លិខិតមិត្តអ្នកអាន៖ ថ្ងៃលិចទិសខាងលិច

រូបភាពពីហ្វេសប៊ុក

តើអនាគតប្រទេសថៃទៅជាយ៉ាងណា បន្ទាប់ពីស្តេចចូលទិវង្គត?

ថ្វីត្បិតតែច្បាប់ស្នងរាជ្យឆ្នាំ១៩២៤ របស់រាជវាំង បានបើកផ្លូវអោយបុត្រា វីជីរ៉ា ឡុងកន មានរាជសិទ្ធិឡើងសោយរាជ្យហើយត្រូវបិតាទ្រង់តែងតាំងជារាជទាយាទតាំងពីឆ្នាំ១៩៧២ ក៏មិនប្រាកដថាគ្មានឧបសគ្គនោះឡើយ។ គឺមានដំណាក់កាលបួន ដែលត្រូវឆ្លងកាត់៖

ទី១. ច្បាប់ ៖ រដ្ឋធម្មនុញ្ញយោធាឆ្នាំ២០១៤ បានទាត់ចោលរដ្ឋធម្មនុញ្ញឆ្នាំ២០០៧ ប៉ុន្តែបានរក្សាផ្នែកទី២៣ ស្តីពីការជ្រើសរើសស្តេចឡើងសោយរាជ្យនៅដដែល។ ប៉ុន្តែ តើនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ព្រមកោះហៅសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីប្រជុំទទួលស្គាល់រាជទាយាទ ហើយជូនដំណឹងទៅរដ្ឋសភាថៃ ឬអត់? សូមកុំភ្លេចថា លោក ប្រាយុទ្ធ ធ្វើរដ្ឋប្រហារយោធាយកអំណាចទេ មិនមែនឡើងដោយការបោះឆ្នោតគាំទ្រពីសភាឡើយ បើទោះស្រុកថៃអនុវត្តន៍ប្រព័ន្ធសភានិយម ឬ រាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូចកម្ពុជាក៏ដោយ។ ជំហររដ្ឋាភិបាល អាចផ្ទុយគ្នាពីជំហរសភា។ រាជទាយាទនេះ ត្រូវមានការគាំទ្រពីសភាថៃ ឲ្យក្លាយទៅជារាជាធម្មនុញ្ញ (Constitutional Monarch) ស្របច្បាប់ បន្ទាប់មកធ្វើពិធីរាជាភិសេកជាប្រពៃណី ដើម្បីពេញសិទ្ធិជាព្រះមហាក្សត្រ។

ទី២. ប្រជាជនថៃ ៖ បើឆ្លងកាត់ដំណាក់កាលទី១ តាមច្បាប់ ហើយរាជការថៃយល់ព្រម តើប្រជាជនព្រមទទួលទេ បើប្រជាជនថៃភាគច្រើន ព្រោះតែមិនពេញចិត្តរាជទាយាទ នោះនឹងធ្វើឲ្យលោក ប្រាយុទ្ធ អាចមានលេស ក្នុងការមិនបញ្ជូនរាជទាយាទទៅសភា ដើម្បីផ្តល់សេចក្តីទុកចិត្ត។ ច្បាប់ គឺមនុស្សបង្កើត។ ច្បាប់ តូចជាងប្រជាជន។ ច្បាប់ប្រជាជន នៅតែមានតម្លៃជាងច្បាប់ក្រដាស។ បើរាស្ត្រថៃភាគច្រើន មិនចង់ ច្បាប់និងរាជទាយាទ គ្មានន័យ។ ឯកសារ Wikileaks បង្ហាញថា ឥស្សរជនថៃកំពូលៗ ព្រួយនិងមិនចង់ឲ្យរាជទាយាទនេះ ឡើងគ្រងរាជ្យ។

ទី៣. ចំណងមិត្តភាព ៖ បើច្បាប់ និងប្រជាជនថៃព្រម បន្ទាប់មក តើស្តេចថ្មី នឹងធ្វើអ្វី? អ្នកណាក៏ដឹងដែរថា ស្តេចថ្មី មានទំនាក់ទំនងជិតស្និតជាមួយត្រកូលថាក់ស៊ីន និងធ្លាប់ប្រើប្រាស់លុយកាក់ថាក់ស៊ីន ដោះស្រាយរឿងល្បែង។ល។ ស្តេចថ្មី អាចនឹងរកដីឈរ ក្នុងចំនោមថាក់ស៊ីន ហើយថាក់ស៊ីន នឹងប្រើច្រកស្តេចថៃថ្មី ដើម្បីត្រឡប់ចូលស្រុកវិញ ចាប់ផ្តើននយោបាយបន្ត។ សងសឹក? ឬការពារជីវិត? ពេលខ្លះ ការពារជីវិត គឺមានន័យថា សងសឹក។

ទី៤. ក្នុងជួរទាហានថៃ បែងចែកជាពីរក្រុម យ៉ាងតិច គឺក្រុមគាំទ្រស្តេច និងក្រុមដែលគាំទ្រ ប្រាយុទ្ធជាមេទ័ព។ ប្រាយុទ្ធ ធ្វើរដ្ឋប្រហារយោធាបាន ក៏ដោយសារប្រើឥទ្ធិពលស្តេចថៃ។ ចុះស្តេចថ្មី នៅបន្តគាំទ្រ ប្រាយុទ្ធ ឬអត់? ប្រាយុទ្ធ ប្រកាសគាំទ្ររាជទាយាទ ព្រោះរាជទាយាទរើសដោយអតីតស្តេច ប៉ុន្តែបើស្តេចថ្មី មិនគាំទ្រ នោះមូលដ្ឋានអំណាចពួកយោធានឹងរង្គោះរង្គឺជាមិនខាន។ អីចឹងការពិត ប្រាយុទ្ធ មិនចង់ឲ្យ វីជីរ៉ា ឡុងកន ឡើងធ្វើស្តេចទេ តែបង្ហាញការគាំទ្រព្រះរាជគំនិតស្តេចចាស់ និងប្រជាជនថៃដែលគាំទ្រស្តេច។

សន្និដ្ឋាន៖

ទី១. ប្រាយុទ្ធ និងពួកអាវលឿង នឹងត្រូវគ្នា ហើយបញ្ឆេះឲ្យប្រជាជនថៃមិនគាំទ្រ រាជទាយាទឲ្យឡើងគ្រងរាជ្យទេ ចំណែកច្បាប់ការពារស្តេច (Lese Majestic Law) អាចនឹងផ្អាកឈប់អនុវត្តន៍។

ទី២. ការបណ្តោយឲ្យពួកអាមាត្យវាំង កាន់កាប់ការងារស្តេចបណ្តោះអាសន្ននេះ អាចជានយោបាយកេញពេលវេលា ហើយអាចបណ្តោះអាសន្នរហូត ក៏ថាបាន។

ទី៣. ក្នុងករណីប៉ះពាល់ដល់មូលដ្ឋានអំណាចពួកយោធា និងពួកអាវលឿនខ្លាំង អាចនឹងមានការប៉ុនប៉ងកែប្រែច្បាប់ស្នងរាជ្យ ហើយសមាជិករាជ្យវង្សមួយចំនួនដែលមិនគាំទ្រ ឬមិនសមបំណងនឹងចូលរួមជាមួយ ប្រាយុទ្ធ និងពួកអាវលឿង។

ទី៤. ស្តេចថៃ បង្កើតកំហុសមួយ នោះគឺមិនព្រមដាក់រាជ្យពេលខ្លួនឈឺធ្ងន់ ហើយរៀបចំពិធីឡើងគ្រងរាជ្យឲ្យស្តេចថ្មីឲ្យហើយមុនពេលចូលទីវង្គត់ ពីព្រោះវិបត្តិរាជ្យវង្សនេះ នាំឲ្យស្ថេរភាពនយោបាយថៃ កាន់តែរង្គោះរង្គឺពិបាកស្មាន។

ទី៥. បើទីបំផុត អ្វីៗត្រូវបានដោះស្រាយល្អ ក៏មុខមាត់រាជវង្សថៃ ក៏លែងដូចពីមុន។ ស្តេច នៅតែជាស្តេច ប៉ុន្តែនេះគឺសករាជ វីជីរ៉ា ឡុងកន មិនមែន ភូមិបុល អាដុលយ៉ាដេត ទេ។ ឥទ្ធិពលរាជ្យវង្សថៃ កិត្តិស័ព្ទស្តេចថៃថ្មី នឹងធ្លាក់ចុះ។ ពេលស្តេច លែងមានការគាំទ្រខ្លាំង ពីប្រជាជនថៃ នោះជីវភាពនយោបាយថៃក៏ប្រែប្រួល។ ពីមុនឈ្លោះគ្នា ចូលរកស្តេច តែពីពេលនេះទៅ បើឈ្លោះគ្នា ត្រូវសួរថាអ្នកណាមានកាំភ្លើង និងលុយ ច្រើនជាង។ រដ្ឋប្រហារលើកក្រោយ ប្រហែលជាមិនស្ងប់សុខ ដូចកាល២០ដង មុនឡើយ។

ព្រះបាទនរោត្តមសីហនុ ទីបំផុត នៅតែជាព្រះមហាក្សត្រមានភាពវ័យឆ្លាត ដោយទ្រង់បានធ្វើការងារមួយដ៏ល្អ នោះគឺការជ្រើសរើសរាជទាយាទ និងរាជាភិសេកគ្រងរាជ្យចប់សព្វគ្រប់ មុនពេលដែលព្រះអង្គចូលទិវង្គត បើមិនដូច្នេះទេ វិបត្តិរាជវង្សខ្មែរលើនយោបាយជាតិ ក៏មិនធម្មតាដែរ៕ ដោយលោក ឡុង គឺម ឃន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ