វិភាគ៖ តើ​លោក ហ៊ុន សែន នឹង​ផ្លាស់​ប្ដូរ​ជំហរ​ទេ​ក្រោយ​អឺរ៉ុប​ព្រមាន​ផ្អាក​ការ​អនុគ្រោះ​ពន្ធ?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បង្ហាញ​សញ្ញា​ណា​មួយ​ទទួល​យក​មតិ​យោបល់​របស់​សហគមន៍​អន្តរជាតិ​ជុំ​វិញ​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច បាន​បង្ហាញ​សញ្ញា​មក​ថា ពួកគេ​បាន​ដើរ​ទៅ​មុខ​មួយ​ជំហាន​​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​រដ្ឋាភិបាល​កម្ពុជា។

បន្ទាប់​ពី​ប្រើ​ប្រាស់​ភាសា​ការទូត​រួច​រាល់​ហើយ ដូច​ជា​ថ្កោល​ទោស​កម្ពុជា សម្ដែង​ក្ដី​បារម្ភ និង​ថ្លែង​អំពាវ​នាវ​ទៅ​ដល់​កម្ពុជាឲ្យ​ផ្លាស់​ប្ដូរ​ជំហរ​ងាក​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​​វិញ​នោះ សហរដ្ឋ​អាមេរិក បាន​សម្រេច​ប្រើ​ប្រាស់​វិធានការ​ខ្លះៗ​​ប្រឆាំង​នឹង​កម្ពុជា​​កាល​ពី​ថ្ងៃ​​ទី​០៦ ខែ​ធ្នូ​កន្លង​មក តាម​រយៈ​ការ​រឹត​ត្បិត​ទិដ្ឋាការ​ចូល​ទឹក​ដី​អាមេរិក សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ព្រម​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដែល​អាមេរិក​គិត​ថា បាន​ចូល​រួម​ចំណែក​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

មិន​មែន​តែ​អាមេរិក​ទេ​ដែល​សម្រេច​បោះ​ជំហាន​ទៅ​មុខ​បន្តិច​នោះ សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក ២៨​ប្រទេស​នោះ ក៏​បាន​ដើរ​មួយ​ជំហានផង​ដែរ តាម​រយៈ​សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​កន្លង​មក​នេះ ឲ្យ​​គណៈកម្មការ​អឺរ៉ុប​សើរើ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​​សម្រាប់​ទំនិញ​កម្ពុជា នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA។

បន្ទាប់​ពី​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ចាត់​វិធានការ​ខ្លះៗ​មក​លើ​ប្រទេស​កម្ពុជា វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា

តើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ផ្លាស់​ប្ដូរ​ជំហរ​​របស់​ខ្លួន​ឬ​ទេ?

ប្រសិន​បើ​ឲ្យ​ព្យាករ​ គេ​ពិបាក​ស្មាន​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ប្រកាន់​យក​ជំហរ​យ៉ាង​ណា​នោះ។ ប៉ុន្តែ ចំណុច​ខ្លះៗ​នៃ​ដំណើរ​វិវត្តន៍​ជុំ​វិញ​បញ្ហា​នយោបាយ​នៅ​កម្ពុជា អាច​ជួយ​ផ្ដល់​ជា​គំនិតខ្លះៗ ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក អាច​នឹង​ឈាន​ទៅ​ដើរ​លើ​ផ្លូវ​ណា​មួយ។

ផ្លូវ​ទី១ អាច​យល់​បាន​ថា លោក ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច​របស់​លោក នឹង​បន្ត​ប្រកាន់​យក​ជំហរ​ដដែល ដោយ​មិន​ខ្វាយ​ខ្វល់​ទៅ​នឹង​មតិ​យោបល់​អន្តរជាតិ ដែល​ចង់​ឃើញ​កម្ពុជា​វិល​ទៅ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​វិញ​នោះ​ឡើយ។

ជំហរ​បែប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បន្ត​ប្រកាន់​យក​បន្ត​ទៀត តាម​រយៈ​របាយការណ៍​មួយ​ច្បាប់​របស់​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដែល​បាន​ផ្ញើ​ទៅ​លោក ហ៊ុ​ន សែន កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​កន្លង​មក​នេះ។

ផ្អែក​តាម​របាយការណ៍​នោះ រដ្ឋាភិបាល​កម្ពុជា មិន​ខ្វាយ​ខ្វល់​ទៅ​នឹង​ការ​ព្រមាន​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក​នោះ​ឡើយ នោះ​ក៏​ព្រោះ​តែ​ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារ​អាមេរិក តម្រូវ​ឲ្យ​បង់​ពន្ធ​ស្ទើ​គ្រប់​ប្រភេទ​មាន​តម្លែ​ជាង ៣០០​លាន​ដុល្លារ​រួច​ជា​ស្រេច​ទៅ​ហើយ លើក​លែង​តែ​​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​តែ​ប៉ុណ្ណោះ ដែល​លោក ប៉ាន សូរស័ក្តិ ប្រាប់​ថា ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​មាន​តម្លៃ​ប្រហែល ១០​លាន​ដុល្លារ ប៉ុន្តែ លោក​ថា កម្ពុជា​មាន​លទ្ធភាព​បង់​ពន្ធ​ចំនួន​ប៉ុណ្ណេះ។

របាយការណ៍​នោះ ក៏​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​អាច​រក្សា​ជំហរ​បែប​នេះ​ដដែល បន្ទាប់​ពី​លោក ប៉ាន សូរស័ក្តិ បាន​ផ្ដល់​មតិ​ទៅ​លោក ហ៊ុន សែន ឲ្យ​​ប្រើ​ប្រាស់​វិធីសាស្ត្រ​ការទូត​​បញ្ចុះ​បញ្ចូល​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​បណ្ដា​ប្រទេស​ទាំង​នោះ​ផ្អាក ឬ​ព្យូរការ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា។ ដូច្នេះ ការ​ប្រកាន់​ជំហរ​បែប​នេះ ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ភាព​ប៉ិន​ប្រសព្វ​របស់​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន ដើម្បី​ធានា​បាន​ថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​​យល់​ស្រប​នឹង​ជំហរ​របស់​កម្ពុជា។

ត្រង់​ចំណុច​នេះ អ្នក​ស្រាវ​ជ្រាវ និង​វិភាគ​​សេដ្ឋកិច្ច​កម្ពុជា លោក​បណ្ឌិត គី សិរីវឌ្ឍន៍ យល់​ថា កម្ពុជា​អាច​មាន​លទ្ធភាព​បញ្ចុះ​បញ្ចូល​ប្រទេស​សមាជិក​អឺរ៉ុប​ឲ្យ​បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​គយ​សម្រាប់​ទំនិញ​កម្ពុជា ដោយ​លោក​ផ្អែក​ទៅ​លើ​ចំណុច​ខ្លាំង​ផ្នែក​ផលិត​កម្ម កម្លាំង​ពលកម្ម និង​តម្លៃ​ពលកម្ម​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា បើ​ប្រៀប​ធៀប​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​រូប​នេះ បន្ថែម​ថា ក្នុងករណីដែលចរចា​មិនបានសម្រេច កម្ពុជាត្រូវបង្វែរទិសដៅទីផ្សារឡើងវិញ ប៉ុន្តែ ក្នុងរយៈពេលខ្លីរដ្ឋាភិបាលនឹងជួបបញ្ហាប្រឈមក្នុងការនាំចេញដែលធ្វើឲ្យកម្មករមួយចំនួនរងគ្រោះ។ ទោះ​ជាយ៉ាងណា លោក​បណ្ឌិត គី សិរីវឌ្ឍន៍ មិន​បាន​បញ្ជាក់​ទេ​ថា តើ​កម្ពុជា​គួរ​តែ​ស្វែង​រក​ទីផ្សារ​ណា​ទៀត​នោះ​ទេ ក្រៅ​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នៅ​តំបន់​អឺរ៉ុប​នោះ។

ទោះជាយ៉ាងណា ការ​ព្យាករ​មួយ​ទៀត​ត្រូវ​បាន​រំពឹង​ទុក​ថា លោក ហ៊ុន សែន នឹង​ផ្លាស់​ប្ដូរ​ជំហររបស់​លោក ដើម្បី​បញ្ចៀស​ហានិភ័យ​​ផ្នែក​សេដ្ឋកិច្ច ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក​ការ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​មែន​នោះ។

របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​កាត់​ថា ILO កាល​ពី​ខែ​​មករា​ដើម​ឆ្នាំ​នេះ បាន​បង្ហាញ​ថា​ វិស័យ​​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង បាន​ចូល​រួម​ចំណែក​ដល់​ទៅ ១១​ភាគរយ ទៅ​ក្នុង​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល។ ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង មាន​ទំហំ​ដល់​ទៅ ៨០​ភាគរយ​នៃ​ទំនិញ​កម្ពុជា​ទាំង​មូល ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​​បរទេស។ ជាង​នេះ​ទៅ​ទៀត សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​កម្ពុជា ពោល​គឺ​ស្មើ​នឹង ៤៣​ភាគរយ​ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ឈរ​នៅ​លំដាប់​ទី​២ ឬ​ស្មើ​នឹង ២៩​ភាគរយ នៃ​ទីផ្សារ​​ផលិត​ផល​កាត់​ដេរ​​របស់​កម្ពុជា​ទាំង​មូល។

​របាយការណ៍​លោក ប៉ាន សូរស័ក្តិ ដែល​ផ្ញើ​ជូន​លោក ហ៊ុន សែន កាល​ពី​ដើម​ខែ​នេះ បាន​ឲ្យ​ដឹង​ថា ទំនិញ​កម្ពុជា​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប មាន​ទំហំ​ដល់​ទៅ ៦​ពាន់ ២៥៩​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ដោយ​បាន​កើន​ឡើង​ទ្វេ​ដង បើធៀប​ទៅ​នឹង​ឆ្នាំ​២០១២។

ក្រៅ​ពី​បង្ហាញ​ទំហំ​ទឹក​ប្រាក់​នៃ​ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​អឺរ៉ុប លោក ប៉ាន សូរស័ក្តិ ក៏​បាន​បង្ហាញ​​ទំហំ​ទឹក​ប្រាក់​ដែល​កម្ពុជា​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​ដល់​សហភាព​អឺរ៉ុប​ផង​ដែរ និង​បាន​ស្នើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ការទូត​ដើម្បី​ទប់​ស្កាត់​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ណា​មួយ​ពី​សំណាក់​សហគមន៍​អឺរ៉ុប។

ជា​រួម​មក រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ស្ថិត​នៅ​លើ​ផ្លូវ​ដែល​មាន​ជម្រើស​ពីរ ទី​១ គឺ​រក្សា​ជំហរ​សព្វថ្ងៃ​របស់​ខ្លួន​ដដែល ប៉ុន្តែ ត្រូវ​ស្វែង​រក​ទីផ្សារ​សម្រាប់​ទំនិញ​កម្ពុជា ដើម្បី​ប៉ះ​ប៉ូវ​ត្រឡប់​មកវិញ ប្រសិន​បើ​ការ​បញ្ចុះ​បញ្ចូល​តាម​វិធី​ការ​ទូត​បរាជ័យ ហើយ​សហភាព​អឺរ៉ុប​លុប​ចោល​ការ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​គយ​នោះ ឬ​ទី​២ ​ត្រូវ​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន ដោយ​ងាក​ទៅ​ដើរ​លើ​​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ហៅ​ថា គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដើម្បី​រក្សា​ភាព​អនុគ្រោះ​ពន្ធផ្ដល់​ដោយ​សហភាព​អឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ