រដ្ឋមន្រ្តីបរិស្ថាន​សុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារបរិស្ថាន”​អគារមរតកតេជោ”

អគារថ្មីរបស់ក្រសួងបរិស្ថាន(រូបថតពីហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី)

រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ស្នើ​សុំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំ​ដាក់ឈ្មោះអគារ​ក្រសួងបរិស្ថាន​ដែលមា​នតម្លៃ​ប្រមាណ​៨លានដុល្លារអាមេរិកជា​ឈ្មោះ”​អគារ​មរតកតេជោ”។

នៅក្នុងពិធីសម្ពោធ​អគារ​ក្រសួងបរិស្ថាននៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីថាថ្នាក់ដឹកនាំក្រសួង​ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ក្នុងការផ្តល់ទីតាំង​ក្រសួង​នៅ​ចន្លោះ​ស្ពាននាគ​និងស្ពាន​តន្រ្តី​កោះពេជ្រ ដោយ​លោក​ចាត់ទុក​ថា​នេះ​ជា”​ទីតាំងដ៏ល្អនៅកណ្តាលរាជធានីភ្នំពេញ”។​ លោក​បន្តថា​ដើម្បីជាការតបស្នង​នឹង​ការផ្តល់ទីតាំងនេះ ក្រសួ​ងបរិស្ថាន​បានស្នើ​សុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារ​ថា​”អគារមរតេជោ”។​

​ដំបូងឡើយ ក្រសួងបរិស្ថានគ្រោងប្តូរទីតាំងថ្មីនៅតាមបណ្តោយផ្លូវជាតិលេខ១ នៅពេលដែល​លោក ម៉ុក ម៉ារ៉េត នៅជារដ្ឋមន្ត្រី ប៉ុន្តែគម្រោងនេះត្រូវបានលុបចោលវិញ បន្ទាប់ពីលោក សាយ សំអាល់ បានឡើងកាន់តំណែងជារដ្ឋមន្ត្រី នៅឆ្នាំ២០១៣។

រដ្ឋមន្រ្តីក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុងពិធី​សម្ពោធអគារក្រសួងបរិស្ថានថ្មី(រូបថតដោយណាត សុភាព​)
រដ្ឋមន្រ្តីក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុងពិធី​សម្ពោធអគារក្រសួងបរិស្ថានថ្មី(រូបថតដោយណាត សុភាព​)

បើតាមរដ្ឋមន្រ្តីបរិស្ថាន អគារក្រសួងបរិស្ថានថ្មីនេះ​​ត្រូវបានសាងសង់លើផ្ទៃដីទំហំ៦,៨០០ម៉ែត្រក្រឡា។ អគារនេះមានទទឹង២៦ម៉ែត្រនិងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់៣៩ម៉ែត្រ ស្មើនឹង៦ជាន់ បានចំណាយថវិកាសាងសង់ជិត៨លានដុល្លារ។

លោក សាយ សំអាល់ បញ្ជាក់​ថា​ថវិកា​ប្រមាណ​៥លានដុល្លារបានមកពីការដោះដូរអគារ​ដែលមានទីតាំង​នៅ​​តាមបណ្តោយផ្លូវព្រះសីហនុ ខាងកើតវិមានឯករាជ្យ​និង​ថវិកា​៣លានដុល្លារ​ជា​ការចំណាយរបស់រដ្ឋាភិបាល។​

គួរបញ្ជាក់​ថារដ្ឋាភិបាល​រង​ការរិះគន់ថា​តែងតែដាក់ឈ្មោះ​ថ្នាក់ដឹកនាំ​សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់និងអគារធំៗនានា​ដែលរដ្ឋាភិបាលបានសម្ពោធ។

អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាការដាក់ឈ្មោះ​អ្នកដឹកនាំសម្រាប់សំណង់​អគារ​ជា​ទម្លាប់ចាស់​រួច​ទៅហើយដែល​​លោកមិនគាំទ្រ​នោះទេ។

លោកបញ្ជាក់ថា៖ “ជាទម្លាប់អាក្រក់មួយដែលខ្ញុំមើលមិនគួរបន្ត។ ឥឡូវនេះ បើសិនយើង​មើលទៅ មរតកតេជោច្រើនកន្លែងមែនទែន។ មានកន្លែងខ្លះស្ពានដាក់ឈ្មោះឲ្យ​បុគ្គល ឬមួយដាក់ឈ្មោះក្រសួង ដូចអត់ត្រូវដែរ គួរតែ​ជាមោទនភាពជាតិ​យើង រដ្ឋយើង មិនមែនបុគ្គល”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ