លោក សម រង្ស៊ី ថាលោក ហ៊ុន សែន ព្យាយាមរារាំងគណបក្សប្រឆាំងមិនឲ្យប្រកួតប្រជែង

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោក សម រង្ស៊ី បានថ្លែងប្រាប់អ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេសថាចំណាត់ការនានារបស់រដ្ឋាភិបាល រួមទាំងតុលាការមកលើសមាជិកគណបក្សប្រឆាំងជាការរារាំងរបស់លោក ហ៊ុន សែន មិនចង់ឲ្យគណបក្សប្រឆាំងចូលរួមបោះឆ្នោត។

លោក សម រង្ស៊ី លើកឡើងដូចនេះតាមរយៈវីដេអូមួយកាលពីម្សិលមិញ ដែលលោកបានថ្លែងនៅទីក្រុង Spartanburg រដ្ឋ South Carolina សហរដ្ឋអាមេរិក។ លោកថា បើមិនឲ្យគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតគឺគ្មាននរណាទទួលស្គាល់ការបោះឆ្នោតទេ។

លោកមានប្រសាសន៍ថា៖ “ដូច្នេះអត់មានអ្នកណាទទួលស្គាល់ទេ។ ទទួលស្គាល់ ទាល់តែមានការប្រកួត ទាល់តែគូប្រកួតពីរ ឥឡូវនេះគាត់រករឿងគណបក្សសង្គ្រោះជាតិ រករឿងទាំង កឹម សុខា រករឿងទាំង សម រង្ស៊ី គឺគាត់មិនចង់ ហើយគាត់មិនហ៊ានប្រកួតជាមួយប្រធានគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ“។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ប្រាប់វីអូឌីថាការចាប់ខ្លួនសមាជិកបក្សប្រឆាំងនិងការមិនអាចចូលប្រកួតប្រជែងរបស់លោក សម រង្ស៊ី ជាកំហុសរបស់លោក សម រង្ស៊ី និងសមាជិកខ្លួនឯងផ្ទាល់ ដោយលោកថាអ្វីដែលលោក សម រង្ស៊ី និងសមាជិកខ្លួនធ្វើគឺត្រូវទទួលខុសត្រូវមុខច្បាប់។

លោកបន្តថា៖ “រឿងដែលកើតឡើង ដែលគាត់រត់ទៅក្រៅប្រទេស មិនអាចចូលស្រុកបានដោយសារអី? គាត់ចេញទៅដោយខ្លួនឯង ដោយសារគាត់ខ្លាចគុកតែប៉ុណ្ណឹងទេ។ដោយសារតែនិយាយអត់មានការទទួលខុសត្រូវចំពោះមុខច្បាប់នេះហើយ បានជាគាត់ជាប់បណ្តឹងចំនួនបីបួនករណីទៀត។ ករណីនេះគ្មាននរណា ក្រៅពី សម រង្ស៊ី ធ្វើបាបខ្លួនឯងទេ ហើយកុំចោទអ្នកដទៃហ្នឹងជាមនុស្សដែលគ្មានការទទួលខុសត្រូវ“។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា យល់ថាការលើកឡើងរបស់លោក សម រង្ស៊ី ពេលខ្លះហាក់ដូចជាមិនមានផលចំណេញអ្វីសម្រាប់ខ្លួនលោក សម រង្ស៊ី ផ្ទាល់ទេ តែលោកយល់ថាការចរចាអាចធ្វើឲ្យមានដំណោះស្រាយបានប្រសើរជាងនេះ។ លោកបន្ថែមថា អ្នកនយោបាយនៅកម្ពុជាគួររៀបចំអាកប្បកិរិយានយោបាយឲ្យស្របទៅតាមការយល់ដឹងរបស់ប្រជាពលរដ្ឋ។ ដោយលោកឲ្យជាយោបល់ថា នៅកម្ពុជាគួរធ្វើនយោបាយមួយដោយប្រើប្រាស់កម្មវិធីនយោបាយជាជាងវាយប្រហារទៅលើរឿងបុគ្គល។

លោកបន្ថែមថា៖ “ប្រសិបើមិនមានការរៀបចំខ្លួនឲ្យបានល្អស្របតាមបែបប្រជាធិបតេយ្យទេ ការលើកឡើង ឬក៏ការវាយប្រហាចំនុចណាមួយ ត្រូវមានមូលដ្ឋានជាក់លាក់ ខ្ញុំគិតថានេះទើបជាចំនុចល្អ។ ក៏ប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំចង់ឃើញអ្នកនយោបាយនៅកម្ពុជាប្រកួតប្រជែងគ្នា ដោយប្រើប្រាស់គោលនយោបាយ ដោយប្រើប្រាស់កម្មវិធីនយោបាយជាជាងដោយប្រើប្រាស់រឿងបុគ្គលផ្ទាល់ខ្លួន ពីព្រោះការវាយប្រហាទៅលើរឿងផ្ទាល់ខ្លួននេះ ជាចំណែកដែលមានកម្តៅនយោបាយកើតឡើងនៅកម្ពុជានោះ“។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ហ៊ុន សែន ក៏បានថ្លែងសារជាថ្មីកុំឲ្យទូតបរទេសអន្តរគមន៍ទៅលើសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំខ្លួន ខណៈលោកនៅតែមានការខឹងសម្បានឹងការចោទថា ភរិយានិងកូនរបស់លោកជាប់ឈាមជ័រវៀតណាម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសមាជិកគណបក្សប្រឆាំងជិត២០នាក់ហើយកំពុងជាប់ឃុំខ្លួននៅពន្ធនាគារព្រៃស ខណៈលោក កឹម សុខា កំពុងជាប់ឃុំខ្លួនឯងនៅទីស្នាក់ការបក្ស ហើយលោក សម រង្ស៊ី ក៏បាននិរទេសខ្លួនឯងគេចចេញពីការចាប់ខ្លួនទាក់ទងនឹងបណ្តឹងនានារបស់រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ