កូរ៉េខាងជើងផ្លោងសម្ដីដាក់អាមេរិកវិញថា ជៀសមិនផុតពីវាយប្រហារអាមេរិក

កូរ៉េ​ខាង​ជើង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​កំណត់​គោល​ដៅ​វាយ​ប្រហារ​លើ​ទឹក​ដី​អាមេរិក​ដោយ​ប្រើ​គ្រាប់​រ៉ុកកែត​របស់​ខ្លួន គឺ​ជា​រឿង​ជៀស​មិន​រួច​នោះ​ឡើយ បន្ទាប់​ពី​មេដឹកនាំ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ហៅ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​ថា «បុរស​គ្រាប់​រ៉ុកកែត» ដែល​ជំរុញ​ឲ្យ​មាន​សង្គ្រាម​ពាក្យ​សម្ដី​កាន់​តែ​ខ្លាំង​ថែម​ទៀត ជុំ​វិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង លោក រី យ៉ុងហូ បាន​ឡើង​ថ្លែង​បែប​នេះ​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក B-1B របស់​កង​ទ័ព​ជើង​អាកាស​អាមេរិក បាន​ហោះ​ហើរ​លើ​ដែន​អាកាស​អន្តរជាតិ​អម​ដោយ​យន្ត​ហោះ​ចម្បាំង នៅ​លើ​ដែន​ទឹក​ភាគ​ខាង​កើត​របស់​កូរ៉េ​ខាង​ជើង ដែល​នោះ​គឺ​ជា​ការ​សម្ញែង​អំណាច​ ដែល​មន្ទីរ​បញ្ចកោណ​អាមេរិក​និយាយ​ថា បង្ហាញ​អំពី​ជម្រើស​ប្រើប្រាស់​កម្លាំង​ទ័ព។

សម្ដី​លោក រី បាន​កើត​ឡើង​មួយ​សប្ដាហ៍​ក្រោយ​ពី​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​រវាង​ក្រុង​វ៉ាស៊ីងតោន និង​ក្រុង​ព្យុងយ៉ាង ដោយ​លោក ត្រាំ និង​លោក គីម ជុងអ៊ុន សុទ្ធ​តែ​បាន​បោះ​ពាក្យ​សម្ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក ត្រាំ បាន​ហៅ​លោក គីម ថា «មនុស្ស​ឆ្កួត» មួយ​ថ្ងៃ​ក្រោយ​ពី​លោក គីម ដាក់​រហ័ស្ស​នាម​លោក ត្រាំ ថា «តា​ចាស់​វង្វេង​វង្វាន់»។

លោក រី ផ្ទាល់ បាន​ហៅ​លោក ត្រាំ ថា «ប្រធានាធិបតី​បិសាច» ដោយ​លោក​ព្រមាន​ថា ក្រុង​ព្យុងយ៉ាង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ការពារ​ខ្លួន ប្រសិន​បើ​អាមេរិក​​បង្ហាញ​សញ្ញា​ណា​មួយ​បញ្ជាក់​ពី​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ