សង្គមសីុវិលធ្វើយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបោះឆ្នោត

សង្គមស៊ីវិលធ្វើការតស៊ូមតិផ្នែកគ្រឿងស្រវឹង នាំគ្នាធ្វើយុទ្ធនាការនៅខេត្ដសៀមរាបនាព្រឹកថ្ងៃពុកនេះ ទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោតដោយអះអាងថា ការប្រើប្រាស់គ្រឿងស្រវឹងនេះធ្វើឲ្យអ្នកបោះឆ្នោត ពិបាកសម្រេចចិត្ដ។

ក្បួនដង្ហែនេះ ចេញពីវត្ដព្រះព្រហ្មរ័ត្ន ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយមានប្រជាពលរដ្ននិងព្រះសង្ឃប្រមាណ១០០នាក់/អង្គ។ ពិធីហែក្បួននេះ ឆ្លងកាត់តាមវិថីសំខាន់ៗមួយចំនួនក្នុងខេត្ដទេសចរណ៍នេះ ដោយមានបង្ហាញសារមួយចំនួន កុំឲ្យពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹងនៅថ្ងៃចុះឈ្មោះបោះឆ្នោតនិងពេលបោះឆ្នោត។ នៅក្នុងយុទ្ធនាការនោះ ក៏បានបង្ហាញសារខ្លះឲ្យពលរដ្ឋគាំទ្រនូវសេចក្ដីព្រៀងច្បាប់ស្ដីពីការទប់ស្កាត់ការប្រើគ្រឿងស្រវឹងផងដែរ។

ប្រធានកម្មវិធីមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព លោក សេង រិទ្ធី មានប្រសាសន៍ថាថ្ងៃសីលនិងថ្ងៃបោះឆ្នោត រដ្ឋាភិបាលបានហាមឃាត់មិនឲ្យការលក់គ្រឿងស្រវឹង ប៉ុន្ដែនៅថ្ងៃនោះមានសកម្មជនគណបក្សនយោបាយមួយចំនួន បានបញ្ចុះបញ្ចូលឲ្យពលរដ្ឋទទួលទានគ្រឿងស្រវឹង ដែលលោកថាពេលពួកគាត់ស្រវឹង ធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្ដរបស់ពួកគេនិងបង្កការលំបាកដល់ដំណើរការបោះឆ្នោត។ លោកបន្ដថា ការប្រើប្រាស់គ្រឿងស្រវឹងក៏បានធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។ លោកបន្ដថា៖ “កាលណាគាត់ស្រវឹងជ្រុល ពេលខ្លះគាត់ហូបធ្ងន់ធ្ងរ ព្រឹកឡើងថ្ងៃបោះឆ្នោត ទៅដល់គាត់អត់បានទៅបោះឆ្នោតក៏មានដែរ អាហ្នឹងយើងធ្វើកាត់បន្ថយហានិភ័យឲ្យអស់ ដើម្បីកុំឲ្យមានការកើតឡើងចំពោះរូបគាត់បាត់បង់សិទ្ធិរបស់គាត់“។

អធិការនគរបាលក្រុងសៀមរាប លោក ទិត្យ ណារ៉ុង ដែលចូលរួមយុទ្ធនាការនេះមានប្រសាសន៍ថាសមត្ថកិច្ចនឹងដាក់កម្លាំងជួយអន្ដរាគមន៍នៅតាមមណ្ឌលនីមួយៗ ដើម្បីសម្រួលដល់ដំណើរការចុះបោះឆ្នោតនិងកុំឲ្យប៉ះពាល់ដល់ការបោះឆ្នោត។ លោកបន្ដថា៖ “ជាក់ស្ដែង បើសិនគាត់ស្រវឹង ហើយគាត់មានអាកប្បកិរិយាមិនអាចទទួលបាន មិនអាចចុះឈ្មោះបាន អាហ្នឹងយើងត្រូវមានវិធានការយកគាត់ចេញពីកន្លែងចុះឈ្មោះបោះឆ្នោតអនុវត្ដទៅតាមច្បាប់នៃការបោះឆ្នោត នៅពេលគាត់ស្វាងស្រវឹង អាហ្នឹងឲ្យគាត់មកចុះឈ្មោះបោះឆ្នោតវិញ“។

អនុប្រធានគណៈកម្មការខេត្ដសៀមរាបរៀបចំការបោះឆ្នោត (គ.ខ.ប) លោក ពៅ សាខន មានប្រសាសន៍តាមបទពិសោធន៍កន្លងមកថា អ្នកទទួលទានគ្រឿងស្រវឹងធ្វើឲ្យប៉ះពាល់ទាំងនៅថ្ងៃចុះឈ្មោះនិងថ្ងៃបោះឆ្នោត ដែលលោកថាអាចឈានដល់បាត់បង់សិទ្ធិបោះឆ្នោតផងដែរ។ លោកសាទរនូវយុទ្ធនាការនេះ ដើម្បីឲ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់ដល់ការបោះឆ្នោត ដោយសារការប្រើគ្រឿងស្រវឹង។ លោកបន្ដថា៖ “ភាគច្រើននៅក្នុងហឹបឆ្នោតគ្មានបញ្ហាទេ វាច្រើនគាត់ខ្លះ គាត់បោះរួច ហើយគាត់ចេញមកវិញ មាននៅផ្ទះជិតលក់ស្រា គាត់ផឹកស្រវឹងគាត់ចូលមកវិញក ន្លែងគេហាមឃាត់១០០ម៉ែត្រពីកន្លែងការិយាល័យបោះឆ្នោត គាត់ចង្អុលមុខគេ រករឿងគេ ចឹងហើយ គាត់ស្រវឹងទៅនិយាយរឿងផ្ដេសផ្ដាស់ច្រើន“។

គួរបញ្ជាក់ថាការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្ដិទី៤នេះនឹងប្រព្រឹត្តទៅរយៈពេល៩០ថ្ងៃដោយចាប់ពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦នេះ។ ចំណែការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ