អ្នកប្រើហ្វេសប៊ុករិះគន់លោក ងួន ញិល ដែលសម្រាន្តលក់ក្នុងសភាពេ​ល​កំពុង​ប្រជុំ​

(ប្រភពរូបភាពពី ហ្វេសប៊ុក) លោក ងួន ញិល សម្រាន្តលក់ ក្នុងសភាប្រជុំពេញអង្គ ដែលកំពុងជជែកអំពីច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ ដ៏ចម្រូងចម្រាស់

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានរិះគន់ចំៗ លើមន្ត្រីជាន់ខ្ពស់រដ្ឋសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជាដែលសម្រាន្តលង់លក់ ខណៈសភាប្រជុំពេញអង្គជជែកពីច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ដ៏ចម្រូងចម្រាស់។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា រដ្ឋសភាបានបើកសម័យប្រជុំសភាពេញអង្គ ដោយមានវត្តមានតំណាងរាស្ត្របក្សប្រឆំាង៣៩រូប និងគណបក្សប្រជាជនកម្ពុជា៦៧រូប ក្នុងការពិនិត្យនិងអនុម័តលើសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧។

រូបភាពមួយសន្លឹករបស់អនុប្រធានទី២នៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាលោក ងួន ញិល ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកតៗគ្នា បង្ហាញថា មន្ត្រីជាន់ខ្ពស់រដ្ឋសភារូបនោះ បានសម្រាន្តលង់លក់លើកៅអី នៅខាងឆ្វេងដៃលោក ហេង សំរិន ខណៈសភាកំពុងប្រជុំពេញអង្គ។ ដោយសង្កេតឃើញរូបភាពនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានរិះគន់ដូចនេះថា៖ «ពុទ្ធោអើយ! បើមកប្រជុំ ហើយដេកដដែល ចាំបាច់មកធ្វើអី […] ឈប់មួយថ្ងៃទៅ ខ្ញុំជឿថាឯកឧត្តម ឈាង វុន មិនហ៊ានកាត់ប្រាក់ឯកឧត្តម អនុប្រធានទេ។ ខ្មាស់រាស្ត្រផង ដែលបើកប្រាក់ខែរាល់ៗខែនោះ។ ចាស់ៗហើយ មិនព្រមធ្វើការដើម្បីជាតិ ធ្វើការតែដើម្បីបក្ស។ ដេកកន្លែងផ្វើការ នៅប្រទេសជឿនលឿនគឺដេញចោលតែម្តង»

យ៉ាងណាក៏ដោយ នៅអំឡុងពេលប្រជុំនោះ តំណាងរាស្ត្របក្សប្រឆំាងជាច្រើនរូបបានសួរដេញដោលតំណាងរដ្ឋាភិបាលមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទំាងតំណាងរាស្រ្តបក្សកាន់អំណាច ទាក់ទងនឹងច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ដ៏ចម្រូងចម្រាស់។

អគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង ទទួលស្គាល់ការរិះគន់របស់អ្នកប្រើប្រាស់បណ្តាញសង្គមលើលោក ងួន ញិល ដែលសម្រាន្តលក់ នៅពេលសភាកំពុងប្រជុំពេញអង្គ តែលោកស្នើទៅអ្នករិះគន់កុំនិយាយអាក្រក់លើមន្ត្រីជាន់ខ្ពស់រដ្ឋសភាជ្រុលពេក ដោយថាប្រទេសដទៃក៏មានមន្ត្រីជាន់ខ្ពស់រដ្ឋសភាសម្រាន្តក្នុងម៉ោងធ្វើការដែរ។

លោកថា៖ «មនុស្សយើងនៅក្នុងសភាជាច្រើន ក៏មានអ្នកខ្លះងងុយដេកក៏ដេក ក៏មានដែរនៅប្រទេសផ្សេងៗ រឿងនេះមានជារឿងរបស់បុគ្គលមួយដែលអាចជួបប្រទះគ្រប់ៗគ្នា»

យ៉ាងណាក៏ដោយ លោក ឡេង ប៉េងឡុង បញ្ជាក់ថាបើតំណាងរាស្ត្រ ឬសមាជិកសភារូបណាក៏ដោយ ដែលប្រព្រឹត្តល្មើសនឹងសេចក្តីសម្រេចរបស់រដ្ឋសភានឹងត្រូវដាក់វិន័យ។

នៅពេលសួរថា ឧទាហរណ៍ជាក់ស្តែង ករណីលោក ងួន ញិល តើសភានិងមានវិធានការដាក់វិន័យ ឬទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់រដ្ឋសភារូបនោះ ដែរ ឬទេ? លោកថា នៅក្នុងសេចក្តីសម្រេចថ្មីរបស់រដ្ឋសភាមិនបានចែងដាក់វិន័យចំពោះអ្នកសម្រាន្តលក់នៅក្នុងសភាពេលប្រជុំនោះទេ។

លោកថា៖ «អត់មានចែងទេ គ្មានចែងករណីនេះទេ!»។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលោក មឿន តុលា យល់ថា បើលោក ងួន ញិល សម្រាន្តលក់នៅក្នុងសភាពេលធ្វើការងារ ជារូបភាពមិនល្អទេ ដោយថាធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោតអស់ជំនឿ។ លោកថា បើរដ្ឋសភាមិនទាន់មានចែងដាក់វិន័យរដ្ឋបាលលើបុគ្គលណាមួយសម្រាន្តលក់ ឬ លេងទូរស័ព្ទក្នុងម៉ោងធ្វើការ លោកថារដ្ឋសភាត្រូវពិនិត្យករណីនេះឡើងវិញ ដើម្បីផ្តល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យ។

លោកថា៖ «បើសិនជាបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាអត់បានចែងពីការតំណាងរាស្ត្រ ឬក៏សមាជិកសភាណាមួយគេងលក់ ឬក៏មិនយកចិត្តទុកដាក់ដូចជាទៅ គ្រាន់តែលេងហ្វេសប៊ុក ឬក៏លេងទូរសព្ទអត់បានយកចិត្តទុកដាក់ចំពោះការពិភាក្សាទេ យើងគួរតែមានវិន័យរដ្ឋបាលណាមួយទៅដល់សមាជិកណាមួយដែលប្រព្រឹត្តឆ្គង ដើម្បីធានានូវទំនុកចិត្តទៅដល់ប្រជាពលរដ្ឋ»។

ចំណែកឯព្រឹទ្ធសភាវិញ កាលពីពេលកន្លងទៅនេះ បានចេញសេចក្តីសម្រេចមួយដោយហាមប្រាមអ្នកសារព័ត៌មានមិនឲ្យចូលថតរូបដោយលើកឡើងថា ដោយសារតែមានករណីអ្នកសារព័ត៌មានថតជាប់សមាជិកព្រឹទ្ធសភាកំពុងដេកលក់ក្នុងអង្គប្រជុំ។ ប៉ុន្តែសមាជិកព្រឹទ្ធមកពីគណបក្សប្រឆាំង កាលណោះ បានលើកឡើងថា ក្នុងកិច្ចប្រជុំនៅព្រឹទ្ធសភាជាវេលាធ្វើការងារ មិនមែនជាកន្លែងសម្រាន្តរបស់សមាជិកព្រឹទ្ធសភានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ