សភាថានឹងប្រកាសសុពលភាពបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ៤៤រូបនៅចុងខែនេះ

រដ្ឋសភាបានឲ្យដឹងថា ស្ថាប័ននេះនឹងប្រកាសសុពលភាពនៃអាណត្តិបេក្ខជនជាប់ឆ្នោតជាតំណាង​រាស្ត្រ ចំនួន ៤៤រូប​ នៅថ្ងៃទី២៧ខែវិច្ឆិកាខាងមុខ​នេះ។

ក្នុង​សេចក្តីប្រកាសព័ត៌មានរបស់​ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា សភាបានប្រជុំសម្រេចលើសុពលភាព នៃអាណត្តិបេក្ខជនជាប់ឆ្នោតចំនួន៤៤រូប ដែល​សម្រេច​ដោយ​ គជប នោះ គឺ​សភាបានបញ្ជាក់ថា ស្ថាប័ននេះនឹងប្រកាស​ពលភាព នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ​នេះ។

ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ គ ជ ប ប្រកាសយកអាសនៈចំនួន​៥៥របស់បក្សនេះ​ ទៅចែកឲ្យគណបក្សចំនួន​៥។ ប៉ុន្តែក្នុងចំណោមគណបក្ស៥នោះមានគណបក្សពីរប្រកាសមិនទទួលយកអាសនៈទេ  ទើបអាសនៈ១១មួយទៀតរបស់គណបក្សសង្គ្រោះជាតិ ត្រូវទំនេរហើយនឹងត្រូវបែងចែកលើកទី២។​

លើសពីនេះទៀត សេចក្តីប្រកាសនោះបានឲ្យដឹងទៀតថា នៅក្នុងអង្គប្រជុំថ្ងៃនេះ សភាបានសម្រេច​លើសំណើរសុំលាលែងពីតួនាទី និងតំណែងអនុប្រធាន សមាជិក សមាជិកា គជប ផង​ដែរ​ ដោយថា រាល់ការសម្រេច​ជ្រើសរើសបេក្ខជនជំនួសអតីតសាមជិក គជប បីរូប​នោះ ជាភារកិច្ចរបស់លេខាធិការដ្ឋាន រដ្ឋសភា ស្រប​តាមច្បាប់​ស្តីពី ការរៀប​ចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត​។

គួរបញ្ជាក់ថា ក្រោយពីតុលាការកំពូលសម្រេច​រំលាយគណបក្សប្រឆំាងកាលពីថ្ងៃទី១៦ខែវិច្ឆិកា តាមកា​រស្នើ​​សុំរបស់​ក្រសួង​មហាផ្ទៃ។ បន្ទាប់មកនៅថ្ងៃទី២០ ខែវិច្ឆិកា មន្ត្រី គ.ជ.ប បីរូប ដែលមាន​កូតាម​កពីបក្ស​ប្រឆំាង បានដាក់​ពាក្យទៅសភា ដើម្បី​សុំលាលែងពីតំណែង ដោយថាមិន​ចង់រំលោភ​ឆន្ទៈម្ចាស់ឆ្នោត និងមិនចង់មានឈ្មោះ​អាក្រក់ ក្នុង​ប្រវត្តិសាស្ត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ