អតីតក្រុមប្រឹក្សាឃុំសង្កាត់បក្សប្រឆាំងរង់ចាំថ្នាក់ដឹកនាំបង្កើតបក្សថ្មី

អតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ លោក សរ ណាល់ អមដោយលោក កឹម សុខា និងលោក សម រង្សុី (រួបភាពពីហ្វេសប៊ុក លោក សរ ណាល់)

អតីតសមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិ​មួយចំនួន ទន្ទឹមរង់ចាំថ្នាក់ដឹកនាំរបស់ខ្លួនបង្កើតគណបក្សថ្មី ក្រោយបក្សនេះរំលាយដោយរក្សាជំហរមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាចឡើយ បើទោះបីមានការអំពាវនាវពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាច្រើនដង។​

គណបក្សសង្គ្រោះជាតិ ដែលមានពលរដ្ឋបោះឆ្នោតគាំទ្រជាង៣លាននាក់ ត្រូវបានតុលាការកំពូលរំលាយចោលតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧។

ចាប់តាំងពីមុនថ្ងៃរំលាយរហូតរំលាយរួច លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែអំពាវនាវឲ្យមន្រ្តីគណបក្សសង្គ្រោះជាតិនៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជន ដោយទុកឱកាសរហូតដល់ថ្ងៃទី២៦ខែវិច្ឆិកាខាងមុន។ ក្រោយការអំពាវនាវនេះ គេឃើញមានមន្រ្តីបក្សប្រឆាំងមួយចំនួនបានចុះចូល និងមួយចំនួនទៀតមិនព្រមចុះចូលនោះទេ ដោយអះអាងថាមិនក្បត់ឆន្ទៈពលរដ្ឋ។

តាមសារមួយដែលគេចែកចាយតាមបណ្តាញសង្គមថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារទៅកាន់សមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ឲ្យមានការអន្ទងចិត្តអតីតសកម្មជនគណបក្សប្រឆាំងឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយធ្វើយ៉ាងណាឲ្យសកម្មជនទាំងនោះ ងាកមកបម្រើផលប្រយោជន៍គណបក្សកាន់អំណាចវិញ។

លោកបន្ថែមថា «បើយើងមិនព្រមផ្តល់ឱកាសសម្រាប់មន្រ្តីបក្សឆាំងនៅឯមូលដ្ឋាន ដើម្បីចូលមករួមរស់ជាមួយយើងនោះទេ វាជាគ្រោះថ្នាក់មួយសម្រាប់ពេលបច្ចុប្បន្នផងនិងអនាគតផង។ បច្ចុប្បន្នពួកនេះ គឺជាអ្នកដែលសកម្មប្រមូលកំលាំងនៅជើងក្រោម អញ្ចឹងនៅពេលយើងបំបាត់កំលាំងនេះ បូកជាមួយចំនួនភ័យខ្លាចរត់ទៅក្រៅប្រទេស គឺពួកនេះគ្មានលទ្ធភាពធ្វើបាតុកម្មប្រឆាំងនឹងយើងទេ»។

អតីតមេឃុំគណបក្សសង្គ្រោះជាតិនៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង លោកស្រី ស្ងួន សាមាន ប្រាប់វិអូឌីនៅថ្ងៃនេះថា ដាច់ខាតលោកស្រីមិនចុះចូលជាមួយគណបក្សកាន់អំណាចនោះទេ ដ៏រាបណាប្រទេសកម្ពុជាមិនទាន់ទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។​

មេឃុំជាប់ឆ្នោតពីរអាណត្តិរូបនេះបន្តថា លោកស្រីសម្រាកនៅផ្ទះមួយរយៈសិន ដោយរងចាំថ្នាក់នាំបង្កើតបក្សថ្មីលោកស្រីនឹងចូលជីវិតនយោបាយជាមួយបក្សនេះបន្តទៀត។

លោកស្រីបន្ថែមថា «ជំហរមីងអត់ទេ អត់ចុះចូលជាមួយបក្សប្រជាជនទេ បើថាអត់មានគណបក្សប្រឆាំង អត់មានគណបក្សសង្រ្គោះជាតិកើតឡើងវិញទេ មីងសុខចិត្តនៅធ្វើស្រែ ចូលវត្ត ដ៏រាបណាទាល់តែមានសិទ្ធិសេរីភាព ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដោយស្នើភាពគ្នាបានឈប់ធ្វើនយោបាយ បើថានៅតែមិនមានភាពស្មើគ្នា ខាងនោះមានតម្លៃខាងនេះអត់ តម្លៃអញ្ចឹងអារម្មណ៍របស់មីងមិនស្ងប់ទេ»។

អតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិម្នាក់នៅបឹងទំពុនទី២ លោក ជា យ៉ាម៉ន និយាយថា បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខំអំពាវនាវយ៉ាងណាក៏ដោយលោកមិនអាចចុះចូលជាមួយគណបក្សប្រជាកម្ពុជាទេ ដោយថា លោកមិនអាចក្បត់ឆន្ទៈពលរដ្ឋឡើយ។

លោកបន្តថា លោកនៅតែគៀងគរ និងពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីលទ្ធិប្រជាធិបតេយ្យដើម្បីជំរុញទៅការផ្លាស់ប្តូរជាវិជ្ជមាននៅពេលខាងមុន។

លោកបន្ថែមថា «ខ្ញុំសូមឲ្យបងប្អូនទាំងអស់ពង្រឹងស្មារតីទាំងអស់គ្នា យើងមិនអាចចាញ់ឧបាយកលដែលអាជ្ញាធរសព្ធថ្ងៃ ដើរបំភិតបំភ័យ ដើរលួងលោម ដើរទិញទឹកចិត្តនោះបានទេ ពីព្រោះយើងមិនអាចឈរអោបដៃ មើលប្រទេសរបស់យើងក្លាយទៅជាប្រទេសមួយដឹនាំដោយបក្សតែមួយនោះបានទេ ខ្ញុំសង្ឃឹមថា នៅថ្ងៃខាងមុខចរន្តលទ្ធិប្រជាធិបតេយ្យ ហើយ២០១៨យើងនឹងមានការផ្លាស់ប្តូរជាវិជ្ជាមានដោយអហិង្សា ហើយខ្ញុំប្តេជ្ញាថា ឆន្ទៈរបស់ខ្ញុំមិនក្បត់បងប្អូនប្រជាពលរដ្ឋឡើយ បើទោះបីត្រូវគេចាប់ក៏ដោយ»។

ដូចគ្នានេះដែរ អតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិម្នាក់ទៀតនៅសង្កាត់ចោមចៅ២ លោក សរ ណាល់ និយាយយ៉ាងម៉ឺនម៉ាត់ថា លោកមិនចុះចូលជាមួយគណបក្សកាន់អំណាចនោះទេ ដោយថា បើលោកចុះចូលស្នើនឹងក្បត់ឆន្ទៈ ពលរដ្ឋរាប់លានដែលបានបោះឆ្នោតគាំទ្របក្សខ្លួន។

លោកបន្តថា លោករក្សាជំហរមិនចុះចូលរហូតថ្នាក់គណបក្សសង្គ្រោះជាតិបង្កើតគណបក្សថ្មី ហើយលោកជឿថា ប្រជា ពលរដ្ឋគឺនៅតែត្រូវការផ្លាស់ប្តូរមេការដឹងនាំ។

លោកបន្ថែមថា «ខ្ញុំចង់ជំរាបថា ប្រសិនណាមានគណបក្សប្រឆាំងតទៅទៀត មានថ្នាក់ដឹកនាំគណបក្សប្រឆាំងជាពិសេស មានឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា គាត់ចូលរួមដឹកនាំក្នុងជួរគណបក្សប្រឆាំងតទៅទៀតខ្ញុំនឹងចូលជាមួយពួកគាត់ទៀត ព្រោះអីខ្ញុំអត់អាចយកសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋទៅចូលរួមជាមួយគណបក្សផ្សេងបានទេ»។

កាលពីពេលថ្មីៗនេះ តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ធ្លាប់​ប្រាប់ VOD ថា ដោយ​គិត​ត្រឹម​ថ្ងៃ​ទី៩​​ ខែវិច្ឆិកា គណបក្ស​​លោក​ទទួលបានពាក្យលាលែង​ពីតំណាង​រាស្ត្រមួយរូប និង​សមា​ជិក​ក្រុម​​​ប្រឹក្សាឃុំសង្កាត់​​របស់​បក្សសង្គ្រោះជាតិ​សរុប​ជាង ​៤០នាក់ ដែលទៅ​ចុះចូលជា​មួយ​គណ​បក្ស​កាន់​​អំណាច ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត អះអាងថា រហូតមកដល់ថ្ងៃទី២៣វិច្ឆិកានេះ មានមន្រ្តីបក្សប្រឆាំងជាង៦០០នាក់ហើយបានចុះចូល ជាមួយគណបក្សប្រជាកម្ពុជា។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ គណ​បក្ស​​ប្រ​​ជាជនកម្ពុជា ដែល​​ធ្លាប់គ្រប់គ្រងឃុំ-សង្កាត់ចំនួន១ ៥៩២ កាលពីឆ្នាំ២០១២នោះ បា​ន​ថយ​​​ចុះ១ ១៥៨ វិញ នៅ​ឆ្នាំ២០១៧នេះ។ ពោល គឺបាត់អស់ជិត៥០០ មេឃុំ ចៅសង្កាត់។

ចំណែ​ក​បក្សប្រឆាំង ដែលធ្លាប់គ្រប់គ្រង ៤០ឃុំសង្កាត់ នៅឆ្នាំ២០១២ បានកើនឡើងដល់៤៨៧ឃុំ-សង្កា​​ត់​​​​នៅឆ្នាំ២០១៧នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ