រដ្ឋាភិបាលជួយឲ្យពលការិនី៣នាក់នៅប្រទេសម៉ាឡេស៊ីបានត្រឡប់មកកម្ពុជាវិញ

ក្រសួងការបរទេស និងសហប្រតិបត្ដការអន្ដរជាតិឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយអន្ដរាគមន៍ជួយពលការិនីខ្មែរចំនួន៣នាក់ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាកក្នុងការងារឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ក្រសួងការបរទេសឲ្យដឹងថា ក្នុងចំណោមពលការិនីទាំង៣ ម្នាក់ឈ្មោះ ឈឹម ហន អាយុ៣១ឆ្នាំ រស់នៅភូមិទួលច្រេះ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង បានទៅធ្វើការជាអ្នកបោសសម្អាតនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៤ និងបានទៅស្ថានទូត នៅថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០១៦ ដើម្បីសុំឲ្យជួយបានវិលត្រលប់មកកម្ពុជាវិញ។

សេចក្ដីប្រកាសបន្តថា ពលការិនីម្នាក់ទៀតមានឈ្មោះថា យ៉េក រ៉ន អាយុ២៦ឆ្នាំ រស់នៅភូមិត្រគួនទែក ឃុំព្រៃខ្នង ស្រុកកំពត ខេត្ដកំពត ទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ និងបានទៅស្ថានទូត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ក្នុងគោលបំណងសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញដូចគា្ន។

សេចក្ដីប្រកាសឲ្យដឹងទៀតថា ចំណែកពលការិនីទី៣មានឈ្មោះថា ឡុង គឹង អាយុ ៣០ឆ្នាំ រស់នៅភូមិកាំបិត ឃុំងន ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ បានទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។ ពលការិនី ឡុង គឹង ត្រូវបានថៅកែនាំទៅស្ថានទូតនៅថ្ងៃទី១៨ ខែកុម្ភៈ ដោយសេចក្ដីប្រកាសបញ្ជាក់ថា ដោយសារពលការិនីរូបនេះមានសុខភាពមិនល្អ និងមិនអាចធ្វើការបាន។

ក្រសួងការបរទេសបានឲ្យដឹងដែរថា ពលការិនីទាំង៣នាក់នឹងមកដល់អាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញនៅថ្ងៃទី២៦ ខែកុម្ភៈ នៅវេលាម៉ោង៧និង៥០នាទីព្រឹក តាមជើងយន្ដហោះAK536៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ