របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិថាស្ថានភាពអំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០១៦ គឺស្ថិតក្នុងស្ថានភាពមួយដែលអាក្រក់ដដែល និងឈរក្នុងចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។
អង្គការតម្លាភាពអន្តរជាតិបានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួននៅ ថ្ងៃទី២៥ មករានេះ ស្តីពីស្ថានភាពអំពើពុករលួយនៅទូទាំងពិភពលោកសម្រាប់ឆ្នាំ២០១៦។ របាយការណ៍ បានឲ្យដឹងថា ស្ថានភាពអំពើពុករលួយរបស់ប្រទេសកម្ពុជាជាប់ជាប់ចំណាត់ថ្នាក់លេខ១៥៦ ក្នុងចំណោម១៧៦ប្រទេស នៅទូទាំងពិភពលោក ដែលស្ថិតនៅចំណាត់ថ្នាក់ទាបបំផុតទី៣នៅអាស៊ីប៉ាស៊ីហ្វិក និងជាប្រទេសជាប់ចំណាត់ថ្នាក់ក្រោមគេនៅក្នុងតំបន់អាស៊ាន។
បើតាមរបាយការណ៍ដដែល ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៧ ម៉ាឡេស៊ីជាប់លេខ៥៥ ឥណ្ឌូណេស៊ីជាប់លេខ៩០ ប្រទេសថៃជាប់លេខ១០១ ស្មើជាមួយភីលីពីន ខណៈដែលវៀតណាម ឡាវ និងភូមាសុទ្ធតែជាប្រទេសស្ថិតក្នុងលំដាប់លេខល្អជាងកម្ពុជា។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល មានប្រសាសន៍ថា ឆ្នាំ២០១៦នេះកម្ពុជាបានពិន្ទុ២១ ដែលបានបង្ហាញថាកម្ពុជានៅតែជាប្រទេសមួយដែលមានស្ថានភាពអំពើពុករលួយនៅតែអាក្រក់នៅឡើយ ខណៈដែលប្រទេសភូមាដែលជាប្រទេសមួយមានធ្លាប់មានចំណាត់ថ្នាក់ស្មើរកម្ពុជានៅឆ្នាំ២០១៤ ហើយបានហក់ឡើងនៅពីលើកម្ពុជាតាំងពីឆ្នាំ២០១៥។
លោកថា៖ «កម្ពុជាយើងធ្លាប់នៅលើភូមា ភូមាទើបតែលើយើងនៅឆ្នាំ២០១៥ទេណា! មុន២០១៥កម្ពុជាយើងនៅលើភូមា ឬក៏ស្មើគ្នាជាមួយភូមា ប៉ុន្តែកំណែទម្រង់ដែលកើតឡើងនៅប្រទេសមីយ៉ានម៉ាឬក៏ប្រទេសភូមានោះ ដែលគេថាជំហានកង្កែបជំហានកញ្ចាញ់ចេកអីមិនដឹងទេ? តែលឿនខ្លាំង ដែលបានធ្វើឲ្យភូមាបានរំកិលខ្លួនលើសកម្ពុជាកាន់តែឆ្ងាយទៅ ឆ្នាំនេះគាត់ឡើងបាន៦ពិន្ទុ ដែលធ្វើឲ្យគាត់ឡើងលឿនមែនទែន ដូច្នេះយើងកាន់តែឆ្ងាយពីភូមាទៀត»។
លោកថាបញ្ហាជាច្រើនដូចជា ឯករាជ្យភាពនៃអំណាចទាំងបី ការរៀបចំបក្សពួកខ្លួនក្នុងកិច្ចការរដ្ឋ ជាពិសេសប្រព័ន្ធតុលាការ និងយុត្តិធម៌ ដែលបានទាញឲ្យកម្ពុជាស្ថិតក្នុងស្ថានភាពអាក្រក់បែបនេះ។
វីអូឌីមិនអាចសុំការឆ្លើយតបពី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង បាននៅឡើយ ដោយទូរស័ព្ទចូលតែដូចជាកំពុងស្ថិតក្នុងអង្គប្រជុំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថាលោកមិនចាប់អារម្មណ៍ទៅនឹងរបាយការណ៍នេះនោះទេ ដោយថារបាយការណ៍នេះវាខុសពីអ្វីជាក់ស្តែងដែលរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមធ្វើ។
លោកថា៖ «ខ្ញុំយល់ថាការធ្វើរបស់គាត់អាហ្នឹងជារឿងរបស់គាត់ តែកម្ពុជាមិនបណ្តែតបណ្តោយទេព្រោះរដ្ឋាភិបាលបានប្តេជ្ញាចិត្ត ដាច់ណាត់ថាប្រឆាំងនឹងអំពើរពុករលួយហើយ អញ្ចឹងទេយើងឃើញថាមានការរីកចម្រើនជាលំដាប់ ត្រង់លេខប៉ុន្មានៗយើងមិនចាប់អារម្មណ៍នោះទេ យើងខំធ្វើតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ»។
គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០១៥កន្លងទៅ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៦៨ ប្រទេស ស្មើប៊ូរុងឌី និងស៊ីមបាវ៉េ និងឆ្នាំ២០១៤ ស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៦ ស្មើមីយ៉ាន់ម៉ា និងស៊ីមបាវ៉េ។ ចំណែកឯរបាយការណ៍ឆ្នាំ២០១៦នេះ ប្រទេសមីយ៉ានម៉ាដែលធ្លាប់ជាប្រទេសធ្លាប់មានចំណាត់ថ្នាក់ស្មើនឹងកម្ពុជានោះបានហក់ឡើងលើកម្ពុជា៦ពិន្ទុ ដែលបានធ្វើឲ្យកម្ពុជាធ្លាក់ក្រោមគេតែឯងនៅតំបន់អាស៊ាន។
ប្រទេសបីដែលជាជាប់លំដាប់លើគេនៅឆ្នាំ២០១៦នេះមាន ដាណឺម៉ាក ប្រទេសញ៉ូហ្សេលែន និងហ្វាំងឡង់ ខណៈដែលប្រទេស៣ដែលស្ថិតនៅក្រោមគេមានប្រទេសកូរ៉េខាងជើង ស៊ូដង់ និងប្រទេសស៊ូម៉ាលី៕