អ្នកឃ្លាំមើលថាការដំឡើងប្រាក់ខែឲ្យនាយករដ្ឋមន្រ្តីនិងមន្ត្រីជាន់ខ្ពស់ នឹងប៉ះពាល់ប្រសិទ្ធិភាព​ការងារថ្នាក់ក្រោម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីជួបសំណេះសំណាលមន្ត្រីរាជការ និងកងកម្លាំងប្រដាប់រាជធានី នៅឯកោះពេជ្រ (រូបភាពពីហ្វេសប៊ុកលោក​ ហ៊ុន សែន)

អ្នកឃ្លំាមើលកិច្ចការសង្គមបានលើកឡើងថា ការដំឡើងប្រាក់ខែឲ្យនាយករដ្ឋមន្រ្តីនិងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលខ្ពស់ពេក គឺមិនមានសមភាពរវាងមន្ត្រីរាជការថ្នាក់ក្រោម ដោយថានឹងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាពការងាររដ្ឋ។

កាលពីថ្ងៃសុក្រ ទី២១ ខែតុលានេះ រដ្ឋាភិបាលកម្ពុជាបានបង្កើនគម្រោងចំណាយថវិកាជាតិឆ្នាំ២០១៧ ដល់ជាង ៥ពាន់លានដុល្លារ គឺកើនលើសឆ្នាំនេះ១៥,៦% សម្រាប់ដំឡើងប្រាក់ខែឲ្យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជំនួយការ និងទីប្រឹក្សាសរុប២៥០០នាក់។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍គំាទ្រនឹងគម្រោងដំឡើងប្រាក់ខែឲ្យនាយករដ្ឋមន្រ្តីនិងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល តែលោកថារដ្ឋាភិបាលត្រូវតែដំឡើងឲ្យមានសមភាពរវាងប្រាក់ខែមន្ត្រីរាជការនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៖ «ពេលដែលរដ្ឋាភិបាលរៀបចំមន្ត្រីរាជការក៏មិនបង្ហាញពីសមធម៌នៃការខំប្រឹងប្រែងធ្វើការដែរ ពាក្យសមធម៌មិនមែនបានន័យថាប្រាក់ខែត្រូវតែមន្ត្រីធំ មន្ត្រីតូចស្មើគ្នាទំាងអស់ទេ ពាក្យសមធម៌ យើងចង់ធ្វើម៉េចដើម្បីឲ្យមន្ត្រីថ្នាក់តូចក៏ដោយ ថ្នាក់ធំក៏ដោយធ្វើម៉េចបានរស់ដូចគ្នា កុំឲ្យអ្នកក្រោមល្ហេមល្ហាមទៅ រីឯមន្ត្រីថ្នាក់ធំជិះសុទ្ធតែឡាន៥៧០»។

លទ្ធផលនៃកិច្ចប្រជុំគណរដ្ឋមន្រ្តីបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដំឡើងប្រាក់ខែឲ្យខ្លួនលោកពី៣លាន៦សែនរៀលឡើងដល់១០លានរៀល រដ្ឋមន្ត្រីនិងទេសរដ្ឋមន្ត្រីឡើងដល់៤លាន៥សែនរៀល រដ្ឋលេខាធិការឡើងដល់៣លាន៥សែនរៀល អនុរដ្ឋលេខាធិការឡើងដល់២លាន៨សែនរៀល។ រីឯជំនួយការនិងទីប្រឹក្សាសរុប២៥០០នាក់ ដំឡើងបន្ថែម៨០០០០រៀលលើប្រាក់ខែបច្ចុប្បន្ន។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថា បើរដ្ឋាភិបាលដំឡើងប្រាក់ខែជូនមន្ត្រីថ្នាក់ជាតិខ្ពស់ជាងមន្ត្រីថ្នាក់ក្រោមជាតិឆ្ងាយពេក លោកថានឹងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាពការងារក្នុងការផ្តល់សេវាឲ្យប្រជាពលរដ្ឋ៖ «បើសិនជាប៉ូលីសរាល់ថ្ងៃគាត់ទៅធ្វើការសុំលុយប្រពន្ធចាក់សំាងទេ សុំលុយប្រពន្ធលុយលក់បន្លែនៅផ្សារ លក់ចាប់ហួយយកទៅចាក់សំាងទេ ខ្ញុំថាការងារអត់មានប្រសិទ្ធិភាពទេ វាហឺហាតែអស់លោកនៅខាងលើគាត់មានលុយចុះធ្វើការ មានរបបសំាង មានឡានទំនើបផងវាជាមូលហេតុមួយដែលយើងមើលឃើញថា ពេលវេលានេះវាចំាបាច់ត្រូវតែធ្វើការកំណែទម្រង់ ការទម្លាក់ថវិកាពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានឲ្យបានច្រើន»។

គម្រោងថវិកាជាតិនេះនឹងត្រូវដាក់ទៅកាន់រដ្ឋសភាដើម្បីអនុម័តនាពេលខាងមុខ។

គួរបញ្ជាក់ថាថវិកាជាតិឆ្នាំ២០១៧នេះត្រូវបានបែងចែកទៅលើវិស័យសំខាន់មួយចំនួនដែលក្នុងនោះ ជាង៥២%នៃថវិកាជាតិត្រូវបានចំណាយទៅលើបៀវត្សរ៍របស់មន្ត្រីរាជការ ជាង២៥%សម្រាប់វិស័យការពារជាតិ ១០% វិស័យសេដ្ឋកិច្ច និងជាង៣៧% ទៅលើវិស័យសង្គមកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ