លិខិតមិត្តអ្នកអាន៖ មុំបី

ដោយ VOD Admin​​ | ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 7:31 AM | លិខិតមិត្តអ្នកអាន | 0 | 28308 សម្តេចហ៊ុន សែន ថតសែលហ្វីជាមួយ​ខ្មែរ​ឥស្លាមកាលពីថ្ងៃទី​៣ ខែកក្កដា និង​លោក កឹម សុខា ជួប​ខ្មែរ​ឥស្លាមនៅទីស្នាក់ការគណបក្ស​សង្រ្គោះជាតិ ​(រូបថតពីហ្វេសប៊ុក​)

ភ្លាមៗក្រោយការបោះឆ្នោតឆ្នាំ២០១៣ពោលគឺក្រោយពី CPP បាត់បង់អាសនៈសភាយ៉ាងច្រើននោះ ចិនបានបញ្ចុកបន្ស៊ីសម្ដេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ ឲ្យត្រូវរ៉ូវគ្នា បង្រួបបង្រួមគ្នាបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញ។

ចិនដែលជាប្រទេសមានការកត់ត្រាប្រវត្តិសាស្ត្របានយ៉ាងល្អនោះ ប្រាកដជាចេះដឹងបានល្អណាស់អំពីទ្រឹស្ដីមុំបី តាមរយៈរឿងសាមកុក ដែលកើតឡើងនៅសតវត្សរ៍ទី៣នៃគ្រឹះសករាជ។

នៅឆ្នាំ២២០ ក្រោយពេលចូឆូស្លាប់ ចូភី ដែលជាកូនបានឡើងជាឧបរាជ ហើយដណ្ដើមអំណាចពីស្ដេចហ័ន បង្កើតនគរ Wei ហៅថាវុយកុក។ ឆ្នាំ២២១ ឡៅពីបង្កើតនគរ Shu ហៅថាចុកកុក ហើយឆ្នាំ២២២ ស៊ុនគ័ន បានបង្កើតនគរ Wu ហៅថា ង៉កុក។ សូមអភ័យចំពោះឈ្មោះតួអង្គ និងឈ្មោះប្រទេសដែលខុសពីខ្សែវីដេអូដែលលោកអ្នកបានទស្សនា ប៉ុន្តែឈ្មោះតួអង្គ និងឈ្មោះប្រទេសដែលមាននេះ គឺជាស្នាដៃបកប្រែរបស់អ្នកឧកញ៉ាវិបុលសនា “កន” ដែលបានបោះពុម្ពតាំងពីឆ្នាំ១៩៣៣។ មិនសំខាន់ឈ្មោះតួអង្គ និងឈ្មោះប្រទេសនោះទេ សំខាន់គឺខ្លឹមសារនៃរឿង។

នៅក្នុងរឿងនេះនគរ Wei របស់ចូភី គ្រប់គ្រងដែនដីបានធំជាងគេ មានទ័ពច្រើនជាងគេ ចំណែកនគរពីរទៀតរបស់ឡៅពី និងស៊ុនគ័ន ជានគរតូច មានរាស្ត្រតិច។ ដើម្បីទប់នឹងនគរ Wei របស់ចូភីបាន នគរតូចៗទាំងពីរនេះបានចងសម្ព័ន្ធនឹងគ្នា តាមគំនិតរបស់ខុងមេង ឬជូកឺលៀង ហើយនគរទាំងបីមានអាយុកាលរហូតដល់៦០ឆ្នាំ។

ត្រឡប់មកនយោបាយនៅស្រុកខ្មែរវិញ នៅពេលដែលគណបក្សបីមានកម្លាំងលើសគ្នាបន្តិចបន្តួចនោះ គណបក្សដែលមានកម្លាំងលើសគេតែបន្តិចនោះ អាចនឹងឈ្នះការបោះឆ្នោតដឹកនាំប្រទេសជានិច្ច នេះបើតាមរូបមន្តនៃការគណនាសន្លឹកឆ្នោត ដើម្បីបែងចែកអាសនៈនៅក្នុងសភា។

នៅឆ្នាំ១៩៩៨ CPP ទទួលបាន ៦៤អាសនៈ ហ្វ៊ុនស៊ិនប៉ិច ៤៣អាសនៈ គណបក្សសមរង្ស៊ី ១៥អាសនៈ។ នៅឆ្នាំ២០០៣ CPP បាន ៧៣អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ២៦អាសនៈ គណបក្សសមរង្ស៊ី ២៤អាសនៈ។

នៅឆ្នាំ២០០៨ ពេលដែលហ្វ៊ុនស៊ិនប៉ិចបែកជាពីរ ហើយមានបង្កើតគណបក្សសិទ្ធិមនុស្សថែមទៀត ធ្វើឲ្យអាសនៈរបស់ CPP កើនដល់៩០ ចំណែកគណបក្សសមរង្ស៊ីទទួលបាន២៦អាសនៈ គណបក្សសិទ្ធិមនុស្សបាន៣អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច បាន ២អាសនៈ និងគណបក្សនរោត្តម រណឫទ្ធិទទួលបាន ២អាសនៈ។

ប៉ុន្តែនៅឆ្នាំ២០១៣ ក្រោយពេលគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបញ្ចូលគ្នា បង្កើតបានជាគណបក្សសង្គ្រោះជាតិនោះ ឬ CNRP បានធ្វើឲ្យលទ្ធផលឆ្នោតប្រែប្រួលយ៉ាងខ្លាំង។ លទ្ធផលបោះឆ្នោតឆ្នាំ២០១៣ ដែលប្រែប្រួលខ្លាំងនោះ គឺដោយសារតែការបាត់តុល្យភាពនៃគណបក្សធំៗទាំងបី ពោលគឺនៅសល់តែគណបក្សធំពីរតែប៉ុណ្ណោះ។ កាលណាគណបក្សធំៗពីរប្រកួតគ្នា នោះលទ្ធផលវាមានតែឈ្នះនិងចាញ់។ ប្រហែលដោយមើលឃើញចំណុចនេះហើយ ទើបចិនមកប្រោសឲ្យហ្វ៊ុនស៊ិនប៉ិចរស់ឡើងវិញ ដើម្បីឲ្យសំឡេងឆ្នោតនៅពេលខាងមុខមានតុល្យភាពគ្នាឡើងវិញ ហើយជួយឲ្យ CPP បន្តឈ្នះឆ្នោតដឹកនាំប្រទេសតទៅទៀត។

ប៉ុន្តែជាអកុសល ហ្វ៊ុនស៊ិនប៉ិច ដែលបង្រួបបង្រួមគ្នាក្រោមគំនិតផ្ដួចផ្ដើមរបស់ចិននោះ បានបែកបាក់ទៅវិញហើយ។ យ៉ាងនេះក្ដី គណបក្សថ្មីមួយដែលទើបកើតចេញពីក្រុមបញ្ញវន្ត ហៅថាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬ GDP ដែលមានការគាំទ្រពីកសិករ និងកម្មករមួយចំនួនដែរនោះ អាចនឹងឡើងមកទប់លំនឹងតុល្យភាពមុំបីបាន។

ជុំវិញរឿងមុំបីនេះ CPP ធ្លាប់ធ្វើបានល្អរួចមកហើយចន្លោះការបោះឆ្នោតឆ្នាំ១៩៩៨ ដល់២០០៨។ ប៉ុន្តែនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ ទោះជាមុំប៉ុន្មានក៏មិនសំខាន់ដែរ ព្រោះប្រជាពលរដ្ឋម្ចាស់ឆ្នោតយល់ច្បាស់ណាស់ពីវិធីផ្លាស់ប្ដូរមេដឹកនាំតាមរយៈការបោះឆ្នោត។ បើពួកគាត់គាំទ្រអ្នកដឹកនាំបច្ចុប្បន្ន ហើយចង់បានលទ្ធផលដដែល នោះពួកគាត់នឹងបោះឆ្នោតឲ្យ CPP ផ្ទុយទៅវិញបើពួកគាត់ចង់បានការផ្លាស់ប្ដូរ ចង់បានអ្វីដែលថ្មី នោះពួកគាត់នឹងបោះឆ្នោតគាំទ្រ CNRP ហើយបើពួកគាត់ទៅបោះឆ្នោតគាំទ្រគណបក្សផ្សេងៗទៀត វាបានត្រឹមតែធ្វើឲ្យបែកសំឡេងតែប៉ុណ្ណោះ។ និយាយរួម នៅចំពោះមុខនេះ គឺមានតែពាក្យថា តើដូរ ឬមិនដូរតែប៉ុណ្ណោះ។

ក្នុងស្ថានភាពបច្ចុប្បន្ននេះ CPP អាចគិតថា គូប្រជែងដ៏ធំបំផុតរបស់ខ្លួនគឺ CNRP ប៉ុន្តែបើគិតដូច្នេះមែនគឺជាការយល់ច្រឡំហើយ អ្នកដែល CPP ត្រូវយកឈ្នះមិនមែន CNRP ទេ ផ្ទុយទៅវិញគឺប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ដូចអត្ថបទ “ខុនក្រៅក្ដារ” បានសរសេរអ៊ីចឹង ម្ចាស់ឆ្នោតនាពេលនេះ ប្រៀបដូចអ្នកទស្សនាការប្រកួតអុក។ គាត់ដឹងពីកតិកា និងក្រមសីលធម៌នៃការប្រកួតនេះច្បាស់ណាស់។ បើនៅក្នុងបាល់ទាត់វិញ គេហៅថា Fair Play គឺបានន័យថាលេងដោយសមរម្យ ប្រកបដោយក្រមសីលធម៌ មិនរំលោភបំពានលើដៃគូប្រកួត។

តើរហូតមកដល់ពេលនេះ CPP បានគោរពក្រមសីលធម៌នៃការលេងបានប្រសើរហើយ ឬ នៅ? វិនាសកម្មព្រៃឈើ អំពើអយុត្តិធម៌ក្នុងសង្គម អ្នកមានលុយ មានអំណាចឈ្នះ ការរំលោភដីធ្លី ការចាប់មន្ត្រីសិទ្ធិមនុស្ស និងអ្នកគាំទ្របក្សប្រឆ្នាំងដាក់គុក កង្វះទីផ្សារកសិផល សុទ្ធតែជាកត្តាដែលអាចឲ្យប្រជាពលរដ្ឋវិនិច្ឆ័យពីសមត្ថភាពនៃការដឹកនាំរបស់ CPP ។

តើ CPP បានឆ្លុះកញ្ចក់មើលខ្លួនឯងហើយឬនៅ? កញ្ចក់ទិព្វ សម្រាប់ CPP អាចប្រើប្រាស់ឆ្លុះមើលខ្លួនឯងបាននោះ ត្រូវបានគេវាយបំបែកបាត់ទៅហើយ នោះគឺលោកបណ្ឌិត កែម ឡី ដែលជាអ្នកឃើញអ្វីថាហ្នឹង គឺនិយាយការពិត មិននិយាយការពារ។

បើប្រជាពលរដ្ឋមើលឃើញថា CPP លេងមិនបានល្អ មិនគោរពកតិកានៃការលេង ឬ គ្មានសីលធម៌ជាដើមនោះ ទោះបីជាគ្មាន CNRP ចូលប្រកួតនៅឆ្នាំ២០១៨ខាងមុខ ហើយមានត្រឹមតែ GDP ក៏អាចយកជ័យជម្នះលើ CPP បានដែរ ព្រោះដូចនិយាយពីខាងលើហើយថា ប្រជាពលរដ្ឋដឹងពីវិធីផ្លាស់ប្ដូរតាមរយៈការបោះឆ្នោត។

សរុបមកវិញ បើ CPP លេងបានល្អមានក្រមសីលធម៌ គោរពគោលការណ៍ នៃការលេង នោះមុំបីជាជម្រើសល្អបំផុត។ ផ្ទុយទៅវិញ បើ CPP លេងមិនបានល្អទេ ទោះជាមុំប៉ុន្មានក៏ដោយ ទោះជាគ្មាន CNRP ចូលប្រកួតក៏ដោយ ក៏ CPP មិនឈ្នះដែរ៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required