រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឲ្យអ្នកកាសែតបញ្ចូលការអប់រំ ដោយបន្ថែមលក្ខណៈបែបវិទ្យាសាស្ត្រនៅក្នុងអត្ថបទព័ត៌មានឬវីដេអូខ្លីៗ ដែលទាក់ទងនឹងចរាចរណ៍ ជាជាងការផ្តល់តែដំណឹងមួយមុខ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ ថ្លែងនៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន កាលពីថ្ងៃទី២៣ សីហាស្ដីពី “បន្តរួមគ្នា ជំរុញការពាក់មួកសុវត្ថភាពសម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារនៅកម្ពុជា” ថាមានបញ្ហាច្រើនដែលប្រជាពលរដ្ឋមិនសូវយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពចរាចរណ៍ ដែលក្នុងចំណោមនោះ គឺអ្នកសារព័ត៌មានមិនសូវពន្យល់អ្នកអានជាលក្ខណៈវិទ្យាសាស្ត្រ។
លក្ខណៈវិទ្យាសាស្ត្រដែលលោកឡើងនេះ គឺមានន័យថាជាការបជ្រាបអំពីលទ្ធផលនៃគ្រោះថា្នក់ពីការបើកបរក្នុងល្បឿនលឿន ដោយលើកពីឥទ្ធិពលរបស់កម្លាំងម៉ាស៊ីននិងកម្លាំងនៃការប៉ះទង្គិច។
លោកមានប្រសាសន៍ថា៖ “បើយើងគ្រាន់តែនិយាយធម្មតា ជួនកាលមនុស្សយើងអត់យល់អស់ បើយើងពន្យល់ថាកាលណាយើងដួលទៅ ទម្ងន់ប៉ុណ្ណោ ក្លាយទៅប៉ុណ្ណា បានគាត់យល់ថាវាគ្រោះថា្នក់។ កាលណាដួលទៅមិនមែនដូចយើងដួលធម្មតាឯណា។ កាលណាជិះម៉ូតូលឿនដួលទៅ កម្លាំងហ្នឹងវាបោកទៅលើមនុស្សប៉ុណ្ណា […] ”។
នាយកអង្គការមូលនីធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា លោក គឹម បញ្ញា ថាគ្រោះថា្នក់ចរាចរណ៍នៅកម្ពុជាធ្វើឲ្យខាតបង់ថវិការាប់លានដុល្លា ខណៈដែលអាត្រាស្លាប់ដោយគ្រោះថា្នក់នេះនៅតែខ្ពស់បើប្រៀបធៀបនឹងប្រទេសជិតខាង។
លោកបញ្ជាក់ថា បញ្ហានេះគឺទាមទារឲ្យធ្វើការរួមគ្នាបន្ថែមទៀតរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកសារព័ត៌មាន។
លោកថា លោកនឹងពិនិត្យលទ្ធភាពក្នុងការគៀងគរដៃគូរបន្ថែមនិងសម្របសម្រួលឲ្យអ្នកសារព័ត៌មាន សហការលើការដាក់បញ្ចូលឲ្យមានការអប់រំបែបវិទ្យាសាស្ត្រ។
លោកមានប្រសាសន៍ថា៖ “ (កន្លងមក)យើងព្យាយាមសម្របសម្រួលអ្នកសារព័ត៌មាន យើងបានទៅជួបសម្ភាសន៍ជាមួយនឹងវេជ្ជបណ្ឌិតដែលគាត់ធ្វើការងារហ្នឹងបានដោយស្រួលជាមួយប្រជាពលរដ្ឋដែលគាត់រងគ្រោះ ប៉ុន្តែត្រង់ចំណុចដែលគាត់រងគ្រោះថ្នាក់ដែលគាត់ឃ្លាតពីម៉ូតូ បោកពីម៉ូតូទៅ វាត្រូវទម្ងន់ប៉ុន្មានអី ប៉ុន្មានយើងមិនទាន់ធ្វើបានដល់ចំណុចហ្នឹងទេ ហ្នឹងជាចំណុចល្អដែលយើងនឹងពិនិត្យមើលថា យើងអាចធ្វើបានកម្រិតណាក្នុងការធ្វើយ៉ាងម៉េចរកចំណុចគន្លឹះ រកសារគន្លឺះដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋយើងឲ្យគាត់ធ្វើការចូលរួម”។
បើតាមរបាយការណ៍សង្ខេបស្តីពីជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០១៥ កម្ពុជាមានជនរងគ្រោះដោយគ្រោះថា្នកចរាចរណ៍ចំនួន១៨ ៦៤៩នាក់និងមានអ្នកស្លាប់ចំនួន២ ២៣១នាក់ ដែលគិតជាមធ្យមស្លាប់ជាង៦នាក់ក្នុងមួយថ្ងៃ។ ៧១%នៃអ្នកស្លាប់ជាអ្នកជិះម៉ូតូហើយ៥៩%នៃអ្នកស្លាប់ដែលជិះម៉ូតូមានការប៉ះទង្គិចក្បាលពេលមានគ្រោះថ្នាក់។
បើតាមមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនឲ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍មានអ្នកស្លាប់ចំនួន១ ១០៨នាក់ បើប្រៀបនឹងឆ្នាំទី១ឆ្នាំ២០១៥មានការថយចុះជាង១០០នាក់ ដែលជនរងគ្រោះប្រមាណជា៨០%ជាអ្នកជិះម៉ូតូ៕