បទយកការណ៍៖ ជនរងគ្រោះនៅតែមិនទាន់ស្ងប់ចិត្ត បើទោះជាកាត់ទោសមេដឹកនាំខ្មែរក្រហម​​មួយ​ជិវិត

លោកខៀវ សំផន និង នួន ជា (ECCC)

តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញជុំវិញតុលាការកម្ពុជា កាលពីថ្ងៃទី២៣ខែវិច្ឆិកា បានសម្រេចផ្តន្ទាទោស អតីតប្រមុខរដ្ឋនៅក្នុងសម័យខ្មែរក្រហម លោក ខៀវ សំផន និងអតីតប្រធានរដ្ឋសភា លោក នួន ជា ដាក់ពន្ធនាគារអស់មួយជិវិតដូចសាលាដំបូងដដែល បើទោះបីជាតុលាការនេះរកឃើញថាសាលាដំបូងមានកំហុសមួយចំនួន ក្នុងការចេញសាលក្រមក៏ដោយ។

មេដឹកនាំខ្មែរក្រហមដែលនៅរស់ទាំងពីររូបនេះ ត្រូវបានកាត់ទោសចំពោះបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលក្នុងនោះមានការធ្វើទុក្ខបុកម្នេញក្រោមហេតុផលនយោបាយ និងអំពើអមនុស្សធម៌ផ្សេងទៀត ទាក់ទិនទៅនឹងការជម្លៀសប្រជាជនក្នុងដំណាក់កាលទី១នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីលំនៅលើកទី២ដែលកើតឡើងចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។

ក្រោយពីប្រកាសរួច ដើមបណ្តឹងរដ្ឋប្បវេណី បានសារទរ ក៏ប៉ុន្តែពួកគេថាបើទោះបីជាសម្រេចដាក់ពន្ធនាគារដល់ខៀវ សំផន និងនួន ជាបែបនេះក៏ដោយក៏ពួកគេនៅមិនទាន់ស្ងប់ចិត្តនៅឡើយ។

រហូតមកដល់ពេលនេះមានរយៈពេល៣៧ឆ្នាំហើយបន្ទាប់ពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៩ ហើយនៅពេលនេះតុលាការខ្មែរក្រហមបានសម្រេចលទ្ធផលចុងក្រោយក៏ដោយក៏អ្នកស្រីយ៉ាន ញ៉ អាយុ៦៩ឆ្នាំមកពីខេត្តតាកែវដែលបានមកស្តាប់សវនាការនៅតែបង្ហាញចិត្តអាលះអាល័យដល់បងប្អូននិងកូនរបស់អ្នកស្រីជាខ្លាំង។ អ្នកស្រីថា ការសម្រេចនៅថ្ងៃនេះមិនអាចធ្វើឲ្យអ្នកស្រីភ្លេចពីភាពលំបាកវេទនា និងការព្រាត់ប្រាស់បងប្អូនកូនចៅរបស់អ្នកស្រីបាននោះទេ។

អ្នកស្រីថា៖ «ដាក់ពន្ធនាគារគាត់មួយជិវិតអញ្ចឹងទៅខ្ញុំក៏វា ធូរស្រាលចិត្តបន្តិចដែរព្រោះពីដើមឡើយខ្ញុំមិននឹងស្មានថាប្តីខ្ញុំហ្នឹងស្លាប់ទៅដូចខ្មោចឆ្កែខ្មោចឆ្នាគ្មានន័យអីបន្តិចទេ តែបានអង្គការជួយគាំទ្រប៉ុណ្នឹងខ្ញុំក៏រំសាយចិត្តបន្តិចទៅ តែខ្ញុំចងចាំពីរឿងអាពតនេះលុះណាតែជិវិតខ្ញុំស្លាប់ ព្រោះខ្ញុំវេទនាណាស់ពេលដែលចេញពីភ្នំពេញទៅគេយកប្តីទៅសម្លាប់ព្រោះគេដឹងថាយើងទាហានសិក្កមួយណាអូន ក៏គេយកទៅសម្លាប់ទៅហ្នឹង ហើយខ្ញុំសល់កូន៤និងកូនក្នុងពោះហ្នឹងផង និងចិញ្ចឹមកូនផង ហើយគេធ្វើបាបយើងណាស់ឲ្យតែដឹងថាប្រពន្ធទាហាន »

ប្រវត្តិសាស្ត្រកម្ពុជាក្រោមរបបកម្ពុជាប្រជាធិបតេយ្យ គឺជាប្រវត្តិដ៏ខ្មៅងងឹតមួយដែលប្រជាជនកម្ពុជាជាង៧លាននាក់ក្នុងសម័យនោះជួបប្រទះ។ គ្មានអ្វីដែលជាកម្មសិទ្ធផ្ទាល់ខ្លួនទេ គ្មានលុយ គ្មានរបបអាហារគ្រប់គ្រាន់ គ្មានសាលារៀន និងប្រឈមនឹងពាក្យថាក្បត់បក្សស្ទើរគ្រប់ពេលវេលា។ ប្រជាជនខ្មែរអាយុចាប់ពី៤០នៅពេលបច្ចុប្បន្ននេះភាគច្រើនពិតជាធ្លាប់ឆ្លងកាត់ការលំបាកទាំងនេះ លើសពីនេះមានមនុស្សមួយចំនួនក៏បានបាត់បងញ្ញាត្តិសន្តានរបស់ខ្លួននៅក្នុងសម័យនោះផងដែរ។ មនុស្សជាង២លាននាក់ត្រូវបានបាត់បង់ជិវិតនៅក្នុងសម័យនេះផងដែរ។

ដើមបណ្តឹងរដ្ឋប្បវេណីច្រើនរយនាក់ត្រូវបានសាលាក្តីរៀបចំឲ្យត្រលប់ទៅផ្ទះវិញក្រោយពីបញ្ចប់សវនាការ។

អង្គុយលើកៅអីព័ណ៌ខៀវមួយក្នុងរោងសម្រាប់អ្នកចូលរួម អ្នកស្រីម៉ូវ គឹមហេង អាយុប្រមាណ៥០ឆ្នាំ ដែលក្នុងរបបពលពត អ្នកស្រីថាខ្មែរក្រហមបានបង្ខំឲ្យអ្នកស្រីចូលជាអ្នកសិល្បៈក្នុងសម័យនោះបានរៀបរាប់ថា អ្នកស្រីបានបាត់បង់ប្តី និងបងពីរនាក់។ ថ្វីត្បិតតែការដាក់ទោសនេះជាចំនួនអតិប្បរមានៃទោសក៏ដោយ ក៏ចិត្តនឹកដល់មនុស្សជាទីស្រលាញ់របស់អ្នកស្រីនៅដក់ជាប់ក្នុងចិត្តអ្នកស្រីជានិច្ច។

អ្នកស្រីគឹម ហេង៖ «តុលាការគេកាត់ឲ្យគាត់ជាប់មួយជិវិតនោះដូចថា គេប្រមូលសំណុំរឿងគាត់ហ្នឹងដូចថាទោសគាត់ដូចជាធ្ងន់ក្រៃ ដែលគាត់សម្លាប់ដោយរង្គាល ដែលគាត់គឺជាអ្នកដឹកនាំកំពូលនៅសម័យហ្នឹងដូច្នេះគឺខ្ញុំពេញចិត្ត។ បើទោះបីពេញចិត្តមែនក៏ប៉ុន្តែនៅពេលខ្ញុំឃើញគាត់ ខ្ញុំតែងតែនឹងឃើញដល់គ្រួសារ ដូចជាប្តីអីហ្នឹងទៅខ្ញុំដូចជាអាណោចអាធ័មណា។ ដល់ខ្ញុំនឹងឃើញត្រង់ហ្នឹងខ្ញុំខ្លោចផ្សា ហើយមួយទៀតខ្ញុំថាការពិតប្តីខ្ញុំគេយកទៅធ្វើទារុណកម្ម ឬវាយចោលនៅទីណាទេ ខ្ញុំអត់មានដឹងកន្លែងណាទេក្មួយ»

ស្ថិតក្នុងស្ថានភាពពិការជើងទាំងពីរដោយសារសង្គ្រាម លោក ហេង គង់ អាយុ៥៧ឆ្នាំ ដែលជាដើមបណ្តឹងរដ្ឋប្បវេណីមកពីខេត្តកំពង់ស្ពឺ បានបង្ហាញអារម្មណ៍ក្តុកក្តួល និងអួលដើមករពេលដែលលោកនិយាយដល់ការបាត់បង់ឪពុករបស់លោក។ បើទោះបីជាតុលាការខ្មែរក្រហមកាត់ទោសលោក នួន ជា និងខៀវ សំផន ឲ្យជាប់ពន្ធនាគារមួយជិវិតក៏ដោយ ក៏លោកថាភាពឈឺចាប់ និងអាណិតអាសូរដល់ឪពុកលោកគឺនៅតែធ្វើឲ្យលោកចងចាំមួយជិវិត។

លោកហេង គង់៖ «ឪពុកខ្ញុំគេបញ្ជូនទៅស្រុកនៅឆ្នាំ៩៧ ទៅបាត់ដំបងទាំងអស់ ម៉ែខ្ញុំប្រាប់ខ្ញុំថាពុកកូនគេយកទៅវាយចោលហើយកូនអើយតែម៉ែអត់ស្លាប់ទេម៉ែមកវិញតែឪពុកកូនស្លាប់ហើយខ្ញុំស្រក់ទឹកភ្នែកអស់មួយជិវិត ខ្ញុំរងគ្រោះខ្ញុំឈឺចាប់ណាស់! ខ្ញុំដាច់ជើងទៀតហើយពេលនេះខ្ញុំតែលតោលទៀត ទោះបីជាខ្ញុំនៅរស់មែនតែខ្ញុំអត់មានអីទេ ខ្ញុំសព្វថ្ងៃដូចថាមានជំងឺមួយរ៉ាំរ៉ៃផ្លូវចិត្តណាស់ ព្រោះខ្ញុំព្រាត់ឪពុកខ្ញុំមួយជិវិត»។

តុលាការកំពូលបានច្រានចោលការផ្តន្ទាទោស លោក នួន ជា និងខៀវ សំផន ចំពោះបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលក្នុងនោះមាន ការសម្លាប់រង្គាល ការធ្វើមនុស្សឃាត និងការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយនៅទួលពោធិ៍ជ្រៃ។ ក៏ប៉ុន្តែដោយសារតែឧក្រិដ្ឋកម្មផ្សេងទៀតបានកើតឡើងក្នុងកំឡុងពេលដ៏យូរមួយ និងតួនាទីសំខាន់របស់ជនជាប់ចោទ តុលាការកំពូលនៅតែសម្រេចឲ្យ លោក នួន ជា និងខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិតដូចសាលាដំបូងដដែល។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្ត្រា បានឲ្យដឹងក្រោយពេលប្រកាសសាលដីកា បិទផ្លូវតវ៉ានេះថា បើទោះបីជាការសម្រេចសេចក្តីឲ្យលោក នួន ជា និងខៀវ សំផន ជាប់ទោសមួយជិវិតនេះក្តី អ្នកទាំងពីរត្រូវស្ថិតក្នុងពន្ធនាគារនៃសាលាក្តីខ្មែរក្រហមនៅឡើយ ដោយរង់ចាំរហូតដល់ចប់សំណុំរឿង០០២/០២ ដែលកំពុងបន្តនាពេលបច្ចុប្បន្នសិន។

លោកថា៖ « ជាសរុបមកវិញថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់សាលាក្តីខ្មែរក្រហម របស់ប្រជាជនកម្ពុជា និងជារបស់មនុស្សជាតិទាំងមូលដែលតុលាការកំពូលនៃអង្គជុំនំជម្រះវិសមញ្ញនៃតុលាការកម្ពុជាបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជិវិតទៅលើជនជាប់ចោទនួនជា និងខៀវសំផន ដែលសំណុំរឿង០២វគ្គនេះគឺជាបណ្តុំនៃមេដឹកនាំប្រទេសមួយ មានទាំងប្រមុខរដ្ឋគឺលោក ខៀវ សំផន មានទាំងប្រធានរដ្ឋសភា លោក នួន ជា»

បើទោះបីជាសាលាក្តីកូនកាត់នេះសម្រេចយ៉ាងនេះក្តី ក៏នៅមានសំណួរជាច្រើនត្រូវអ្នករងគ្រោះចង់ចោទសួរដោយផ្ទាល់ និងត្រូវការចម្លើយពីមេដឹកនាំជាន់ខ្ពស់ទាំងពីរនៃរបបខ្មែរក្រហមនេះ។

ក្នុងនោះសំណួរមួយរបស់ដើមបណ្តឹងរដ្ឋប្បវេណីអ្នកស្រី គឺម ហេង ដែលចង់សួរបំផុតនោះគឺ៖ «គេអប់រំថាឪពុកម្តាយយើងហ្នឹងខ្មាំងយើងត្រូវតែហ៊ានសម្លាប់ ឥឡូវខ្ញុំចង់និយាយថានេះ គាត់មានកូន ខៀវ សំផន ឬក៏នួន ជា ហ្នឹងមានកូនឥឡូវហៅមកសួរ(កូន)តបទៅវិញថា ឪពុកនេះពិតជាក្បត់ពេញទីហើយឥឡូវនេះហ៊ានសម្លាប់អត់? កាលហ្នុងអ្នកឯងបម្រើនយោបាយអប់រំពួកខ្ញុំឲ្យថាអញ្ចឹង ឥឡូវខ្មាំងពេញទីហើយចុះកូនគាត់ហ៊ានសម្លាប់អត់ គេយកមកកាត់ទោសទាំងជ្រងនេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ