ប៉ះ​គ្នាលើកទី៣ ​​​រឿម វណ្ណៈ បានត្រឹមស្មើ​ យ៉ាង​អាម៉ាស់

នៅក្នុងពិភពប្រដាល់កីឡាករជើងខ្លាំង​​​២រូបគឺ​ ​​​រឿម វណ្ណៈ ដែលត្រូវគេស្គាល់ថា​​​ជើងឯករង​​ច្រើន​​​ការប្រកួតនាពេលកន្លង​មក​​ និងកីឡាករ​ភុន សោភ័ណ្ឌ ធ្លាប់​​​​ប៉ះប្រកួត​គ្នាតែ​២លើកប៉ុណ្ណោះ ចាប់តាំងពី​អ្នកទាំងពីរបានក្លាយជាកីឡាករជួរមុខ​ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ ​ការប្រកួត​​​នាពេល​កន្លងមក កីឡាករភុន ​​សោភ័ណ្ឌ គឺជាអ្នកមានប្រៀប​ ដោយ​​សារតែបានឈ្នះ​ម្ដង និងស្មើ​ម្ដង ​​​​​​ទើប​​​​គណកម្មការ​ប្រដាល់សម្រេច​អោយ​​​ រឿម វណ្ណៈ ឡើងសង​​សឹក​​​ខណៈដែល​កីឡាករ​​​ជាគូប្រកួតរៀងធ្លាក់ដៃជាងមុន​ធៀប​នឹង​រយៈពេលមុន ប៉ុន្តែ​ចុង​ក្រោយ កីឡាករ​រឿម វណ្ណៈ ​ទប់បាន​ស្មើទាំំង​​អាម៉ាស់លើសពីមុនទៅ​ទៀត។

​ផ្អែកតាម​​ការប្រកួត​ដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍​ប៉ុស្ដិ៍លេខ​​៥ កាលពី​ល្ងាចថ្ងៃទី​២៣ ធ្នូ ជំនួប​ប្រកួត​លើកទី​​៣របស់​​​​កីឡាករទាំងពីរខាងលើ គឺកីឡាករ ​បង្គោល​​ខៀវ ​រឿម វណ្ណៈ ទទួល​លទ្ធផល​​​​​មិនខុសពីគូ​នេះ​ប៉ះ​គ្នាកាលពីជំនួបទី​​១​​នោះទេ បើទោះជាលទ្ធផល​​ចុងក្រោយ​​ត្រូវគេ​ស្មើពិន្ទុ​​​ក្រោយការបញ្ចប់​​៥ទឹក។ ការ​ប្រកួតរបស់​​​​ពួកគេ​កាលពីលើកទី​​១ គឺ​ភុន សោភ័ណ្ឌ វាយ​ឈ្នះ​ដោយពិន្ទុ ​លើកទី​​២​​ទទួលបាន​​​ត្រឹមស្មើតែស្មើពិន្ទុនៅក្នុងពេលនោះ ​គឺអ្នកណាៗក៏មើលឃើញថា​ការប្រកួត​​​របស់​កីឡាករ​​ទាំងពីរពិតជាពិបាក​បែង​ចែក​​​​​ពីលទ្ធផលចាញ់ឈ្នះ​​​ប្រាកដមែន។ ​

ងាក​មកកាន់ការប្រកួតដែលទើបបញ្ចប់ជាលើកទី​​៣នេះវិញ កីឡាករ រឿម វណ្ណៈ មិនមែនឡើងមកសង​​សឹកនោះទេ ដោយសារតែការប្រកួតទាំងមូល គឺ​មើលទៅចាញ់ប្រៀប​ដាច់ឆ្ងាយតែម្ដង​​បើ​ធៀប​នឹង​លទ្ធផលដែលគេធ្លាប់ទទួលបានស្មើ​​ដូចគ្នាកាលពី​​​លើកមុន។ ស្ថិតក្នុងទឹកទី​​​១ គេឃើញកីឡាករទាំង​២​​​​មាន​​ចំណុច​​ប្រដំប្រសង​គ្នា​​​​រកចំណុចឈ្នះចាញ់មិនឃើញនោះទេ ​​​គឺរហូតដល់ទឹកទី​​២​ទើបគេឃើញឱកាស​ឈ្នះប្រៀប​ចាប់​ផ្ដើម​លេចឡើង​ទៅលើកីឡាករ​​បង្គោលក្រហម​​​ភុន សោភ័ណ្ឌ​។ យ៉ាងណាមិញ នៅទឹកទី​​​៣ និង ទឹកទី​៤ ​​កីឡាករ រឿម វណ្ណៈ ត្រូវកីឡាករជាគូប្រកួតវាយ​ត្រូវឡើងទក់សាច់តែម្ដង ​ដោយ​​​​​​​​​​អ្នកគាំទ្រភាគច្រើន​បាន​​បង្ហាញជំនឿចិត្ត​​​ថា​​ឱកាស​សង​សឹករបស់​​គេសម្រាប់ការប្រកួតនៅប៉ុស្ដិ៍លេខ​​៥នេះ គឺ​នឹង​ខាត​ដើមខាត​​ចុងនោះផង។ ​​​​​​​នៅ​​​ក្នុងអំឡុងទឹក​ទី៤​នោះ កីឡាកររឿម វណ្ណៈ ក៏​ត្រូវគេឃើញ​វាយ​​​​​​​​​ថែម​ទៅ​លើគូប្រកួត​​មួយដៃពេញទំហឹង បណ្ដាលអោយភុន សោភ័ណ្ឌ មានបំណង​​​​ធ្វើសន្លប់​​ដើម្បី​ចាប់កំហុស​​​​​ទៅលើ​គូប្រកួត ប៉ុន្តែដោយសារតែខាងគណកម្មការ​មិនមានការ​ចាប់កំហុស​ចំពោះ​ រឿម វណ្ណៈ ទើបការរាប់មួយលើក​​​របស់​​​​ភុន សោភ័ណ្ឌ ក្លាយជាការកាត់ពិន្ទុទៅវិញ​ ដោយ​ខាងគណកម្មការ​បាន​​អះអាងថា​សម្រេច​​កាត់ពិន្ទុ ដោយសារតែ​​កីឡាកររូបនេះ​ធ្វើស្ទីល​ដេកដួល​រមួលផ្សំ​គ្រិច ​ដែល​​មិនសមជាទឹកចិត្ត​កីឡាករ។ ឈានដល់ទឹកទី​​៥ អ្នកទាំងពីរ​អត់​មានការ​បើកប្រកួត​​គ្នាស្ទើរតែពេញមួយទឹកតែម្ដង ដោយសារតែកីឡាករ​ម្ខាងៗសុទ្ធតែហត់រៀងខ្លួន ហើយ​​​​​អាចនិយាយបានថា​​លែងមានកម្លាំងស៊ូ។ ​

ការប្រកួតមួយនេះ ត្រូវគេមើលឃើញថាកីឡាករ​​​បង្គោលក្រហម ភុន សោភ័ណ្ឌ នឹងឈ្នះ​​​១០០ភាគរយ

ដោយសារតែការប្រកួត​​​៥ទឹក​គេឈ្នះ​​​៣ទឹកពេញ ហើយ​​​​​​​​​ជាលទ្ធផលដែលឈ្នះ​ដោយបច្ចេកទេសយ៉ាងល្អតែម្ដង ជាពិសេស​គឺ​​​កម្លាំង​វាយម៉ាត់របស់​​​​គេ គឺសឹងតែមិនមាន​​មួយស្នៀតណាមួយ​ដែល​​​​​វាយមិនត្រូវគោលដៃទៅលើផ្ទៃមុខរបស់រឿម វណ្ណៈឡើយ។ ​​យ៉ាងណាមិញ ​​​គណកម្មការ​បានសម្រេច​អោយ​អ្នកទាំងពីរ​ស្មើគ្នា ​​​​​ដោយ​​​​យោងលើហេតុផលថាកីឡាករ​​​ភុន សោភ័ណ្ឌ មានចេតនា​ស៊ីឡាក់ ដើម្បីចាប់កំហុស​​​​ទៅលើគូប្រកួតក្នុងពេល​​​​ថែមខុស​បច្ចេកទេស ​ទើបកីឡាករ ភុន សោភ័ណ្ឌ និងអ្នកគាំទ្រ​ក៏ទទួលយកការសម្រេចនោះ។ យ៉ាងណាមិញ គេនៅតែមើលឃើញថា​កីឡាករ រឿម វណ្ណៈ ទទួលបានលទ្ធផល​​​ស្មើលើកនេះ​ទាំំងអស់​អាម៉ាស់ ដោយសារតែលោក​​​​​​​រមែង​ព្យាយាម​វាយថែម វាយ​ខុសបច្ចេកទេស​ទៅលើគូប្រកួត​នៅពេល​​​​ការ​វាយប្រកួតមិន​អាចចូលចុះ​។ អ្នកកត់សម្គាល់ដដែលនោះ ថែមទាំង​លើកឡើងថាសំណាងរបស់លោក​​​​រឿម វណ្ណៈ កើតឡើងដោយសារតែគណកម្មការ​ចិត្តល្អមិនចាប់កំហុស ហើយបែរជាអោយកំហុសទៅលើកីឡាករ​​​​ ភុន សោភ័ណ្ឌ ដែល​​​​ត្រូវចោទថា​​​​​​ចង់​ធ្វើសន្លប់​​​​​​​ចង់ស៊ីឡាក់ទៅវិញនោះទេ ដែលសំណាង​បែបនេះ​​​ត្រូវបានអ្នកខ្លះអះអាងថា​​ជាការ​យិត​យោង​កុំអោយ​កីឡាករ​​រឿម វណ្ណៈ រងការ​អាម៉ាស់​​ធ្ងន់ជាងនេះ។ ​

​លោកសេង កដិកា អ្នករៀបចំ​ការប្រកួត​​ទទួលស្គាល់ថា​​កីឡាករ​​​​ ​​រឿម វណ្ណៈ ពិតជាមានកន្លែងខ្លះវាយមិនស្ដាប់​លោកអាជ្ញាកណ្ដាល ប៉ុន្តែ​លោក​​ថា​​ការ​វាយខុសបច្ចេកទេសបន្តិច​បន្តួច ​វាមិន​​​ដល់ថ្នាក់​ធ្វើអោយកីឡាករ​​ ភុន សោភ័ណ្ឌ ​ចង់សន្លប់ និង​ឈានដល់រាប់​​​​​ដល់​​​​​​​៨នោះទេ ទើបលោក​​យល់ថា​​​ទង្វើបែបនេះគឺជាកំហុសទៅវិញ ដែលលោកក៏ត្រូវតែគាំទ្រ​អោយកាត់ពិន្ទុ។

លោកថា​ការប្រកួតទាំង​មូលគឺ​រឿម វណ្ណៈ ចាញ់​ដាច់ ប៉ុន្តែដោយសារតែ​​​ភុន សោភ័ណ្ឌ ព្យាយាម​​​​​​​​ស៊ីឡាក់​ចង់ចាប់កំហុស​គូប្រកួត ទើប​​​បណ្ដាល​អោយគណកម្មការ​​សម្រេចអោយ​ស្មើ បើទោះជាលោកក៏ទទួលស្គាល់​លទ្ធផល​ស្មើដែល​​ រឿម វណ្ណៈ ទទួលបានលើកនេះ គឺ​​​រៀង​​​​​​មិនសូវ​សម​​​​​​បន្តិចក្ដី។ ​លោកប្រកាសថា​នឹង​​​​ចាត់​ចែងអោយគូទាំង​ពីរ​សង​សឹក​​​នឹង​គ្នា​​​ជាថ្មី ​ដើម្បី​អោយ​ប្រាកដ​ច្បាស់ថា​​​តើ​​​​​ការជួបប្រកួតលើកក្រោយ អ្នកណា​នឹង​ឈ្នះ​ដោយកិត្តិយស៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ