វិភាគ៖​ តើមានច្បាប់ណាហាមលោក សម រង្ស៊ី មិនឲ្យចូលកម្ពុជាវិញ?

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ស្ថានការណ៍នយោបាយនៅពេលនេះ ត្រូវបានគេមើលឃើញថាមិនទាន់វិលទៅរកស្ថានភាពដើមវិញនៅឡើយទេ បើទោះបីមានការជំរុញពីសហគមន៍អន្តរជាតិ។

សហគមន៍អន្តជាតិ រួមទាំងប្រទេសមហាអំណាចសហរដ្ឋអាមេរិកនិងសហភាពអឺរុបផង ធ្លាប់បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រីបក្សប្រឆាំង ពិសេលការទម្លាក់បទចោទទៅលើអ្នកទោសមនសិកានិងអ្នកទោសនយោបាយ ដែលថាដើម្បីបើកផ្លូវមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានវិលចូលកម្ពុជាវិញ ដោយគ្មានការភ័យខ្លាច ដើម្បីបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ តាមបែបប្រជាធិបតេយ្យ។

ប៉ុន្តែផ្ទុយទៅវិញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ មេដឹកនាំបក្សកាន់អំណាចគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយឲ្យទប់ស្កាត់ មិនឲ្យលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ បន្ទាប់ពីមេបក្សប្រឆាំងរូបនេះបង្ហាញជំហរវិលមកស្រុកកំណើតវិញមុនការបោះឆ្នោត។

វិធានការរបស់រដ្ឋាភិបាលនោះ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចដែលទទួលខុសត្រូវផ្នែកជើងទឹក ជើងគោគ និងជើងអាកាស ត្រូវទប់ស្កាត់ឲ្យខានតែបាន ដោយថាក្នុងរូបភាពណាក៏ដោយ កុំឲ្យលោក សម រង្ស៊ី អាចចូលកម្ពុជាបាន។

បទបញ្ជារបស់លោក ហ៊ុន សែន នោះបានសរសេរថា៖ «ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យបុគ្គល[សម រង្ស៊ី]នេះ ចូលក្នុងប្រទេសកម្ពុជាបាន និងចាត់វិធានការផ្សេងទៀតតាមការចាំបាច់»។

ប៉ុន្តែលោក ហ៊ុន សែន មិនបានបញ្ជាឲ្យឃុំខ្លួន លោក សម រង្ស៊ី នៅក្នុងប្រទេសទេ ពោលគឺលោក ហ៊ុន សែន គ្រាន់តែបញ្ហាឲ្យសមត្ថកិច្ចបញ្ជូនខ្លួនលោក សម រង្ស៊ី ទៅក្រៅប្រទេសវិញតែប៉ុណ្ណោះ។

តើមានច្បាប់ហាមណាលោក សម រង្ស៊ី ឬពលរដ្ឋខ្មែរមិនឲ្យចូលទឹកដីខ្លួនឯងបែបនេះ?

អ្នកវិភាគនិងអ្នកច្បាប់លើកឡើងប្រហាក់ប្រហែលគ្នាថា វិធានការទប់ស្កាត់របស់លោក ហ៊ុន សែន រារាំងមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី មិនឲ្យចូលកម្ពុជាវិញនេះថា ជាវិធានការផ្ទុយនឹងច្បាប់ និងថាជាសញ្ញាធ្លាក់ចុះនៃការបង្រួបបង្រួមជាតិ។

មេធាវីមួយរូបដែលធ្វើការផ្នែកសិទ្ធិមនុស្ស លោក សុក សំអឿន បានលើកឡើងថា វិធានការទប់ស្កាត់លោក សម រង្ស៊ី មិនឲ្យចូលកម្ពុជា លោកថារដ្ឋាភិបាលបានធ្វើផ្ទុយពីច្បាប់នានា រួមទាំងរដ្ឋធម្មនុញ្ញ។

ប៉ុន្តែលោក សុក សំអឿន បញ្ជាក់ថាច្បាប់ស្តីពីអន្តោប្រវេសន៍ រដ្ឋាភិបាលមានសិទ្ធិរារាំងឬទប់ស្កាត់មិនឲ្យជនបរទេសណាម្នាក់ចូលមករស់នៅក្នុងទឹកដីកម្ពុជាបាន បើរដ្ឋាភិបាលគិតថាជនបរទេសនោះអាចបង្កបញ្ហាផ្សេងៗដល់កម្ពុជា។

លោកថា៖ «យើងជនជាតិខ្មែរច្បាប់សញ្ជាតិនិងរដ្ឋធម្មនុញ្ញមិនអាចដកសញ្ជាតិខ្មែរពីជនជាតិខ្មែរណាមួយបានទេ។ ហើយនៅក្នុងរឿងហ្នឹង បើសិនជាយើងគិតថា មនុស្សហ្នឹងប្រព្រឹត្តិបទល្មើស អនុវត្តតាមច្បាប់ ទៅ ចោទប្រកាន់ឬចាប់ខ្លួនអីអញ្ចឹងទៅ។ ដល់មិនឲ្យគ្នាចូលស្រុក គាត់ជនជាតិខ្មែរដែរ»។

បើតាមលោកមេធាវី សុក សំអឿន ករណីនេះ មេធាវីលោក សម រង្ស៊ី អាចប្តឹងទៅតុលាការឬសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិងជាអង្គការឃ្លាំមើលដំណើរការរដ្ឋសភា លោក គល់ បញ្ញា លើកឡើងប្រហាក់ប្រហែលដែរថា វិធានការទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី ចូលកម្ពុជាវិញនេះ លោកថារដ្ឋាភិបាលបានអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ផងនិងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យផង។

លោក គល់ បញ្ញា បញ្ជាក់ថាក្នុងរបប្រជាធិបតេយ្យ រដ្ឋាភិបាលមានកាតព្វកិច្ចសម្រួលឲ្យគណបក្សនយោបាយទាំងអស់មានលទ្ធភាពធ្វើនយោបាយប្រកួតប្រជែងដោយស្មើភាពគ្នា។

មន្ត្រីសង្គមស៊ីវិលរូបនោះឲ្យដឹងទៀតថា ការដាក់បទបញ្ជាណាមួយឲ្យទប់ស្កាត់មេដឹកនាំបក្សប្រឆាំងមិនឲ្យបានចូលរួមប្រកួតប្រជែងនយោបាយដោយស្មើភាពគ្នា លោកថាបានប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ។

លោក គល់ បញ្ញា ជំរុញឲ្យអ្នកនយោបាយគួរមានភាពចាស់ទុំ ចេះនិយាយគ្នាស្វែងរកផលប្រយោជន៍ជាតិ ជាជាងយកគ្នាជាសត្រូវ។

លោកថា៖ «យើងគួរតែមាននីតិវិធីច្បាប់ទម្លាប់អីគោរពទាំងអស់គ្នា ដើម្បីឲ្យមានការប្រកួតប្រជែងខាងនយោបាយឲ្យស្មើភាពគ្នា អានេះជាការប្រកួតប្រជែងគ្នាឲ្យមានស្ថេរភាពនយោបាយក្នុងដំណើរការប្រជាធិបតេយ្យ»។

អ្នកឯកទេសនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា ការប្រកាសវិធានការឲ្យទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី ចូលកម្ពុជានៅពេលនេះ លោកវិភាគថាបានបង្ហាញឲ្យសាធារណជនអស់ចម្ងល់ថា ចំណាត់ការលើមេបក្សប្រឆាំងកន្លងទៅ មិនមែនជាវិធានការច្បាប់នោះទេ។

លោក ចាន់ វិបុល វិភាគទៀតថា វិធានការនេះជាសញ្ញាថ្មីមួយទៀតបញ្ជាក់ថា អ្នកនយោបាយខ្មែរមិនអាចរកភាពជានាគ្នាតាមរយៈរវាងខ្មែរនិងខ្មែរបានទេ។

បើតាមលោក ចាន់ វិបុល សញ្ញាដ៏អាក្រក់នេះ នឹងជៀសមិនផុតពីការសុំអន្តរាគមន៍ពីភាគីទី៣ណាមួយ ហើយឈានទៅឲ្យកម្ពុជាខាតបង់ដូចពីសម័យអតីតកាល។

លោកថា៖ «យើងជាជនជាតិខ្មែរ យើងអត់ចង់ឃើញមានការលូកដៃពីបរទេសទេ។ ប៉ុន្តែមេដឹកនាំយើងហាក់ដូចជាមិនបានបង្ហាញសញ្ញាណផ្សះផ្សាជាតិខ្លួនឯងទេ។ អញ្ចឹងសញ្ញាណនេះខ្ញុំយើងថា មានឥទ្ធិពលអាក្រក់ណាស់សម្រាប់ការដឹកនាំរបស់កម្ពុជា ហើយផ្តល់សញ្ញាណមួយមិនល្អ។ ហើយខ្ញុំមើលឃើញថា ខាតបង់ណាស់សម្រាប់គណបក្សនយោបាយដែលបានប្រើឥទ្ធិពលនេះ»។

មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ធ្លាប់បាននិរទេសខ្លួន ទៅរស់នៅក្រៅប្រទេសច្រើនដងរួចមកហើយ នៅពេលដែលលោកប្រឈមនឹងតុលាការនៅកម្ពុជា តាមរយៈបណ្តឹងពីមន្ត្រីបក្សកាន់អំណាច។

ប៉ុន្តែលោក សម រង្ស៊ី ក៏ត្រូវបានអនុញ្ញាតិឲ្យចូលធ្វើនយោបាយនៅកម្ពុជាវិញដោយគ្មានការភ័យខ្លាច នៅពេលមេបក្សប្រឆាំងរូបនោះត្រូវគ្នាឡើងវិញជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ប្រកាសជាសាធារណៈថា ការលើកលែងទោសឲ្យលោក សម រង្ស៊ី បានចូលប្រលូកក្នុងឆាកនយោបាយឡើងវិញកាលពីអាណត្តិមុន ដោយថាលោកចង់ឲ្យលោក សម រង្ស៊ី សហការជួយកែរដ្ឋធម្មនុញ្ញ ពី២ភាគ៣ មក៥០បូក១វិញ សម្រាប់ការអនុម័តច្បាប់នានាក្នុងសភា។

ប៉ុន្តែការដាក់សម្ពាធរបស់លោក ហ៊ុន សែន ទៅលើលោក សម រង្ស៊ី ម្តងហើយម្តងទៀតនៅពេលនេះ គេនៅមិនទាន់ដឹងពិតប្រាកដថា តើលោក ហ៊ុន សែន ចង់បានអ្វីពីមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ទៀតនោះទេ?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ