លោក ហ៊ុន សែន ព្រមានផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួននៅឆ្នាំនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកកំពុងតែពិចារណាផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួននៅឆ្នាំនេះ ដោយលោកបានរិះគន់រដ្ឋមន្រ្តីក្រសួងសាធារណការនិងរដ្ឋមន្រ្តីក្រសួងកសិកម្មថាជារដ្ឋមន្រ្តីធ្វើការយឺតយ៉ាវ​​។ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ លោក ហ៊ុន សែន បានថ្លែងទៅកាន់ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតថាក្រសួងសាធារណការនិងក្រសួងកសិកម្មស្ថិតនៅលំដាប់ថ្នាក់​ក្រោមគេបង្អស់នៃប្រសិទ្ធភាពការងារ។ លោកបានថ្លែងចំៗថាក្រសួងសាធារណមិនបានធ្វើការងារឲ្យបាន​លឿនជូនប្រជាពលរដ្ឋ។

លោកបានថ្លែងថា៖ “មើលមើល ឲ្យវិធានការឲ្យវាហ្មត់ចត់តិចមើល។ ខ្ញុំថាស្រែកអត់មានប្រណីទេ ព្រោះខ្ញុំមិនព្រមងាប់ជាមួយអស់លោកទេ។ ខ្ញុំនិយាយឲ្យប្រជាជនឭ។ ឲ្យខ្ញុំទ្រាំជាមួយអស់លោកម៉េចបានទៀត។ បើអស់លោកស្ទុយម្លឹងៗ។ អាឡានអត់មានស្អី អាស្អីក៏មិនដឹងជាស្អី រកយល់មិនបាន។  ដូចក្រសួងហ្នឹងមួយមិនធ្វើការហ្មង”

លោក ហ៊ុន សែន បានលើកឡើងបែបនេះ ខណៈលោកលើកឡើងពីករណីដែលរថយន្តមួយគ្រឿងបានដឹក​លើសកំណត់ឆ្លងកាត់ស្ពានអ្នកលឿងហើយធ្វើឲ្យស្ពានខូច។ លោកបញ្ជាក់ថា៖ “ក្រសួងដែលស្ទក់ជាងគេ​គឺសាធារណការហ្នឹងហើយ ដែលការងារដែលត្រូវលឿនជាងគេ គាត់ស្ទក់ជាងគេទាំងអស់”

ពេលលោក ហ៊ុន សែន ថ្លែងនោះ មិនមានវត្តមានរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក នោះទេ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន មានវត្តមាននៅទីនោះ។

លោក ហ៊ុន សែន បានព្រមានថាអាចនឹងមានការដោះដូររដ្ឋមន្រ្តីនៅក្នុងឆ្នាំនេះ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំកំពុងតែគិត ថាតើខ្ញុំនឹងដោះដូរគណៈរដ្ឋមន្រ្តីនៅក្នុងឆ្នាំនេះឬទេ។ ខ្ញុំកំពុងតែគិត។ ព្រោះបើទុកម្លឹងៗគឺមិនកើតទេ។ វាងាប់លើខ្ញុំ។ អាពាក្យគ្នាឯងៗហ្មឹង អាហ្នឹងគ្រោះថ្នាក់ដល់ខ្លួនឯងទៀត។ ចេះតែយោគយល់ ចេះតែយោគយល់ទៅ សណ្តោងទៅ អីផងទៅ។ ខ្ញុំកំពុងតែគិតម៉ោងហ្នឹង តើខ្ញុំនឹងផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនៅក្នុងឆ្នាំនេះឬអត់ ព្រោះវាលំបាកខ្ញុំដែរ”

លោកបញ្ជាក់បន្ថែមថា៖ “ដល់ទៅពេលខ្ញុំលូកដៃទៅធ្វើ គេថាអំណាចនៅលើមនុស្សមួយនាក់…”

វីអូឌីមិនទាន់អាចទាក់ទង​រដ្ឋមន្រ្តីក្រសួង​សាធារណការ​និងរដ្ឋមន្រ្តីក្រសួង​កសិកម្ម​បាន​ភ្លាមៗនៅឡើយទេ។​

ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលធ្វើឡើងនៅថ្ងៃនេះផងដែរ លោក ហ៊ុន សែន បានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោបអំណាចឬការគ្រប់គ្រងមកក្នុងក្រសួងរបស់ខ្លួនតែម្នាក់ឯង ដោយលោកបានកោតសរសើររដ្ឋមន្រ្តីក្រសួងបរិស្ថានថាជារដ្ឋមន្រ្តីតែមួយគត់ខុសគេ ក្នុងរយៈពេល៣០ឆ្នាំនៃដឹកនាំរបស់លោក។ លោកបានថ្លែងថាលោកសូមសរសើររដ្ឋមន្រ្តីថ្មីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថាជារដ្ឋមន្រ្តីដែលបានស្នើរូបលោកផ្ទេរការងារមួយចំនួនទៅឲ្យក្រសួងផ្សេង។  លោកបន្តថាលោក សាយ សំអាល់ បានសុំបែងចែកការងារឲ្យដាច់ពីគ្នាគឺដីសម្រាប់អភិរក្សប្រគល់មកក្រសួងបរិស្ថាន ចំណែកដីសម្រាប់ដាំដុះការអភិវឌ្ឍ គឺប្រគល់ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទវិញ។

លោកនាយករដ្ឋមន្រ្តីបន្ថែមថា៖ “ខ្ញុំសូមកោតសរសើរឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលនេះជាលើកទីមួយក្នុងរយៈពេលជាង៣០ឆ្នាំនៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបតែមានរដ្ឋមន្រ្តីម្នាក់គត់ដែលបានស្នើសុំការងារខ្លួនទៅឲ្យស្ថាប័នផ្សេង។ ខ្ញុំមិនដែលជួបប្រទះនូវរដ្ឋមន្រ្តីណាមួយ ដែលមុននេះ គឺតែងតែស្រវាអោបទាញយកនូវអំណាចយកមកទុកក្នុងក្រសួងរបស់ខ្លួនជាប់ជានិច្ច ប៉ុន្តែរដ្ឋមន្រ្តីរូបនេះបែរជាធ្វើផ្ទុយពីនេះ គឺបានសេចក្តីថាចង់បែងចែកមុខងារឲ្យដាច់។ នេះជាកំណែទម្រង់ដែលខ្ញុំចង់បាន”

នៅថ្ងៃនេះ លោក ហ៊ុន សែន ក៏បានសរសេរលើហ្វេសប៊ុកថាក្រសួងស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធគឺត្រូវធ្វើឲ្យបានលឿននិងតម្លាភាពក្នុងការបម្រើប្រជាពលរដ្ឋ។ លោកក៏បានស្តីបន្ទោសមន្រ្តីដែលលោកថាមិនបានដោះស្រាយសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរួមមានការធ្វើសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណជាដើម។

លោកក៏បានរិះគន់ថាករណីប្លន់ជាមុខចោរដដែលៗ ដែលលោកថាក្រសួងនិងអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមាន”វិធានការច្បាស់លាស់និងទទួលខុសត្រូវខ្ពស់បំផុត”។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា​ប្រសិន​បើ​មាន​ការ​ផ្លាស់ប្តូររដ្ឋមន្រ្តីមែន​ នឹង​​អាច​ទាញប្រជា​ប្រិយភាព​សម្រាប់​គណបក្ស​ប្រជាជនឡើងវិញ។ លោក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​រដ្ឋមន្រ្តី​មួយចំនួ​នដែល​លោក​ថា​មាន​វ័យចំណាស់​និង​មិនមាន​គម្រោង​ធ្វើកំណែ​ទម្រង់​។​ លោក​លើក​ឧទាហរណ៍​ក្រសួង​មួយចំនួន ដូចជា​ក្រសួង​យុត្តិធម៌ ក្រសួងការបរទេស​និង​គណៈរដ្ឋមន្រ្តី​ជាដើម។​

លោក​បញ្ជាក់​ថា៖ “ប្រសិន​បើ​គាត់​អត់មាន​​ការផ្លាស់ប្តូរ ប្រជា​ពលរដ្ឋ​នឹង​អស់ជំនឿ​ បើសិន​ជា​គាត់ធ្វើ វាអាចជួយ​​ប្រជា​ពលរដ្ឋ​ទាំងមូល…ហើយ​អាច​ទាញប្រជា​ប្រិយភាព​បាន។ បើដោះដូរឥឡូវ ទើបមាន​ពេល​២ឆ្នាំ​ទៀត​​។​ បើ​ចាំ​តិច​ទៀត​ អាច​យូរពេក”៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ