អ្នកឃ្លាំមើលការបោះឆ្នោតស្នើ គ.ជ.ប ពន្យារពេលចុះឈ្មោះ

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (ពៅ មេត្តា)

អ្នកឃ្លាំមើលការបោះឆ្នោតស្នើ គ.ជ.ប ពន្យារពេលចុះឈ្មោះ ដោយថាដើម្បីទុកពេលឲ្យភាគីពាក់ព័ន្ធ បង្កើនយុទ្ធនាការផ្សព្វផ្សាយលើកទឹកចិត្តដល់ពលរដ្ឋដែលមិនទាន់មកចុះឈ្មោះ ឲ្យពួកគេបានអនុវត្តសិទ្ធិជ្រើសរើសមេដឹកនាំ ខណៈដំណើរការចុះឈ្មោះជិតបិទបញ្ចប់។

តាមប្រតិទិន គ.ជ.ប នឹងបិទបញ្ចប់ការចុះធ្វើបញ្ជីបោះឆ្នោតថ្មី នៅថ្ងៃទិ២៩ខែវិច្ឆិកានេះ។ ចំណែកអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ មានជាង៧លាននាក់ គិតត្រឹមថ្ងៃទី២៤ខែ ខែវិច្ចិកានេះ ក្នុងចំណោមអ្នកមានអាយុគ្រប់បោះឆ្នោតជិត១០លាននាក់ ដែល គ.ជ.ប រំពឹងទុក។

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA បានចេញសេចក្តីថ្លែងការណ៍មួយ លើកឡើងថា ការស្នើសុំពន្យារពេលចុះឈ្មោះបោះឆ្នោតនេះ ដោយរកឃើញថារាជធានី ខេត្ត យ៉ាងតិចចំនួន១៣ ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាម និងខេត្តមួយចំនួនទៀត អ្នកដែលបានទៅចុះឈ្មោះមានចំនួនទាបនៅឡើយ។

សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថាបញ្ហាដែលពួកគេមិនទាន់បានមកចុះឈ្មោះនោះ ដោយសាតែកង្វះព័ត៌មាន ខ្វះឯកសារ ការបង្កការលំបាកពីអាជ្ញាធរក្នុងការបំពេញបែបទបញ្ជាក់ឯកសារ សម្រាប់បម្រើឲ្យកិច្ចការបោះឆ្នោតនិងបញ្ហាមួយចំនួនទៀត។ឮ

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល និងជាសមាជិក ERA លោក គល់ បញ្ញា ឲ្យដឹងបន្ថែមថា កាសុំឲ្យពន្យាលពេលនេះ លោកថា ដើម្បីទុកពេលឲ្យគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ បង្កើនយុទ្ធនាការ លើកទឹកចិត្តដល់ពលរដ្ឋដែលមិនទាន់មកចុះឈ្មោះឆ្នោតនោះ បានមកចុះឈ្មោះបោះឆ្នោត ដែលលោកថាដើម្បីបានអនុវត្តសិទ្ធិជ្រើសរើសមេដឹកនាំ ដូចពលរដ្ឋមួយចំនួនដែលបានមកចុះឈ្មោះរួចហើយដែរ។

លោកថា៖ «អាជ្ញាធរ គ.ជ.ប និងភាគីពាក់ព័ន្ធមានអង្គការសង្គមស៊ីវិល គណបក្សនយោបាយហ្នឹង ធ្វើយុទ្ធនាការម្តងទៀតទៅ ដូចពេលយើងធ្វើយុទ្ធនាការនៅខែ៩នេះ យើងមានការធ្វើយុទ្ធនាការរឿងចុះឈ្មោះបោះឆ្នោតហ្នឹង យើងធ្វើសកម្ម។ បើយើងធ្វើសកម្មម្តងទៀតទៅ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពេញលេញ ហើយជំរុញឲ្យអាជ្ញាធរហ្នឹងខំ ចេញឯកសារបញ្ជាក់អត្តសញ្ញាណ ឲ្យប្រជាពលរដ្ឋដែលគាត់អត់មានអត្តសញ្ញាណប័ណ្ណ ឬក៏អត់មានលិខិតបញ្ជាក់សំបុត្រកំណើតអីហ្នឹង ត្រូវតែជួយធ្វើឲ្យគាត់ឲ្យខាងតែបាន មកចុះឈ្មោះបោះឆ្នោត។ ហើយឲ្យមានការរៀបចំការចុះឈ្មោះនៅតាមភូមិតាមអីទៅ។ សម្រាប់ជនពិការយើងរកឃើញថា មានជនពិការមួយចំនួន គាត់អត់អាចឡើងទៅអាគារដែលមានជាន់លើទេ អញ្ចឹងគួតែរៀបចំការិយាល័យចុះឈ្មោះនៅខាងក្រោម  ក្នុងរយៈពេលប៉ុន្មាន ដើម្បីលើកទឹកចិត្តឲ្យជនពិការហ្នឹងគាត់ទៅចុះឈ្មោះបោះឆ្នោតបានផង»។

ប៉ុន្តែអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាងថា ស្ថាប័ននេះមិនទាន់សម្រេចថា ពន្យារពេល ឬអត់នោះទេ ដោយលោកថា រង់ចាំពិនិត្យពីចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោត នៅថ្ងៃបិទបញ្ចាប់សិន។

លោក ហង្ស ពុទ្ធា អះអាងទៀតថា ចំនួនអ្នកមិនទាន់បានមកចុះមិនពេលនេះ លោកថា ទំនងជាមិនចោទខ្លាំងទៅលើការមិនទទួលបានព័ត៌មានទេ។លោកថា ដោយសារកន្លងទៅ គ.ជ.ប បានបង្កើនការផ្សព្វច្រើនហើយ ដូចជាតាមគ្រីះស្ថាននានាស្ទើទូទាំងប្រទេស ការបង្កើតឲ្យមានក្រុមបណ្តាញផ្សព្វផ្សាយបន្ថែម រួមទាំងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត និងបង្កើតជាប្រព័ន្ធផ្តល់ព័ត៌មាន ផ្ញើសារជាសំឡេង តាមរយៈទូរសព្ទដៃ តាមលេខ១២៨៥ជាដើម។

លោកថា៖ «អ្នកដែលមិនទាន់មកចុះឈ្មោះបោះឆ្នោត មានករណីសំខាន់ គឺបងប្អូនជាង១លាននាក់ ដែលនៅក្រៅប្រទេស [អ្នកធ្វើចំណាកស្រុក] ហើយតិចតួចទេចំពោះពលរដ្ឋចាស់ៗដែលគ្មានឯកសារ ជាអត្តសញ្ញាណប័ណ្ណឬសំបុត្រកំណើត។ យើងឃើញថា មានការសម្រេចចិត្តមិនមកចុះឈ្មោះបោះឆ្នោតនឹងក៏មានដែរ ប៉ុន្តែសរុបទៅមានតិចទេ។ហើយក៏មិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងដល់ដំណើរការចុះឈ្មោះដែរ  ហើយជាក់ស្តែងយើងឃើញថា ទូរលេខ៧៧ភាគរយនេះ គឺជាទូរលេខដែលល្អ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀតនោះបាទ»។

មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី អះអាងថា គណបក្សនេះ ក៏មានគម្រោងសុំពន្យារពេលចុះឈ្មោះនេះដែរ ដោយថា ភូមិឃុំមួយចំនួនអ្នកទៅចុះឈ្មោះមានចំនួនតិចតួចនៅឡើយ ដោយសារពួកគេមិនទទួលបានព័ត៌មានគ្រប់គ្រាន់ រួមទាំងខ្វះឯកសារ។

ប៉ុន្តែលោកស្រី ម៉េង សុភារី អះអាងថា ពេលនេះ គណបក្សសង្គ្រោះជាតិបន្តចុះផ្សព្វផ្សាយព័ត៌មានស្តីពីដំណើរការចុះឈ្មោះនេះ នៅតាមមូលមូលដ្ឋាន តាមរយៈផ្សព្វផ្សាយតាមមេក្រូចល័ត ចែកលិខិតប័ណ្ណ តាមមូលដ្ឋាន និងនៅទីប្រជុំជននានា ដូចជាទីរួមខេត្ត និងតាមផ្សារជាដើម។

បើតាមមន្ត្រីបក្សប្រឆាំងរូបនោះ បញ្ហាជាច្រើនដែលបានរកឃើញ ហើយអាចបង្កឲ្យពលរដ្ឋបាត់សិទ្ធិបោះឆ្នោតនោះ គឺការដែល គ.ជ.ប មិនអាចសម្រួលឲ្យពលករចំណាកស្រុក អាចចុះឈ្មោះនៅខេត្តជាប់ព្រំដែនបាន។

ពលរដ្ឋខ្វះឯកសារ កង្វះព័ត៌មាន ការមិនយកចិត្តទុកដាក់ ពីអាជ្ញាធរ ការមិនយល់ដឹងពីនីតិវិធី បំពេញឯកសារ សម្រាប់បម្រើឲ្យការបោះឆ្នោតពេលពួកគេគ្មានអត្តសញ្ញាណប័ណ្ណជាដើម។

លោកស្រីថា៖ «ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណបាន ពលរដ្ឋត្រូវមានសំបុត្រកំណើត ឬលិខិតបញ្ជាក់សំបុត្រកំណើត ហើយនិងសាក្សីពីររូបដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំសង្កាត់ រួមជាមួយ រូបថត៣គុណ៤ ចំនួនពីរសន្លឹក។ ប៉ុន្តែពលរដ្ឋមួយចំនួនសំបុត្រកំណើតក៏គាត់អត់មានដែរ ហើយនៅពេលដែលគាត់ស្នើសុំបំពេញបែបបទធ្វើសំបុត្រកំណើត អាជ្ញាធរឃុំខ្លះ គាត់ឆ្លើយថាអត់មានក្រដាស។ ហើយយើងឃើញថ្មីៗនេះទៀតសោធ យើងឃើញសូម្បីតែលិខិតបញ្ជាក់អត្តសញ្ញាណ ក៏ដូចជាលិខិតបញ្ជាក់លំនៅនៅខេត្តមួយចំនួនការអត់មានដែរ ក្រដាសអស់ទាំងហ្នឹងក៏អស់ទៅទៀតដែរ គាត់ថាអស់ក្រដាស គឺអត់មានក្រដាសសម្រាប់ចេញ»។

ទោះជាងយ៉ាងណា សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានជំរុញឲ្យ គ.ជ.ប ជួយសម្របសម្រួលទៅអាជ្ញាធរឲ្យបង្កលក្ខណងាយស្រួល ដល់ការចេញលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនេះ ដោយថាធ្វើយ៉ាងណាឲ្យពលរដ្ឋដែលខ្វះឯកសារនោះ បានទៅចុះឈ្មោះបោះឆ្នោតបានគ្រប់គ្រា រួមទាំងជំរុញឲ្យ គ.ជ.ប ជួយសម្រួលឲ្យពលករចំណាកស្រុកអាចចុះឈ្មោះនៅខេត្តជាប់ព្រំដែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ