រូប ឈរឈ្មោះជាមេឃុំចៅ-សង្កាត់ ដែលបានកើនឡើងពីចំនួនមិនដល់១០នាក់ កាលពីឆ្នាំ២០១២។

ប៉ុន្តែបណ្ដុំអង្គការសង្គមស៊ីវិល ដែលធ្វើការលើផ្នែកស្ដ្រីនិងការបោះឆ្នោត បានរិះគន់រដ្ឋាភិបាលថា មិនអាចបង្កើនចំនួនស្ដ្រីក្នុងតួនាទីថ្នាក់ដឹកនាំ បន្ទាប់ពីលទ្ធផលបោះឆ្នោតឃុំសង្កាត់បង្ហាញថា ចំនួនស្ដ្រីដែលជាប់តំណែងជាមេឃុំ ចៅសង្កាត់បានថយចុះ។

ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ចេញផ្សាយនៅដើមខែកក្កដាឆ្នាំ២០១៧នេះ អង្គការសង្គមស៊ីវិលចំនួន២៦ បានតិះទៀនថា ផែនការយុទ្ធសាស្ដ្រថ្នាក់ជាតិ ដែលរដ្ឋាភិបាលកំណត់ថា នឹងបង្កើនចំនួនក្រុមប្រឹក្សាឃុំសង្កាត់ជាស្ដ្រីឲ្យបាន២៥ភាគរយ នៅឆ្នាំ២០១៨ គឺបានទទួលបរាជ័យក្នុងជម្រុញឲ្យមានសមភាពយេនឌ័រ និងការលើកកម្ពស់ស្ដ្រីក្នុងវិស័យនយោបាយ។

អង្គការទាំងនេះសង្កេតឃើញថា ចំនួនស្ដ្រីដែលជាប់ជាមេឃុំ-ចៅសង្កាត់មានការថយចុះ ពីចំនួន២០៣៨នាក់ ស្មើនឹង១៧,៧៨ភាគរយ នៅឆ្នាំ២០១២ មកនៅត្រឹម១៩៤០នាក់ ស្មើ១៦,៧៦ភាគរយ នៅឆ្នាំ២០១៧ ពោលគឺធ្លាក់ចុះ១ភាគរយ។

តំណាងរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ខែកក្កដានេះ ក៏បានទទួលស្គាល់ថា ចំនួនស្រ្តីជាអ្នក​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន​នៅមានចំនួនតិច។

អ្នកសម្របសម្រួលផ្នែកអប់រំនិងយេនឌ័រ មកពីអង្គការខុមហ្វ្រែល លោកស្រី សឺនកេត សិរីលក្ខណ៍  លើកឡើងថា  ស្ត្រីជាប់ឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានថយចុះ១ % បើធៀបនឹងអាណត្តិមុន ប៉ុន្តែចំនួនស្ត្រីដែលជាប់ជាមេភូមិមានការកើនឡើង។ លោកស្រីបន្តថា បើតាមការស្ទង់កាលពីឆ្នាំ ២០១៧ កន្លងមក ពលរដ្ឋជាង ៨០ % ចង់ឲ្យស្ត្រីថ្នាក់នាំ  ដោយសារ ស្ត្រីភាគច្រើនគាត់យល់ដឹងពីបញ្ហាស្ត្រីដូចគ្នា និងកត្តាផ្សេងៗទៀត ដែលចង់ឲ្យស្ត្រីជាប់ជាថ្នាក់ដឹកនាំមូលដ្ឋាន។

លោកស្រីថា «គាត់មានភាពសិ្នទ្ធស្នាលច្រើនជាងបុរសតាមពិតទៅស្ត្រី ដោយសារ យើងដឹងហើយបញ្ហាដែលច្រើនទាក់ទងនឹងស្ត្រីកុមារនឹងឯងរឿងសុខភាព រឿងអំពើហិង្សាក្នុងគ្រួសារ ពួកគាត់អាចទៅជួយសម្របសម្រួលបាន។ បើទោះបីជាគាត់មិនទាន់មានតួនាទី អ្នកខ្លះមានតួនាទីនៅក្នុងក្រុមប្រឹក្សាឃុំ ខ្លះជាសកម្មជនម្នាក់នៅក្នុងបក្សមួយ ប៉ុន្តែគាត់ធ្វើសកម្មភាព ទី១គាត់មានបំណងចង់ជួយភូមិឃុំគាត់ផង  គាត់ចង់ជួយទាំងការអភិវឌ្ឍន៍ទាំងបញ្ហាស្ត្រីកុមារអីផង។ ចឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋលោកឲ្យតម្លៃខ្ពស់មែនទែនបេក្ខភាពស្ត្រី ​មិនថាស្ត្រីគណបក្សណាៗទេ គឺគាត់ឲ្យតម្លៃស្ត្រី។គាត់ថាស្ត្រីពិតជាធ្វើការាងារមានប្រសិទ្ធភាព»។

ទោះជាយ៉ាងណា ក្រុមអង្គសង្គមស៊ីវិលបានសាទរចំពោះរដ្ឋាភិបាលក្នុងការតែងតាំងស្ដ្រីម្នាក់កាលពីពេលថ្មីៗនេះឲ្យធ្វើជាអភិបាលខេត្តកោះកុង និងតំណែងអភិបាលរងខេត្តផ្សេងទៀត។ ប៉ុន្ដែពួកគេថា ការដែលមានស្ដ្រីតែម្នាក់គត់បានកាន់តំណែងនេះ  គឺមិនទាន់គ្រប់គ្រាន់នោះទេ។ ពួកគេរំពឹងថា រដ្ឋាភិបាលនឹងបង្កើនចំនួននេះឲ្យបានដល់៣០ភាគរយ ស្របតាមគោលដៅដែលបានដាក់ចេញ (ក្នុងផែនការនារីរតនៈ)។

អ្នកសម្របសម្រួល គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ កញ្ញា សេង រាសី បានលើកឡើងពីបញ្ហាប្រឈមសំរាប់ស្ត្រីថា គឺដោយសាររចនាសម្ព័ន្ធក្នុងបក្សនយោបាយនៅមានភាពតឹងតែង និងមានផ្នត់គំនិតថាដាក់ស្ត្រីច្រើនខ្លាចចាញ់។

កញ្ញាថា៖ «ដោយសារតែប្រទេសយើងប្រើប្រព័ន្ធសមាមាត្រ ដូច្នេះហើយត្រូវបោះឲ្យគណបក្ស។ អញ្ចឹងបើសិនជាបោះឲ្យគណបក្សគឺស្ត្រីនៅក្នុងគណបក្សហ្នឹង! ចឹងបើសិនជាខ្ញុំពេញចិត្តគាត់ខ្ញុំត្រូវបោះឲ្យបក្សដែលគាត់ឈរហ្នឹង! ក៏ប៉ុន្តែជាក់ស្តែងនៅពេលដែលស្ត្រីគាត់ខំប្រឹងប្រែងរកប្រជាប្រិយឲ្យគណបក្សនយោបាយ បែរជាអ្នកដែលមានតួនាទីសំរេចចិត្តឬអ្នកដែលឈរលេខរៀងខ្ពស់គឺជាបុរសទៅវិញ។ ដោយសារគាត់មើលឃើញថាដាក់អ្នកនយោបាយ អ្នកនយោបាយគេប្រើពាក្យថា ឲ្យតែអ្នកនយាបាយភាគច្រើនគេស្រម៉ៃដល់បុរស អ្នកដឹកនាំគេស្រម៉ៃដល់បុរស ជាជាងស្រម៉ៃដល់ស្ត្រី»។

បើតាមបណ្ដុំអង្គការផ្នែកស្រ្តី ដើម្បីបង្កើនចំនួនស្ដ្រីក្នុងតួនាទីជាថ្នាក់ដឹកនាំ គឺគេគួរអនុវត្តប្រព័ន្ធកូតា ការបម្រុងទុកមុខតំណែង ឬប្រព័ន្ធឆ្លាស់នៃបញ្ជីបេក្ខជនបុរសនិងស្ដ្រី ដោយដាក់ស្ដ្រីនៅជួរខាងលើគេចំនួន៥០ភាគរយ នៃបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ និងដាក់ស្ដ្រីក្នុងលេខរៀងទី២ នៃបញ្ជីបេក្ខជនដទៃទៀត។

បើតាមលោកស្រី សឺនកេត សិរីលក្ខណ៍ ដើម្បីឲ្យចំនួនស្រ្តីចូលរួមច្រើនក្នុងការអភិវឌ្ឍ​នសង្គមនោះ រដ្ឋាភិបាលគួរតែមានគោលនយោបាយមួយច្បាស់លាស់ ដោយដាក់បេក្ខភាពស្ត្រីឲ្យ ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឬបោះឆ្នោតថ្នាក់ជាតិឲ្យច្រើនជាងមុន ។លោកស្រីបន្តថា ការដែលជាស្ត្រីជាប់ជាថ្នាក់ដឹកនាំមូលដ្ឋានក៏ជាគំរូ និងជាការលើកទឹកចិត្តដល់ស្ត្រីឬក្មេងស្រីៗជំនាន់ក្រោយ ដើម្បីឲ្យពួកគេមានភាពក្លាយហានចូលក្នុងសង្គមផងដែរ។

លោកស្រីថា «ទាំងរដ្ឋាភិបាលក្ដី ទាំងរដ្ឋសភាក្ដី ត្រូវតែគិតគួរអំពីរឿង លើកស្ទួយស្ត្រីតាមរយៈប្រើវិធានការពិសេសបណ្ដោះអាសន្ននានា ដូចការកំណត់ចំនួនជាក់លាក់មួយឲ្យបានច្បាស់ឬក៏ប្រើប្រាស់ប្រព័ន្ធកូតាទៅ ៤០/៦០ ឬ ក៏ ៥០/៥០ ប្រើប្រាស់តាមរយៈសមភាពយែនឌ័រ។ ការដាក់ឆ្លាស់គ្នារវាងស្ត្រីនិងបុរស មាននៅក្នុងច្បាប់ក្ដីនៅក្នុងគោលនយោបាយសមភាពយែនឌ័ររបស់គណបក្សក្ដី គឺត្រូវតែមានឲ្យច្បាស់លាស់ កុំឲ្យស្ថិតនៅក្នុងការស្ម័គ្រចិត្ត​ដដែល នឹងមិនបានជោគជ័យហើយនឹងអាចអត់ឈានដល់សម្រេចតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

លោកស្រី ធីតា ឃិះ នាយិកាប្រតិបត្តិអង្គការសីលការ និងជាប្រធានគណៈកម្មាធិការដឹកនាំ គ.ស.ន សង្ឃឹមថា អ្នកដឹកនាំបុរសដែលជាអ្នកធ្វើការសម្រេចចិត្តនឹងចាប់ផ្តើមគិតគូររឿងនេះដើម្បីដើរឲ្យទាន់ពិភពលោក។

លោកស្រីថា៖ «យើងកំពុងធ្វើការតស៊ូមតិហ្នឹងដើម្បីឲ្យមានច្បាប់! យើងទៅនិយាយជាមួយមេគណបក្ស មេគណបក្សធ្វើការសម្រេចចិត្តហើយ ៣០%ស្ត្រី ៣០%យុវជន ហើយនិង៤០%អ្នកដែលចាស់! ប៉ុន្តែគាត់ធ្វើកើតទេ? អញ្ចឹងទៅគាត់ធ្វើការសម្រេចចិត្តគាត់ចង់បានអញ្ចឹងដែរ តែដល់អនុវត្តមែនទែន អត់! អញ្ចឹងទៅបានថាយើងទាមទារឲ្យមានច្បាប់ជាតិ ហើយទាមទារឲ្យមានគោលនយោបាយយេនឌ័រនៅក្នុងគណបក្សគាត់ផង ព្រោះតែមិនអញ្ចឹងអនុវត្តអត់បាន»។

សូមបញ្ជាក់ផងដែរថា ការអភិវឌ្ឍដោយមានចេរភាព គឺគេរាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣០ ហើយនៅក្នុងឆ្នាំ២០៣០នោះ គោលដៅដែលគេកំណត់ទូទាំងពិភពលោក គឺឲ្យមានការដឹកនាំរវាងស្ត្រីនិងបុរស៥០ភាគរយស្មើគ្នា។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ កម្ពុជាមានស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មាន១៧,៧៨% នៅឆ្នាំ២០១២ ហើយបានថយចុះមកនៅ១៦,៧៦ភាគរយ នៅឆ្នាំ២០១៧នេះ៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required