វិបត្តិជនជាតិរ៉ូហ៊ីងយ៉ាកំពុងតែរុញមីយ៉ាន់ម៉ាចេញពីអាមេរិកឲ្យទៅស្និទ្ធជាមួយចិន​

លោកស្រីអ៊ុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា និង លោក ស៊ី ជីនពីង មេដឹកនាំចិន​

បច្ចុប្បន្នសហគមន៍អន្តរជាតិកំពុងតែដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ាឲ្យបញ្ឈប់ការប្រើអំពើឃោរឃៅលើជនជាតិភាគតិចរ៉ូហ៊ីងកាន់សាសនាឥស្លាមនៅក្នុងរដ្ឋរ៉ាក់ឃីន។ នៅក្នុងចំណោមប្រទេសដែលដាក់សម្ពាធខ្លាំងលើមីយ៉ាន់ម៉ានោះមានប្រទេសអាមេរិក​ដែលចេញមុខខ្លាំងជាងគេ។​

វិបត្តិជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់ផ្តើមផ្ទុះឡើងកាលពីខែសីហាដោយពួកយោធាមីយ៉ាន់ម៉ាចោទថា កម្លាំងបះបោររ៉ូហ៊ីងយ៉ាបើកការបាញ់ប្រហារលើប៉ុស្តិ៍នគរបាល​ ហើយយោធាក៏បើកការវាយប្រហារសងសឹកវិញ រហូតដល់មានការដុតផ្ទះ បាញ់សម្លាប់ ធ្វើទារុណកម្ម ការរំលោភបំពានផ្លូវភេទ ហើយបានបណ្តាលឲ្យជនជាតិភាគតិចនេះជាង ៦០០ ០០០នាក់រត់គេចចេញពីប្រទេសឆ្លងដែនទៅបង់ក្លាដេស។​

បើទោះជាមានការបកស្រាយពីរដ្ឋាភិបាល​មីយ៉ាន់ម៉ាជាញឹកញាប់ថា យោធាមិនបានបង្ក្រាបលើជនស៊ីវិលរ៉ូហ៊ីងយ៉ាគឺបង្ក្រាបតែលើក្រុមបះបោរក៏ដោយ ប៉ុន្តែសហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិ ប្រទេសកាន់របបសេរី និង មានការគោរពសិទ្ធិមនុស្ស​ មានទាំងសហរដ្ឋអាមេរិក​ផងបានថ្កោលរដ្ឋាភិបាលមីយ៉ាន់ម៉ាជាបន្តបន្ទាប់លើករណីនេះ ហើយជំរុញឲ្យមានការដោះស្រាយជាបន្ទាន់។​

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធារ៉ឺសិន

កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសរបស់អាមេរិក​លោក រិច ធារ៉ឺសិន បានថ្លែងថា រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងតែធ្វើសកម្មភាព​បោសសម្អាត ឬ សម្លាប់ឲ្យផុតពូជជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា។ លោក​បន្តថា អាមេរិក​កំពុងតែតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ហើយអាចនឹងមានការដាក់ទណ្ឌកម្ម​។​

ពាក្យសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនេះ បានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំង រហូតដល់អាមេរិក​បានហាមមន្ត្រីរបស់ខ្លួនមិនធ្វើដំណើរទៅកាន់រដ្ឋរ៉ាក់​ឃីនមួយរយៈដោយបារម្ភខ្លាចមានការតវ៉ាផ្ទុះឡើង ដោយសារការប៉ះគ្នាដោយពាក្យសម្តីនេះ។​

កាលពីខែតុលាកន្លងទៅនេះ សហរដ្ឋអាមេរិក​ក៏បានប្រកាសផ្តាច់ជំនួយនានាដល់យោធាមីយ៉ាន់ម៉ាដោយចោទថា ក្រុមនេះបានរំលោភបំពានធ្ងន់ធ្ងរលើជនជាតិភាគតិចរ៉ូហ៊ីង។​

ករណីនេះ ត្រូវបានគេមើលឃើញថា កំពុងតែធ្វើឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង ប្រទេសមីយ៉ាន់ម៉ា។​

យើងពិនិត្យមើលការប្រែប្រួលនៃទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក​អាមេរិក និង ប្រទេសមីយ៉ាន់ម៉ាក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គឺអាមេរិក​ចាប់ផ្តើមប្រឈមមុខដាក់​គ្នាខ្លាំងជាមួយមីយ៉ាន់ម៉ានៅឆ្នាំ​១៩៨៨ នៅពេលដែល​យោធាធ្វើរដ្ឋប្រហារ​និង ប្រើអំពើហិង្សាលើក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ទំនាក់ទំនងរវាងអាមេរិកនិងមីយ៉ាន់ម៉ាហាក់មានភាពប្រសើរឡើងវិញនៅឆ្នាំ២០១២ នៅពេលដែលមេដឹកនាំរដ្ឋាភិបាលពាក់កណ្តាលស៊ីវិល​ លោក ថេន សេន ព្យាយាមស្វែងរកការទំនាក់ទំនងជាមួយបណ្តាលលោកសេរី ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផង។ ពេលនោះ​សហរដ្ឋអាមេរិ​កដកទណ្ឌកម្មនានា  ហើយងាកមកផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា។​

ទន្ទឹមនឹងការស្វែងរកការជួយជ្រោមជ្រែងពីប្រទេសមហាអំណាចកាន់របបប្រជាជាធិបតេយ្យនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា​ក៏បានធ្វើកំណែទម្រង់ឲ្យមានការគោរពសិទ្ធិមនុស្ស  ដោះលែងអ្នកទោសនយោបាយជាបន្តបន្ទាប់។​

ប៉ុន្តែបញ្ហាប្រឈមលើវិបត្តិជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា ហាក់ធ្វើឲ្យអាមេរិក​និង​មីយ៉ាន់ម៉ា មានការមិនទុកចិត្តគ្នា ហើយការទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយនាំឲ្យប្រទេសមីយ៉ាន់ម៉ា អាចងាកទៅរកការទំនាក់ទំណង​ជាមួយប្រទេសផ្សេងៗទៀត។​

អតីតប្រធានាធិបតីអាមេរិក​លោក អូបាម៉ា និងលោកស្រី អ៊ុង សាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា

អ្នកវិភាគពីស្ថានភាពនៅអាស៊ីអាគ្នយ៍ នៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និង ការសិក្សាអន្តរជាតិមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​លោក​ Murray Hiebertថ្លែងថា​ ករណីដែលរដ្ឋមន្ត្រីការបរទេសអាមេរិក​ប្រើពាក្យការដាក់ទណ្ឌកម្មគឺមិនមានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញធ្វើឲ្យការទំនាក់ទំនាក់កាន់តែរួមតួចទៅវិញ។​

លោក​ Murray បន្តថា ការដែលសហរដ្ឋអាមេរិក​ផ្តាច់ជំនួយយោធាដល់មីយ៉ាន់ម៉ាជាផ្នែកមួយនៃការជំរុញឲ្យមីយ៉ាន់ម៉ាងាកទៅស្និទ្ធជាមួយប្រទេសចិន ប្រទេសរុស្ស៊ី និង ប្រទេសដឹកនាំតាមបែបផ្តាច់ការមួយចំនួនចំនួនទៀត។​

កាលពីថ្ងៃពុធនៅក្នុងសប្តាហ៍នេះ ចិនបានថ្លែងថា ពួកចង់ឲ្យមានការទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាកាន់តែស្និទ្ធិជាងមុន។​

នៅក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន​លោក លី ហ្សួងចេង តំណាងឲ្យគណៈកម្មការកណ្តាលនៃយោធាចិន​បានថ្លែងប្រាប់មេបញ្ជាការកងទ័ពរបស់មីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ថា ចិនកំពុងតែរៀបចំធ្វើឲ្យការទំនាក់ទំនងលើវិស័យការពារបស់ចិន និងមីយ៉ាន់ម៉ាកាន់តែប្រសើរឡើង។​

លោក លីថ្លែងបញ្ចាក់ថា ក្នុងស្ថានភាពដែលសន្តិសុខនៅក្នុងតំបន់កំពុងតែមានភាពស្មុគស្មាញនោះ ចិននៅតែចង់សហការជាយុទ្ធសាស្ត្រជាមួយប្រទេសមីយ៉ាន់ម៉ា។​

នៅក្នុងស្ថានភាពបច្ចុប្បន្នអ្នកឃ្លាំងមើលយល់ឃើញថា ប្រទេសលោកសេរីកំពុងព្រួតគ្នាដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា បើទោះជាមីយ៉ាន់ម៉ាន់ម៉ាព្យាយាមបកស្រាយនិងសុំពេលសមស្របមួយដើម្បីដោះស្រាយបញ្ហានេះក៏ដោយក៏បណ្តាលប្រទេសលោកសេរីទាំងនោះហាក់មិនស្តាប់ដែរ។ ចំណែកប្រទេសកុម្មុនីស្តហាក់រំកិលខ្លួនកាន់តែជិតនិងផ្តល់ភាពកកិក្តៅឲ្យប្រទេសមីយ៉ាន់ម៉ា។​ ក្នុងស្ថានភាពនេះងាយនឹងធ្វើឲ្យមីយាន់ម៉ារអិលចូលក្នុងក្រុមកុម្មនុយនីស្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ