ពលរដ្ឋមាន​ជម្លោះដីធ្លីនៅបាត់ដំបង​ សុំពន្លឿន​ការដោះ​ស្រាយពីលោក ​ហ៊ុន ​សែន

ពលរដ្ឋ​មាន​វិវាទ​ដីធ្លីនៅ​ខេត្តបាត់​ដំបង​ប្រមាណ​៥៩គ្រួសារ​ នៅ​ព្រឹក​ថ្ងៃទី២៤សីហានេះ បាន​ឡើង​មក​ខុទ្ទកាល័យ​លោក​ ហ៊ុន សែន សារជាថ្មី ​ដើម្បី​តាម​ដាន​ញត្តិនិងសុំ​ការ​អន្តរាគម​ ពន្លឿន​ដំណោះស្រាយបន្ថែម​ពី​លោក​ ហ៊ុន សែន ពាក់ព័ន្ធករណីជម្លោះដីធ្លីជា​មួយ​ទាហានខេត្ត។

នេះជា​លើក​ទី​បួនហើយ ដែលប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លីទាំង​នេះ ​មក​ពី​ស្រុកបវិលនិងស្រុកបាណន់ ​ឡើង​មក​ ​សុំ​ការ​អន្តរាគមន៍​ និង​ដំណោះ​ស្រាយពី​លោក ហ៊ុន សែន នៅក្រុង​ភ្នំពេញ។

អ្នក​ស្រី សោម ចំរើន ជាតំណាង​ពលរដ្ឋ​មាន​ជំលោះដីធ្លី មក​ពី​ស្រុកបវិល ខេត្តបាត់​ដំបង មាន​ប្រសាសន៍ថា អ្នកស្រីប្រមូល​គ្នា​មក​ភ្នំពេញនេះ ​គឺ​ដើម្បី​​ទាម​ទារ​ការ​អន្តរាគមសារ​ជា​ថ្មី​ពី​ លោក ហ៊ុន សែន។ អ្នក​ស្រីថា ក្រុម​ពលរដ្ឋទាំង​អស់​ធ្វើ​បែប​នេះ ​ដោយ​សារ​តែ​ពួកគាត់ ​មិន​អាច​ស្វែង​រកការ​ដោះ​ស្រាយ​ពី​អាជ្ញាធរខេត្ត និង ក្រសួង​ថ្នាក់​ក្រោមជាតិ​បាន ហើយ​ក៏​អស់​ជំនឿថា​ នឹង​ទទួល​បាន​ការ​ដោះស្រាយ​សម​ស្រប​ដែរ ទើប​ពួក​គាត់​សម្រេច​មក​រក​លោក ហ៊ុន សែន ​តែ​ម្តង។

អ្នក​ស្រីថា៖ «យក​កាំភ្លើង​មក​គំរាម​កំហែង​ទៀត ហើយ​សុំឲ្យ​សម្តេច​លោក​ជួយ​ផង កុំ​ឲ្យ​ខាងនោះគាប​សង្កត់ គំរាម​កំហែង​ប្រជាពលរដ្ឋខ្លាំងណាស់ មាន​សុទ្ធតែ​ប៉ូលីសនិងប៉េអឹម ហើយ​ខាង​អាជ្ញាធរ​យក​កាំភ្លើងទៅ​គំរាម​ទៀត​នោះ។ អញ្ជឹង​បានជាឈឺចាប់​ណាស់ ហើយ​ខ្ញុំ​សុខ​ចិត្ត​ស្លាប់លើ​ដី​របស់​ខ្ញុំ ខ្ញុំ​មិន​ថយ​ចេញ​ទេ។ ខ្ញុំដូចជាអស់ទំនុកចិត្តនឹង​អាជ្ញាធរដែន​ដីហើយ ដែល​គាត់​មិន​បាន​ធ្វើ​រឿង​រៀប​រយ​ឲ្យ​ពួក​ខ្ញុំ​សោះ ហើយ​ឲ្យ​តែឡើង​មក គាត់​សន្យាថាជួយ សន្យា​ថាជួយ តែ​គិត​ទៅ ​គឺ​សន្យាខ្យល់​រហូត»។

អ្នកស្រីអះអាងបន្ត​ថា ទីដីដែលមានជម្លោះនោះគឺជាដីដែលចៅហ្វាយ​ខេត្ត​ចាស់បាន​ផ្តល់​សម្បទាន​ឲ្យ​ទៅ​ដល់​គ្រួសារជនពិការ គ្រួសារ​ចាស់ជរា និងស្ត្រី​មេម៉ាយ​គ្មានទីពឹង គឺមាន​ន័យ​ថា​​អនុញ្ញាត​ឲ្យ​ពួក​គាត់​បាន​រស់​នៅ​និង​អាស្រ័យ​ផល​នៅ​ទីនោះ។

ក្រុម​ប្រជាពលរដ្ឋ​បន្ត​ថា ដោយ​សា​រ​ចង់​ឲ្យ​បញ្ហា​ឆាប់ចប់ ពួក​គាត់​ក៏​សម្រេច​ធ្វើ​ការ​ចរចាជា​មួយ​ទាហាន​ទាំង​នោះ ដោយ​ ពួក​គាត់​ព្រម​ផ្តល់​ថវិកា​ដល់​ទាហាន​ទាំង​នោះ ១៥០ដុល្លាអាមេរិក សម្រាប់​ផ្ទៃដី១ហិចតា ដើម្បី​ឲ្យ​ពួក​គេ​ចេញ​ពី​ដី​ស្រែ​របស់​ពួក​គាត់។ ពួកពលរដ្ឋ​បន្ត​ថា ខាង​ទាហាន​នោះ ​មិន​ព្រម​នឹង​ការ​ចរចា​នេះទេ ហើយទាមទារឲ្យ​ពលរដ្ឋបង់​បា្រក់ ៥០០ដុល្លាអាមេរិក សម្រាប់​ដី​១​ហិកតា ដែល​ប្រជាពលរដ្ឋទាំង​នេះ​មិន​អាច​ធ្វើ​បាន។

លោក អ៊ុក សាអែម ជាតំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ក៏​លើក​ឡើង​ដែរ​ថា លោក​និង​ពលរដ្ឋផ្សេងទៀត​បាន​ធ្វើការ​ចរចាជា​មួយ​ទាហាន​ដែល​មក​អាងទី​នៅដីពួក​គាត់​នោះ​ហើយ តែមិន​បាន​ផល​ទេ។ លោកថា មក​ភ្នំពេញ​លើក​នេះ​គឺត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យមាន​ការ​ទទួល​បាន​ដំណោះ​ស្រាយ​មួយ ឲ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​ប្លង់​កម្មសិទ្ធិដីនោះជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ។

លោក​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​មក​នេះ ​គឺ​ដើម្បីមក​ជួប​សម្តេចផ្ទាល់ ដើម្បីឲ្យ​គាត់​ជួយ​ដោះស្រាយ​បញ្ហា​ពួក​ខ្ញុំ សុំឲ្យ​មាន​ប្លង់​កម្មសិទ្ធិស្រប​ច្បាប់។​ តាម​ខ្ញុំ ខ្ញុំ​ចង់​បាន​ជំនួយពី​អង្គការជាតិ​និងអន្តរជាតិ អំពាវនាវឲ្យ​គាត់​ជួយ​ប្រជាពលរដ្ឋ​ផង ព្រោះ​នេះ​ប្រជាពលរដ្ឋអស់​ហើយ គ្មាន​អីទៀត​ទេ ណា​មួយ​ជំពាក់​ប្រាក់​អង្គការ ហើយ​ណាជីវភាព​ក្នុង​គ្រួសារ កូន​រៀន ហើយណាមួយ​ធ្វើ​អាជីវកម្ម​មិន​បាន​ពេញ​លក្ខណៈទេ»។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អភិបាល​ស្រុកបវិល លោក វិន ហួត បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃនេះថា​ ទំនាស់​ដី​នេះ ​មិន​មែន​ជារឿង​ថ្មីទេ គឺជាទំនាស់​ដី​យូរ​មក​ហើយ។ លោក​ថា ខាង​អាជ្ញាធរ​កំពុង​តែ​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋហើយ ហើយ​ថា នៅ​ថ្ងៃនេះ លោកបាន​ហៅ​ឲ្យពលរដ្ឋទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សន្យា​នឹង​ពលរដ្ឋ​ថា​ នឹង​ដោះ​ស្រាយ​បញ្ហា​ឲ្យ​នៅ​ថ្ងៃចន្ទសប្តាហ៍​ក្រោយ។

លោក​មាន​ប្រសាសន៍ថា៖ «ឥឡូវ​នេះ​យើង​កំពុង​តែ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​រវាង​ទ័ព​និង​ពួក​គាត់ ប្រជាពលរដ្ឋ​ហា ហុក​សិប​គ្រួសារហ្នឹង។ ឯក​ឧត្តម​អភិបាល​ខេត្ត លោក នឹង​ដោះ​ស្រាយ​ឲ្យ​នៅ​ថ្ងៃចន្ទ។ សម្រាប់​យន្តការ​ដោះ​ស្រាយ ខ្ញុំ​មិន​ទាន់​ដឹង​ថា​យ៉ាង​ម៉េចទេ ចាំ​មើល​ថា​តើ​ខេត្ត​គាត់​មាន​គម្រោង​ដោះ​យ៉ាង​ម៉េច»។ ​

ក្រុម​ពលរដ្ឋទាំង​នោះនិយាយ​ថា ពួកគេ​បាន​មក​រស់​នៅ ​កាន់​កាប់និង​អាស្រ័យ​ផល​នៅតំបន់ ស្រុកបវិល និង ស្រុក​បាណន់ ក្នុង​​ទឹក​ដី​ខេត្ត​បាត់​ដំបង​នេះ អស់​រយៈពេលជាង ១៧​ឆ្នាំ​មក​ហើយ ហើយថា ដីទាំងនោះ​ត្រូវ​បាន​ទាហាន​នៅ​បាត់​ដំបង​ កាន់​កាប់ មិន​ឲ្យ​ប្រជាជន​អាស្រ័យ​ផល​តទៅ​ទៀត។ ​ពួកគេថា កាលពីខែមិនា២០១៧ កន្លងទៅ​ មាន​ទាហានមួយ​ក្រុម​បាន​យក​ត្រាក់ទ័រមក​ឈូស​ឆាយ និង​អះអាង​កាន់​កាប់​តំបន់​ដីរបស់​ពួក​គាត់។

បើតាមអះអាងបន្ថែមរបស់ពលរដ្ឋ ដីដែលស្ថិត​ក្នុងជម្លោះជាមួយទាហាននោះ មានទំហំសរុប១៥២ហិចតា ហើយក្នុង​នោះពលរដ្ឋ៥៩គ្រួសារ មក​ពី​ស្រុក​បវិល​មួយ​ចំនួន ស្រុកបាណន់ចំនួន ដោយក្នុងមួយគ្រួសារមានដីចន្លោះ​ពី៣ទៅ៤ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ