ប្រជាសហគមន៍ចោទអាជ្ញាធរថាឃុបឃិតជាមួយឈ្មួញកាប់បំផ្លាញព្រៃព្រះរកា

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 5:13 PM | បរិស្ថាន | 0 | 4257 ប្រជាសហគមន៍ព្រៃព្រះរកា (រូបភាពពីប្រជាសហគមន៍ព្រៃព្រះរកា)

ប្រជាសហគមន៍នៅខេត្តព្រះវិហារ  អះអាងថា ព្រៃព្រះរកាកំពុង​ប្រឈមការបាត់បង់ ដោយសារឈ្មួញធ្វើសកម្មភាពកាប់បំផ្លាញ ដោយមានការបើកដៃពីអាជ្ញាធរពាក់ព័ន្ធហើយចែកផលប្រយោជន៍គ្នា។​

ការអះអាងបែបនេះ ក្រោយពេលដែលប្រជាសហគមន៍និងក្រុមយុវជន​ប្រមាណជិត​៤០នាក់ ធ្វើកម្មសិក្សាក្នុងព្រៃនេះចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលា ហើយថារកឃើញមានបទល្មើសព្រៃឈើជាច្រើនដែលមិនមានការទប់ស្កាត់។​

តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ អ្នកស្រី រឿង ខាន់ មានប្រសាសន៍ថា បច្ចុប្បន្ននេះព្រៃព្រះរកាកំពុងតែប្រឈមនិងការបាត់បង់ ដោយសារការកាប់បំផ្លាញជាបន្តបន្ទាប់ពីសំណាក់ក្រុមឈ្មួញនិង​អ្នកមានអំណាច។ អ្នកស្រីបន្តថា ការកាប់បំផ្លាញនេះ មិនមាន​ការទប់ស្កាត់ពីអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ​ឡើយ ដោយអ្នកអ្នកស្រីចោទ​ថា អ្នកទាំងនោះទទួលបាន​លាភសក្តារៈពីក្រុមឈ្មួញ ។

អ្នកស្រីថា «នៅតាមស្រុកខេត្ត ប៉ូលីស ប៉េអឹមផង សុទ្ធតែឌុបប្រពន្ធ ឌុបកូនទៅចាំយកលុយពីអ្នកដឹកឈើ មិនមែនលេងៗទេ។ ដូច្នេះហើយ ប្រសិនរដ្ឋាភិបាលគ្រប់គ្រងឲ្យម៉ត់ចត់ត្រឹមត្រូវច្បាស់លាស់ និងច្បាប់របស់សម្ដេច ហ៊ុន សែន គាត់បានប្រកាសហើយថាព្រៃព្រះរកាដាក់ក្នុងសម្បត្តិជាតិនេះ សម្រាប់ការពារបរិស្ថាន មិនមែនបែបនេះទេ ប៉ុន្តែគាត់មិនដែលបានឃើញបានតែថាៗយក។ ពួកខ្ញុំអស់ជំនឿលើរដ្ឋាភិបាលគ្រប់គ្រងព្រៃព្រះរកាហើយសព្វថ្ងៃមើលទៅ ប៉ុន្តែមិនដឹងធ្វើម៉េច ពីព្រោះអ្នកការពារព្រៃព្រះរកាឈើសុទ្ធតែមានអ្នកធ្វើការដែរ  អ្នកនៅក្នុងច្បាប់ ហើយគេរំលោភច្បាប់ មិនដឹងជាប្រជាពលរដ្ឋដូចពួកខ្ញុំជាសហគមន៍សាមញ្ញមិនដឹងទៅធ្វើអីទេកើត»។

ការកាប់បំផ្លាញព្រៃព្រះរកា (រូបភាពពីប្រជាសហគមន៍ព្រៃព្រះរកា)

ករណីនេះអភិបាលស្រុកឆែបលោក សុខ សាន្ដតារា មានប្រសាសន៍ថា អាជ្ញាធរបានធ្វើការទប់ស្កាត់ដែរ ប៉ុន្តែមិនបានមួយរយភាគនោះទេ ។ ពាក់ព័ន្ធនឹងរឿងអាជ្ញាធរយកលុយវិញ លោកស្នើប្រជាពលរដ្ឋបង្ហាញភស្តុតាង ដើម្បីចាត់វិធានការផ្លូវច្បាប់។​

លោកថា «ចំពោះថាឲ្យការពារមួយរយភាគរយវាមិនទាន់បានខ្ញុំទទួលស្គាល់ ប៉ុន្តែបើថាវិធានការទប់ស្កាត់គឺតយើងធ្វើជារៀងរាល់ថ្ងៃតែម្ដង ខ្ញុំបញ្ជាហើយបើថារកឃើញអ្នកប្រព្រឹត្តបទល្មើសបង់ឲ្យអាជ្ញាធរឬក៏ឲ្យលុយស៊ើបមក ហើយខ្ញុំហានធានាបើមានពាក់ព័ន្ធនឹងការងារនេះ»។

មន្ត្រីសម្របសម្រួលនៃសមាគមន៍អាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ បង្ហាញការសោកស្ដាយ  ដោយថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនចាត់វិធានការទៅលើមន្ត្រីថ្នាក់ក្រោមទេ នោះព្រៃព្រះរកានឹងបាត់បង់មិនខាន។លោកបន្តថា  កន្លងមក នៅពេលដែលប្រជាពលរដ្ឋទៅរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពួកគេតែងតែរុញដាក់គ្នា ដោយសារ ពួកគេទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញទាំងនោះ។

លោកថា «មន្ត្រីមួយចំនួនគឺមានផលប្រយោជន៍ករណីក្នុងករណីហ្នឹង ចឹងហើយបានបទល្មើសព្រៃព្រះរកាលូវហ្នឹងស៊ីទាំងព្រៃស៊ីអស់ទាំងដី ព្រៃឈើក៏អស់ អាដីក៏អស់ទៀត។ ចឹងបើយើងសរុបមក ស៊ីទាំងព្រៃ ស៊ីទាំងដីអស់អាលីងយូរៗ។ កន្លងមក ខ្ញុំបានជួយអន្តរាគមន៍នៅក្នុងករណីហ្នឹងដែរ តែគ្រាន់តែអន្តរាគមន៍ទៅមន្ត្រីខាងបរិស្ថាន បរិស្ថានគេថា អារឿងហ្នឹងពាក់ព័ន្ធខាងស្រុក ពីព្រោះដីហ្នឹងចែកអត់ទាន់ចែកដាច់ស្រលះ ពេលទាក់ទងទៅស្រុក ស្រុកឲ្យទាក់ទងទៅបរិស្ថាន ហើយបរិស្ថានឲ្យទាក់ទងទៅរដ្ឋបាលព្រៃឈើ ទាក់ទងទៅរដ្ឋបាលព្រៃឈើគេគាត់ថាលូវគេប្រគល់ការងារហ្នឹងឲ្យស្រុក»។

លោកថា ប្រសិនបើព្រៃព្រះរកាបាត់បង់ វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រជាពលរដ្ឋនៅក្នុងសហគមន៍ព្រៃព្រះរកា ដោយសារ បច្ចុប្បន្នពួកគេរស់នៅដោយការទាញយកអនុផលពីព្រៃឈើទាំងនោះដើម្បីផ្តត់ផ្គង់ជីវភាពគ្រួសារ។

កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៦ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ដោយសម្រេចដាក់ព្រៃព្រះរកាជាតំបន់អភិរក្ស។ ព្រៃនេះមាន​ទំហំជិត១០ម៉ឺន​ហិកតា(៩៩.៨០០ហិកតា)ស្ថិតនៅក្នុងស្រុកចំនួន​បី​រួម​មាន​​ស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំងក្សាន្ដ ក្នុងខេត្ដព្រះវិហារ។ ព្រៃព្រះរកាជាព្រៃធំលំដាប់ទី២នៅកម្ពុជាបន្ទាប់ពីព្រៃឡង់៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required