អ្នកវិភាគ៖ ការយកអាសនៈបក្សប្រឆាំង ហាក់បានចូលរួមរុញប្រជាធិបតេយ្យឲ្យដើរថយក្រោយ

គណបក្ស ហ៊្វុន ស៊ិនប៉ិច និងគណ​បក្ស​សញ្ជាតិ​កម្ពុជា

អ្នកវិភាគលើកឡើងថា គណបក្សមួយចំនួនដែលព្រមទទួលយកអាសនៈរ​បស់បក្សប្រឆាំ​ង ក្រោយតុលា​កា​រ​​កំពូ​​លរំលា​យនោះ ថាហាក់បានចូលរួមជំរុញប្រជាធិបតេយ្យឲ្យដើរថយក្រោយ បើទោះ​​បីពួកគេថាកា​របែងចែកនោះ ​ធ្វើឡើងតាមច្បាប់ទើបធ្វើវិសោធនកម្មក៏ដោយ។

តុលាការ​កំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ​ កាលពីថ្ងៃទី១៦ខែវិច្ឆិកា ដោយចោទថាមានពាក់ព័ន្ធទទួលលុយបរទេសរៀបចំធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។​

១សប្តាហ៍ក្រោយមក គ.ជ.ប អះអាងថា អាសនៈសភាទាំង៥៥ របស់បក្សប្រឆាំងនេះ ត្រូវបែ​ងចែ​ក​ឲ្យ​​​ទៅគ​ណបក្ស​ចំនួ​​ន​៥ ដែលគណបក្សទាំងនេះមិនមានអាសនៈនៅក្នុងសភាទេ ហើយគណបក្សខ្លះទៀតមិនមានទាំងអាសនៈនៅឃុំសង្កាត់ផង។​

ប៉ុន្តែកា​​​របែងចែកអាសនៈនេះ គណ​ប​​ក្ស​​​ស​ម្ព័ន្ធ​​ដើ​​ម្បី​​ប្រ​ជា​ធិ​បតេ​​​យ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិ​នទទួលយក ហើយគណបក្សដែលទទួលយកមាន គណបក្ស ហ្វ៊ុន ស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និង គណបក្សខ្មែរអភិវឌ្ឍន៍​សេដ្ឋកិច្ច។​

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ក្នុង​ប្រ​ទេ​ស​​ប្រជាធិបតេយ្យ គេត្រូវការគណបក្សនៅក្រៅរដ្ឋាភិបាល ឬហៅថាបក្សប្រឆាំង មានតុល្យ​ភាព​អំណា​ច ឬមានអ្នកគាំទ្រប្រហាក់ប្រហែលបក្សកាន់អំណាចដែរ ទើបអាចជំរុញប្រសិទ្ធភាពនៃការអភិវឌ្ឍ អភិបាលកិច្ច តាមយន្តការប្រជាធិបតេយ្យបាន។

លោក យង់ គិមអេង ថាគណបក្ស៣ដែលត្រូវបែងចែកអាសនៈឲ្យនេះ គ្មានសំឡេង​គាំ​ទ្រសូ​ម្បីតែ១​អា​សនៈនៅឃុំសង្កាត់ លោកថាដូចនេះពួកគេនឹងមិនអាច​ជំ​រុញយន្ត​កា​រ​ប្រ​​ជាធិបតេយ្យបានទេ។

លោកថា៖ «យើងយល់ថា ពួកគាត់ហ្នឹង អត់ហ៊ានធ្វើអីដើម្បីរកតម្លាភាពទេ គឺថាធ្វើយ៉ាងម៉េចសម្រប​សម្រួលឲ្យខ្លួនមានតួនាទី មានបុណ្យសក្តិប៉ុណ្ណឹងទេបាទ។ អញ្ចឹងទេកន្លងនេះហើយ ដែលអាចធ្វើឲ្យបាត់បង់​ផលប្រយោជ​ន៍ដល់ប្រជាពលរដ្ឋ»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី លើកឡើងថា ការបែងចែកអាសនៈពិតជាធ្វើតាមច្បាប់មួ​យ​ចំ​នួន ដែលតំណាងរាស្ត្របក្សកាន់អំណាចទើបធ្វើវិសោធនកម្មយ៉ាងប្រញាប់ប្រញាល់ និងក្រោម​សំឡេ​ងរិះគន់។ ប៉ុន្តែលោកថា គេត្រូវការពេលយូជាងនេះ ទើបអាចនិយាយបានថា តើការដើរចូ​លទៅអង្គុ​យក្នុ​ងសភារបស់​គណ​បក្សទាំង៣នេះ ដើម្បីតែអំណាច ឬដើម្បីជំ​រុញយន្តការប្រជាធិបតេយ្យនៅម្ពុជា។

អ្នក​វិភាគរូបនេះ និយាយថា ជំហានដំបូង គណបក្សដែលប្រកាសទ​ទួលបា​ន​អាសនៈ តាមរយៈច្បាប់​បែ​ង​​​ចែ​​កនេះ លោកថាចង់មិនចង់ នឹងរងការរិះគន់យ៉ាង​ចាស់ដៃពីអ្នកតាមដានបញ្ហាសង្គម។

លោកថា៖ «តាមអ្វីដែលខ្ញុំសង្កេតមើលគណបក្សដែលបានសម្រេចទទួលយកនេះមិនមែនត្រឹមតែត្រូវមាត់ ឬ​ត្រូវ​រ​ងការរិះគន់របស់ពលរដ្ឋខ្មែរអំឡុងពេលនេះទេ វាអាចប៉ះពាល់ទៅលើ​ប្រជាប្រិយភា​ពរបស់ខ្លួន​ទាំងផ្លូ​វឯ​កជន ទាំងផ្លូវគណបក្សផងដែរ អានេះជាការមើលឃើញរបស់ខ្ញុំនៅពេលខាងមុខ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា គណបក្សទាំង៣នោះ ធ្លាប់បានចូលរួ​ម​ប្រ​​​កួ​ត​​​ប្រ​ជែងការបោះឆ្នោតកន្លងទៅ ប៉ុន្តែលោកថា ពួកគេមិនទទួលបានការគំាទ្រពីពលរដ្ឋឡើយ ករ​ណី​នេះ​​លោកវិភាគថា អាចមកពីពួកគេអសមត្ថភាព ឬកម្មវិធីនយោបាយ មិនអា​ចទាក់ទាញម្ចាស់​ឆ្នោ​​ត​​ដល់​​​កា​រអ​ភិវឌ្ឍជាតិ។

លោក សូ ចន្ថា វិភាគថា ចំណុចសូន្យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ របស់គណបក្ស ដែលបា​នកៅ​អី​​នៅ​​រដ្ឋសភា តាមរយៈច្បាប់បែងចែកនេះ លោកវិភាគថា ទំនងធ្វើតាមការរៀបចំរបស់​ក្រុមណា​មួ​យ​ ​មិនមែនធ្វើឡើងដើម្បីជំរុញប្រជាធិបតេយ្យទេ។

លោកថា៖ «មិនបានចូលរួមជំរុញលទ្ធិប្រជាធិបតេយ្យទេ ក៏ប៉ុន្តែវាហាក់បានចូលរួមធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជានេះ មានលក្ខណដើរថយក្រោយទៅវិញ ដើរថយក្រោយ ដោយថានៅក្នុ​ងសង្គមប្រជា​ធិប​តេ​យ្យដូចជាមិនដែលឃើញមានទេ»។

យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីធ្លាប់អះអាងថា បើទោះបីជាគណបក្សសង្គ្រោះជាតិ ត្រូវបានតុលា​កា​​​រ​​​​កំ​​​ពូ​លប្រកាសឲ្យរំលាយក៏ដោយ ប៉ុន្តែលោកថា រដ្ឋាភិបាលនៅតែ​ប្តេជ្ញាចិត្ត ដើរលើគន្ល​ងប្រជា​ធិបតេ​យ្យ​សេ​​រី​ព​ហុ​​បក្សដដែល។

បើ​​តា​មអ្នកវិភាគ អំណាចរបស់ថ្នាក់ដឹកនាំ ទាំងនៅឃុំ ​សង្កាត់ និងនៅរដ្ឋសភា ពលរដ្ឋជាអ្ន​កបោះ​ឆ្នោ​ត​ឲ្យ មិនមែន អ្នកនយោបាយជាអ្នកបែងចែកនោះទេ។

រដ្ឋធម្មនុញ្ញជំពូក៤ មាត្រា៥១ថ្មី ចែងថា «ព្រះរាជាណាចក្រកម្ពុជា អនុវត្តគោ​លន​យោ​បា​យសេរីពហុ​បក្ស។ ប្រជា​ពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិ របស់ខ្លួន។ អំណាចទាំ​ងអស់​ជា ​រ​បស់ប្រ​ជាពលរដ្ឋ​។​​​​​​ ប្រ​ជា​ព​​​ល​រ​​ដ្ឋ​​​ប្រើប្រាស់អំណាច របស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​សា​លា​ជ​​​​ម្រះក្តី»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ