គណៈកម្មការ​បុណ្យ​អំពាវ​នាវ​រក​ទីតាំង​រៀបចំ​បុណ្យ​ខួប​១០០​ថ្ងៃ​សព​បណ្ឌិត កែម ឡី

អ៊ំស្រីលោក កែម ឡី កំពុងសំអាតរួបថតលោក កែំម ឡី (ដោយ ទូច សុខា)

សមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី បានអំពាវនាវដល់សប្បុរសជន ឲ្យជួយផ្ដល់ទីកន្លែងធ្វើបុណ្យខួប ១០០ថ្ងៃសពបណ្ឌិតកែម ឡី ដោយលើកឡើងថា វត្ដនានា ក្នុងរាជធានីភ្នំពេញ មិនត្រូវបានគេអនុញ្ញាតនោះឡើយ ដោយសារមានគំនាបពីអាជ្ញាធរ។

សេចក្ដីប្រកាសព័ត៌មាន ចេញដោយគណៈកម្មការបុណ្យកាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃសពអ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត កែម ឡី គ្រោងរៀបចំធ្វើឡើងរយៈពេល ២ថ្ងៃនៅរាជធានីភ្នំពេញ មុននឹងដង្ហែទៅបន្តរៀបចំបុណ្យនៅឯស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១៦ ខែតុលាខាងមុខ។

សមាជិកបុណ្យខួបសពបណ្ឌិតកែម ឡី លោក សៅ កុសល ប្រាប់ VOD នៅថ្ងៃនេះថា ពីធីបុណ្យខួបគម្រប់ ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនោះ មិនទាន់ត្រូវបានកំណត់ទីតាំងនៅឡើយ ដោយសារទីតាំងនៅវត្ដចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ដែលជាកន្លែងធ្វើបុណ្យសពលោក និងនៅតាមវត្ដអារាមផ្សេងទៀត មិនត្រូវបានព្រះសង្ឃអនុញ្ញាត ដោយលោកថា ការមិនផ្ដល់ទីតាំងនោះ ដោយសារមានគំនាបពីអាជ្ញាធរ។

លោកអំពាវដល់សប្បុរសជន ជួយផ្ដល់ទីកន្លែងនៅរាជធានីភ្នំពេញ សម្រាប់ធ្វើបុណ្យខួប ១០០ថ្ងៃ មុនដង្ហែឆ្ពោះទៅកាន់ខេត្ដតាកែវបន្ដទៀត។

លោកបន្ដថា៖ សប្បុរសជន ឬជនរួមជាតិណាដែលមានដីធំធ្វើបុណ្យបាន ឲ្យជួយផ្ដល់ដំណឹងមកយើង ដើម្បីយើងពិចារណា ដោយសារយើងសុំវត្ដ ៤ ទៅ ៥ នៅក្នុងរាជធានី ប៉ុន្ដែ ព្រះចៅអធិការវត្ដ មានសង្ឃដីកា មិនឲ្យដូចជា ខ្លាចការគំរាមកំហែង ចឹងទៅយើងមានតែជួលកន្លែងសាធារណៈតែប៉ុណ្ណោះ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ខួង ស្រេង មានប្រសាសន៍ថា ការធ្វើបុណ្យធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា អាជ្ញាធរគ្មានសិទ្ធហាមឃាត់នោះទេ ប៉ុន្ដែ លោកថា ការធ្វើធីបុណ្យខួបគម្រប់ ១០០ថ្ងៃលោកបណ្ឌិត កែម ឡី ដែលព្រះសង្ឃមិនអនុញ្ញាតនោះ លោកថា ដោយសារថ្ងៃនោះ ជិតដល់ថ្ងៃពិធីបូណ្យអុំទូកអកអំបុក សំពះព្រះខែ។

ផ្អែកតាមប្រតិទិនកម្ពុជា ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ត្រូវបានកំណត់ធ្វើនៅពាក់កណ្ដាលខែវិច្ឆិកា ដែលវាមានរយៈពេល ១ខែក្រោយការរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី។

បើតាមគណៈកម្មការបុណ្យ ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃនេះ នឹងទទួលយករូបថតនូវសកម្មភាពនៅតាមព្រៃ ពីប្រជាពលរដ្ឋ និងសំឡេងវិភាគសង្គមផ្សេងនៅតាមវិទ្យុរបស់បណ្ឌិត កែម ឡី មកដាក់តាំងនៅក្នុងពិធីបុណ្យខួបនោះផងដែរ ដើម្បីរំលឹកឡើងវិញពីអ្វីដែលលោកធ្វើកន្លងមក ដោយមិនជាប់ពាក់ព័ន្ធនយោបាយ ដោយលោកថា គឺធ្វើឡើងដើម្បីប្រជាពលរដ្ឋ និងសង្គមជាតិប៉ុណ្ណោះ។

លោក កែម ឡី អាយុ ៤៦ឆ្នាំ ជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនៅកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ទោះបីជាខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានក្នុងថ្ងៃបាញ់ប្រហារនោះក៏ដោយ ប៉ុន្តែ លទ្ធផលនៃការស៊ើបអង្កេតការបាញ់ប្រហារអ្នកវិភាគរូបនេះ មិនត្រូវបានសមត្ថកិច្ចបង្ហាញដល់សាធារណជននៅឡើយរហូតមកដល់ពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ