រដ្ឋាភិបាលអនុញ្ញាតឲ្យដូរឈ្មោះរមណីយដ្ឋានបូកគោ តែលោក ហ៊ុន សែន ថា អត់បានដឹង

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ផ្លាស់​ប្ដូរ​ឈ្មោះ​រមណីយដ្ឋាន​​ឋាន​សួគ៌​បូកគោ​ បើទោះ​បី​ជា​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អភិបាល​ខេត្ត​កំពត បាន​អះ​អាង​ថា មិន​បាន​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ​ក៏​ដោយ។

រមណីយដ្ឋាន​ឋាន​សួគ៌​បូកគោ ត្រូវ​បានផ្លាស់​ប្ដូរ​ឈ្មោះ​ទៅ​ជា «សុខា ឋាន​សួគ៌»​ពី​សំណាក់​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បង្ក​​ឲ្យ​មាន​ប្រតិកម្ម​ពី​មហាជន​អំពី​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​តំបន់​មរណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ។

បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​ពី​មហាជន លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​រមណីយដ្ឋា​ន​នេះ​ទេ។

មិន​មែន​តែ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទេ សូម្បី​តែ​រដ្ឋបាល​ខេត្ត​កំពត ក៏​បាន​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា មិន​​បាន​ដឹង​អំពី​ការ​សម្រេច​ផ្លាស់​ប្ដូរ​ឈ្មោះ​ផង​ដែរ។

ទោះជាយ៉ាងណា ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​០១ ខែ​កញ្ញា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បាន​សម្រេច​ទទួល​យក​សំណើ​ផ្លាស់​ប្ដូរ​ឈ្មោះ​តំបន់​រមណីយដ្ឋាន​មួយ​នេះ ដែល​បាន​ស្នើ​ឡើង​ដោយ​លោក សុខ គង់ ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន សុខា អូតែល។

ប៉ុន្តែ លោក សុខ សុភ័ក្ត្រ បាន​បញ្ជាក់​ប្រាប់ទៅ​លោក សុខ គង់​ថា ក្រុមហ៊ុន​ឯកជន​មួយ​នេះ ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់ ប្រសិន​បើ​មាន​ការ​តវ៉ា​ណា​មួយ ជុំ​វិញ​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ។

ក្នុងលិខិតអនុញ្ញាតដដែល​នោះ ក្រសួងពាណិជ្ជកម្មក៏បានចម្លងជូនក្រសួងសេដ្ឋកិច្ច ក្រសួងការងារ អគ្គនាយកដ្ឋាន​ពន្ធដារ នាយកដ្ឋានផែនការ ស្ថិតិ និង​ព័ត៌មានពាណិជ្ជកម្ម សាលាខេត្តកំពត និង​មន្ទីរពាណិជ្ជកម្មកំពតផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែ​កញ្ញា រដ្ឋបាល​ខេត្ត​កំពត មិន​ត្រឹម​តែ​អះ​អាង​ថា មិន​បាន​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ​ទេ ប៉ុន្តែ បាន​បញ្ជាក់​ថា មិន​គាំ​ទ្រ​ដាច់ខាត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ។

បន្ទាប់​ពី​ផ្ទុះ​ប្រតិកម្ម​ពី​មហាជន លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​អភិបាល​ខេត្ត​កំពត​លោក ចាន់ ចេស្ដា ឲ្យ​រុះរើ​ស្លាក​ឈ្មោះ​ថ្មី​នោះ ដោយ​លោក​ចាត់​ទុក​ជា «ផ្លាកសញ្ញាអត់​ច្បាប់»​។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត បាន​ឲ្យ​ដឹង​ថា ស្លាក​ឈ្មោះ​នោះ ត្រូវ​បាន​រុះរើ និង​កែប្រែមក​ឈ្មោះដើមវិញ​ហើយ បន្ទាប់ពីមានការអន្តរាគមន៍​ផ្ទាល់​ពីលោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ