គណបក្សទទួលអាសនៈបក្សប្រឆាំង ប្តេជ្ញាការពារផលប្រយោជន៍ពលរដ្ឋ​

គណបក្ស ហ៊្វុន ស៊ិនប៉ិច និងគណ​បក្ស​សញ្ជាតិ​កម្ពុជា

គណបក្សនយោបាយដែលប្រកាសទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិបានប្ដេជ្ញាថា ពួកគេនឹងខិតខំបម្រើប្រជាពលរដ្ឋ ដើម្បីកសាងប្រទេសជាតិឲ្យមានស្ថិរភាពនិងសន្តិភាព។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រជុំសម្រេច​បែងចែកអាសនៈរបស់គណបក្សប្រឆំាងចំនួន៥៥ ទៅឲ្យគណបក្សចំនួន៥ ដែលក្នុងនោះមាន គណបក្ស ហ៊្វុន ស៊ិនប៉ិច បាន​​៤១ គណ​បក្ស​សម័​ន្ធ​ដើម្បី​ប្រជាធិបតេយ្យបាន៦ គណបក្សខ្មែរ​ឈប់ក្រ​បាន​៥​ គណ​បក្ស​សញ្ជាតិ​កម្ពុជា​​បាន​២ និងខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន១អាសនៈ។

ប៉ុន្តែគណបក្សចំនួនពីរ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិនទទួលយកអាសនៈនេះទេ។​

ប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង មានប្រសាសន៍ថា គណបក្សរបស់លោកនឹងទទួលយកអាសនៈ២ តាមរូបមន្តបែងចែករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបន្តថា បន្ទាប់ពីទទួលបានអាសនៈហើយ គណបក្សលោកនឹងខិតខំបម្រើប្រជាពលរដ្ឋ ដើម្បីចូលធ្វើការអភិឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

លោកថា «បន្ទាប់ពីទទួលបានអាសនៈនេះ គណបក្សសញ្ជាតិកម្ពុជា នឹងប្ដេជ្ញាបម្រើប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ មិនប្រកាន់ថាបក្សណាៗទេ ក្នុងគោលបំណងតែមួយគត់ គឺចង់ឲ្យប្រទេសយើង ក្លាយទៅជាអច្ឆរិយៈប្រទេសដូចគេដែរ»។

ចំណែកអ្នកនាំពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ លោក ញេប ប៊ុនជិន​ មានប្រសាសន៍ថា គណបក្សរបស់លោក នឹងទទួលយកអាសនៈ៤១ ។ លោកថា លោកពេញចិត្តនឹងទទួលយក ហើយថាខិតខំធ្វើការងារយ៉ាងណាឲ្យពលរដ្ឋបានសុខ។​​

លោកថ្លែងថា «យើងទទួលយកដោយរីករាយ​ ហើយការទទួលយកនេះ ដោយខិតខំប្រឹងប្រែង​បម្រើរាស្ត្រ ថ្វីត្បិតតែ​ អ្នកមើលឃើញយើងថា យ៉ាងណានោះ​ ជាការបកប្រែរបស់គេ​ទេ។ ប៉ុន្តែយើងយកចំនួនណាមួយ​នោះ ​ដែល​ច្បាប់ប្រគល់ឲ្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ យកទៅប្រើការ​ក្លាយ​ទៅជាសហប្រយោជន៍​ចំពោះ​រាស្ត្រ ចំពោះជាតិ ធ្វើម៉េចឲ្យ​រាស្ត្របានសុខ ស្ថេរភាព​នយោបាយ​​»។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបាននៅឡើយទេ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តុលាការកំពូល បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិទៅតាមបណ្ដឹង ក្រសួងមហាផ្ទៃ។ ការប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិរបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងតាមបណ្ដឹង របស់គណបក្សចំនួន ២ គឺ គណបក្ស ហ្វ៊ុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ