កូន​ ពែកមី ស៊ីថ្លៃ​​២​ពាន់​ដុល្លារ​​​​​​​ក្នុង​​​រឿងដំបូង

កូនលោក​ ពែកមី ឈ្មោះ រឹម សុរ៉ាហ៊ាទ្រី ​​​​​ហៅ​​ អាតួ (ដោយ វង្ស សុម៉ាលីន)

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមផលិតករនិងលោក ពែកមី ដោយផ្ទាល់បានអះអាងថាតួអង្គកូនប្រុសអ្នកនាង សារ៉ាយ សក្ខណា ក្នុងរឿង «សង្សារខ្ញុំក្រមុំកូន១» ដែលគេស្គាល់ថាជាកូនបង្កើតរបស់លោក ពែកមី ទទួលបានតម្លៃខ្លួន២ពាន់ដុល្លារក្នុងការសម្ដែងរឿងនោះ។ នេះជាតម្លៃមួយខ្ពស់ បើធៀបនឹងតារាប្រឡួកក្នុងសិល្បៈជាច្រើនផ្សេងទៀត ដែលថតមួយរឿងបានត្រឹមតែ៥០០ទៅ៧០០ដុល្លារនោះ។

លោក ពែកមី ថ្លែងក្នុងកិច្ចសម្ភាសន៍ក្នុងពិធីបើកសម្ពោធរឿង «សង្សារខ្ញុំក្រមុំកូន១» នៅរោងភាពយន្តទំនើបនៅផ្សារស្ទឹងមានជ័យកាលពីថ្ងៃទី២៣ សីហា ថាកូនប្រុសរបស់លោកទទួលបានតម្លៃខ្លួន២ពាន់ដុល្លារ សម្រាប់ការដើរតួធ្វើជាកូនប្រុសរបស់អ្នកនាង សារ៉ាយ សក្ខណា នៅក្នុងសាច់រឿង។

លោកថានេះជារឿងដំបូងដែលលោកបានអោយកូនប្រុសរបស់ខ្លួនចេញថតលើកដំបូង ដោយមិនពេលអោយថតគឺខាងផលិតករបានសរសេររឿងតម្រូវនឹងចរឹករបស់កូនលោកតែម្ដង។

លោកមានប្រសាសន៍ថា៖ ផលិតករគាត់ចង់ធ្វើហ្នឹង ហើយមិនដឹងថាគាត់ចង់យកក្មេងណាឲ្យត្រូវនឹងសាច់រឿងទេ! លុះដល់ឃើញកូនខ្ញុំ គាត់ក៏កែចរឹកតួឲ្យត្រូវកូនខ្ញុំ ហើយសុំយកកូនខ្ញុំឲ្យសម្ដែងធ្វើកូន សក្ខិណា តែម្ដង!”។

លោកថានៅក្នុងរឿង «សង្សារខ្ញុំក្រមុំកូន១» ផលិតករភ័យជាងគេគឺកូនរបស់លោកសម្ដែងអត់កើត ហើយមកពីផលិតមិនចង់បានក្មេងដែលមានអាយុលើស៤ឆ្នាំ ទើបខំសរសេរសាច់រឿងឲ្យត្រូវនឹងចរឹកខាងក្រៅរបស់កូនលោក ដែលលោកយល់ថាធ្វើឲ្យកូនរបស់លោកអាចសម្ដែងបានស្រួល។

ពែកមី បញ្ជាក់ថាក្នុងមួយរឿង «សង្សារខ្ញុំក្រមុំកូន១» កូនប្រុសរបស់លោកសម្ដែងមិនសូវខុសទេ ដោយសូម្បីតែប្លង់កើតទុក ប្លង់កំប្លែង និងប្លង់ផ្សេងៗក៏សុទ្ធតែសម្ដែងបានទាំងអស់ ទើបខាងផលិតកម្ម Red Picture បានទាំងលើកទឹកចិត្តកែច្នៃបទចម្រៀងកូនប្រុសរបស់លោកឲ្យច្រៀងសម្រាប់ដាក់នៅក្នុងភាពយន្តនោះផង។

លោក ពែកមី បញ្ជាក់ថាកូនប្រុសរបស់លោកដែលបានសម្ដែងក្នុងរឿង «សង្សារខ្ញុំក្រមុំកូន១» គឺជាកូនប្រុសពៅ និងមានឈ្មោះថា រឹម សុរ៉ាហ៊ាទ្រី ហៅ អាតួ អាយុ៤ឆ្នាំ។

លោកថាខ្លួនមានកូន២នាក់ ដោយកូនស្រីច្បងក៏បានថតរឿងនៅក្នុងរឿងនេះចំនួន២ឬ៣ប្លង់ ប៉ុន្តែមិនបានតម្លៃខ្លួននោះទេ។ ប៉ុន្តែលោកថា សម្រាប់កូនប្រុសរបស់លោកទទួលបាន២ពាន់ដុល្លារសម្រាប់តម្លៃខ្លួន ដោយតម្លៃនេះគឺបានប្រកាសដោយក្រុមផលិតករតែម្ដង។

លោកនិយាយថា៖ “កូនខ្ញុំថតម៉ារឿងហ្នឹង គាត់ (ផលិតករ) ឲ្យ២ពាន់ដុល្លារ! ខ្ញុំអត់មានទារទេ គឺគាត់ឃើញកូនខ្ញុំលេងល្អ គាត់សប្បាយចិត្តគាត់ថាឲ្យប៉ុណ្ណឹង!”។

លោក ឌៀប សុវណ្ណារ៉ា ចាងហ្វាងផលិតកម្ម Red Picture បានអះអាងថា លោកសម្រេចចិត្តផ្ដល់ឲ្យតម្លៃខ្លួនកូនប្រុសរបស់លោក ពែកមី ចំនួន២ពាន់ដុល្លារ គឺដោយសារតែតួអង្គកូនប្រុសរបស់លោក ពែកមី ក៏ជាតួអង្គធំសំខាន់។

លោកនិយាយថាតម្លៃខ្លួននេះមិនខ្ពស់នោះទេ សម្រាប់ក្មេងម្នាក់ដែលអាចសម្ដែងបានល្អ ហើយធ្វើឲ្យរឿងរបស់លោករស់រវើក។

លោកថានៅក្នុងរឿង «សង្សារខ្ញុំក្រមុំកូន១» បើគ្មានតួអង្គកូនប្រុសរបស់លោក ពែកមី គឺនឹងចេញមិនរួចតែម្ដង ដោយសារតែរឿងទាំងមូល គឺតម្រូវអោយ សារ៉ាយ សក្ខណា និងតួអង្គប្រុសសម្ដែងពាក់ព័ន្ធនឹងតួក្មេងនេះ។

លោកទទួលស្គាល់ថាតារាដែលមានឱកាសបានសម្ដែងក្នុងរឿងដំបូងៗជាពិសេសគឺតួកូនក្មេងមិនមានតួណាដែលទទួលបានតម្លៃខ្លួននេះទេ ប៉ុន្តែមកពីលោកចង់ឲ្យកូនប្រុសរបស់លោក ពែកមី ទើបផ្ដល់២ពាន់ដុល្លារក្រោយថតបញ្ចប់រឿង។

លោករំពឹងថាខ្សែរឿងដែលបានសម្រេចដាក់បញ្ចាំងចាប់ពីថ្ងៃទី២៤ សីហានេះ នឹងទាក់ទាញអ្នកទស្សនាច្រើនជាងកន្លះលាននាក់ ដោយសារតែរឿងដែលលោកផលិតឡើងចំនួន២រឿងមុនក៏ទទួលបានចំនួនមិនក្រោមនេះដូចគ្នា។

លោកថារឿង «សង្សារខ្ញុំក្រមុំកូន១» គ្រាន់តែសំបុត្រកក់ទុក គឺមានចំនួនដល់រាប់រយនាក់មកហើយតាំងពីមួយថ្ងៃមុនសម្ពោធទើបលោកជឿថា រឿងនេះមិនក្រោម៥០ម៉ឺនដុល្លារឡើយទម្រាំទម្លាក់ផ្លាក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ