ហ្វេសប៊ុក​ដាក់​កម្ពុជា​ក្នុង​គម្រោង​សាក​ល្បង​ថ្មី​​ក្នុង​ចំណោម​៦​ប្រទេស

ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស ៦​ផ្សេង​ទៀត ត្រូវ​បាន​ដាក់​ឲ្យ​សាក​ល្បង​សម្រាប់​​​ជំហាន​ថ្មី​មួយ​ទៀត​របស់​បណ្ដាញ​សង្គម​ Faccebook ដើម្បី​​ចែក​ឲ្យ​ដាច់​រវាង​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ការ​បង្ហោះ​ព័ត៌មាន​លក្ខណៈ​ពាណិជ្ជកម្ម។ នេះ​ដោយ​យោង​តាម​កាសែត New York Times ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

កាសែត​អាមេរិក​មួយ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​​បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

យោង​តាម​សេចក្ដី​រាយការណ៍​នេះ ហ្វេសប៊ុក​បាន​សម្រេច​ចិត្ត​បែប​នេះ ដើម្បី​បង្កើន​លំហូរ​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ News Feed របស់​ខ្លួន។

News Feed គឺ​ជា​ប្លង់​កណ្ដាល​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្ហោះ​សារ​ជា​អក្សរ បង្ហោះ​រូបថត ចែក​រំលែកជាមួយ​សាច់​ញាតិ និង​មិត្ត​ភក្តិ។ វា​ក៏​ជា​ប្លង់​សម្រាប់​ហ្វេសប៊ុក​បង្ហាញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ឯកជន ឬ​ទំព័រ​ហ្វេសប៊ុក​ឯកជន​ណា​មួយ​របស់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។

កាសែត​អាមេរិក​មួយ​នេះ បាន​រាយការណ៍​បន្ត​ថា​ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ចាប់​ផ្ដើម​អនុវត្ត​នូវ​សាក​ល្បង​នេះ នៅ​តាម​បណ្ដា​ប្រទេស​តូចៗ​ចំនួន ៦ ដូចជា​ប៊ូលីវី កម្ពុជា ហ្កាតេម៉ាឡា ស៊ែប៊ី ស្លូវ៉ាគី និង​ស្រីលង្កា ហើយ​ការ​សាក​ល្បង​នេះ អាច​នឹង​មាន​រយៈ​ពេល​ប៉ុន្មាន​ខែ​ទៅ​មុខ។

ទោះជាយ៉ាងណា ដំណើរការ​អនុវត្ត​ក្នុង​លក្ខណៈ​សាក​ល្បង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​អះ​អាង​ថា មិន​មែន​ធ្វើ​ឡើង​ជា​សកល​ សម្រាប់​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ជាង ២​ពាន់​លាន​នាក់​នោះ​ទេ។

ការ​សម្រេច​បែប​នេះ គឺ​ជា​ជំហ៊ាន​បង្ខំ​ឲ្យ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​នៃ​ក្រុមហ៊ុន​ឯកជន ឬ​ម្ចាស់​អាជីវកម្ម ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ការ​ចែក​រំលែក​សារ​របស់​ខ្លួន​ ដែល​មាន​លក្ខណៈ​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ