ក្រុមពលករខ្មែរស្នើឲ្យកែច្បាប់ដើម្បីពួកគេបានសិទ្ធិបោះឆ្នោត

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 4:47 PM | បោះឆ្នោត | 0 | 2311

ក្រុមពលករខ្មែរដែលកំពុងធ្វើការងារនៅក្រៅ ស្នើឲ្យសមាជិកសភាកែប្រែច្បាប់​មួយចំនួន ដោយ​បើកផ្លូវឲ្យ​ពួកគេបានសិទ្ធិបោះ​ឆ្នោត​ ខណៈពលករខ្មែរជាង១លាននាក់បានធ្វើចំណាកស្រុក។ នេះបើតាមសំណើមួយរបស់គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។

គណៈកម្មាធិការនេះ បានសរសើរពីដំណើការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកថ្មីៗនេះ ប៉ុន្តែគណៈកម្មការនេះ បានកត់សំគាល់ថា ពលករខ្មែរនៅក្រៅប្រទេសមិនទាន់បានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតទេ។

គណៈកម្មាធិការដែលហៅកាត់ថា«CEROC»នេះ រំលឹកថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានទទួលសិទ្ធិបោះឆ្នោតពេញលេញ ពេលដែលអង្គការសហប្រជាជាតិឬដែលហៅកាត់ថាអ៊ុនតាក់រៀបចំការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ១៩៩៣។ តែក្រោយមក គ.ជ.ប.«មិនបានយកច្បាប់បោះឆ្នោតអ៊ុនតាក់មកប្រើប្រាស់ ហើយរមែងព្រងើយកន្តើយសិទ្ធិចូលរួមនយោបាយរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសតាមរយៈការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញតាមមាត្រា៣៤និងច្បាប់ស្តីអំពីសិទ្ធិមនុស្សជាសាកលរបស់អង្គការសហប្រជាជាតិតាមមាត្រា២១»។

ប្រធានក្រុមតំណាងរាស្ត្រ គណបក្ស សង្រ្គោះជាតិ លោក សុន ឆ័យ បានស្វាគមន៍ចំពោះសំណើនេះ ហើយថានឹងរៀបចំធ្វើសេចក្តីស្នើច្បាប់នេះនៅពេលឆាប់ខាងមុខនេះ ដោយលោកប្រាប់ឲ្យគណៈកម្មាធិការដែលហៅកាត់ថា«CEROC»ជួយជំរុញថែមទៀតទៅតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាចូលរួមគាំទ្រផង ទើបអាចមានចំនួនគ្រប់គ្រាន់ក្នុងការអនុម័តច្បាប់នេះបាន។

អ្នក​នាំពាក្យ​តំណាង​រាស្ត្រ​ភាគ​ច្រើន​នៅក្នុង​សភាលោក​ ឈាង វុន ថា​ច្បាប់​កម្ពុជា​មិន​បាន​ហាម​ឃាត់​ជន​ជាតិ​ខ្លួនដែល​រស់​នៅ​ក្រៅប្រទេស​មិន​ឲ្យ​​បោះ​ឆ្នោត​នោះ​ទេ តែ​ថា​អ្នកទាំង​នោះ​ត្រូវ​ចូល​មក​​ក្នុង​បោះឆ្នោត​នៅ​ក្នុង​ប្រទេស មិន​អាច​បោះឆ្នោត​នៅ​តាម​ស្ថានទូត​ក្រៅប្រទេស​បាន​ទេ ដោយ​សារ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ជា​ការ​បោះ​ឆ្នោត​តា​ម​តំបន់។ ចំពោះ​សំណើ​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​នោះ​លោកថា ត្រូវ​មាន​ការសិក្សា​បច្ចេក​ទេស​ជា​មុនសិនមុននឹងរៀប​ចំ​ធ្វើ ដោយ​​ជា​សមត្ថកិច្ច​ការ​របស់​គ.ជ​.ប ដែល​មាន​សមត្ថកិច្ច​ព្រាង​ច្បាប់​នោះ។

លោក​ថា៖ «វាធ្វើអត់កើតទាល់តែមានបច្ចេកទេស ច្បាប់ទាល់តែ​ .. ធ្វើច្បាប់បោះឆ្នោតមិនមែនគណបក្សអ្នកធ្វើឯណា។ តំណាងរាស្ត្រអាចស្នើ ស្នើទៅបើធ្វើចេញទៅបើមិនចេញហីទៅ! ហើយបើស្នើគេមានជជែកតស៊ូហើយទីមួយគេសួរយោបល់ទៅ​ .​. ទីពីរយកមកបោះឆ្នោតនៅរដ្ឋសភាព្រឹទ្ធិសភា មានការជជែកតវ៉ាគ្នាអីក្នុងហ្នឹងសួរ ដេញដោលគ្នាអញ្ចឹង»

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះបណ្តុំ​អង្គការដែល​ធ្វើការខាង​បោះឆ្នោត​ក៏បានរៀប​ចំសេចក្តី​ព្រាងអនុសាសន៍​​មួយដែរដែលមានគោលបំណងធ្វើឲ្យពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោតបាននៅ​ក្រៅប្រទេសតាមរយៈស្ថាន​ទូត​ ឬ​តំណាង​កុង​ស៊ុល ​ តែការចង់បាននេះត្រូវបានតំណាង គ.ជ.ប ឆ្លើយតបថាករណី​នេះទាមទារឲ្យមាន​ការធ្វើ​វិសោធនកម្មច្បាប់បោះឆ្នោតជាមុនសិន។

ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​​របស់​ក្រសួង​ការ​ងារប្រចាំ​ឆ្នាំ​២០១៦ ​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​​ពល​ករ​ខ្មែរ​ចំណាក​ស្រុ​ក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​ ១,១៥លាននាក់ ដែល​កំពុង​ធ្វើ​​ការ​​នៅ​ ថៃ​ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ក្នុង​​នោះ​ជាង​១លាន​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ចំនូន​នេះ​នៅ​មិន​ទាន់​រាប់​បញ្ជូល​ជន​ជាតិ​ខ្មែរ​ដែល​ទៅ​រស់​នៅ​ក្រៅប្រទេស​ដែលពុំ​មែន​ជា​ពល​ករ​ចំណាក​ស្រុក​នៅ​ឡើយ​ទេ៕

រាយការណ៍បន្ថែមដោយលោក ហ៊ុន សិរីវឌ្ឍន៍

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required