លោក ហ៊ុន សែន ព្រមាន​រដ្ឋមន្រ្តីទាំងអស់​ រឿងអោបការងារធ្វើតែម្នាក់ឯង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់អគារក្រសួងបរិស្ថាន​ ដែលមានឈ្មោះថាអគារមរតកតេជោ(រូបថតដោយណាត សុភាព)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោប​អំណា​ច​​​ឬការគ្រប់គ្រង​មក​ក្នុងក្រសួង​របស់ខ្លួន​តែម្នាក់ឯង ដោយ​លោក​បានកោតសរសើរ​​រដ្ឋមន្រ្តីក្រសួង​បរិ​ស្ថា​នថាជា​រដ្ឋមន្រ្តីតែមួយគត់​ខុសគេ​ ​ក្នុង​រយៈ​ពេល​៣០ឆ្នាំនៃដឹកនាំរបស់​លោក។​

ក្នុងពិធី​សម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ​ លោក ហ៊ុន សែន បានថ្លែង​​ថា​​លោកសូ​មសរសើរ​រដ្ឋមន្រ្តីថ្មីក្រសួ​ងបរិស្ថាន លោក សាយ សំអាល់ ដែល​ជាកូនប្រុស​របស់​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថា​ជា​រដ្ឋមន្រ្តី​​​ដែលបានស្នើ​រូបលោក​ផ្ទេរការងារមួយចំនួន​ទៅឲ្យ​ក្រសួងផ្សេង​។  លោក​បន្តថា​លោក សាយ សំអាល់ បាន​​សុំ​បែងចែកការងារ​ឲ្យ​ដាច់ពីគ្នាគឺ​ដីសម្រាប់អភិរក្សប្រគល់មក​​ក្រសួង​បរិស្ថាន ចំណែក​ដីសម្រាប់​ដាំដុះការ​អភិវឌ្ឍ គឺប្រគល់ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់និងនេ​សា​ទវិ​ញ​​។​

លោកនាយករដ្ឋមន្រ្តី​​បន្ថែមថា៖ “ខ្ញុំសូមកោតសរសើរឯក​ឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលនេះ​ជា​លើក​ទីមួយ​ក្នុងរយៈ​ពេលជាង​៣០ឆ្នាំ​នៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបតែ​មានរដ្ឋមន្រ្តីម្នាក់គត់ដែលបានស្នើ​សុំការងារខ្លួន​ទៅ​ឲ្យ​ស្ថាប័នផ្សេង។ ខ្ញុំមិនដែល​ជួបប្រទះនូវរដ្ឋមន្រ្តីណាមួយ ដែលមុននេះ គឺ​តែ​ងតែ​ស្រវាអោបទាញយក​នូវអំណាចយក​មក​ទុកក្នុងក្រសួងរបស់ខ្លួន​ជាប់ជានិច្ច​ ប៉ុន្តែ​រដ្ឋមន្រ្តីរូបនេះបែរជាធ្វើផ្ទុយពីនេះ គឺ​បានសេចក្តីថាចង់បែងចែកមុខងារឲ្យ​ដាច់។ នេះ​ជា​កំណែ​ទម្រង់​ដែល​ខ្ញុំ​ចង់បាន”

លោក ហ៊ុន សែន បាន​បញ្ជាក់បន្ថែម​​​ថា៖ “ហើយ​សង្ឃឹម​ថា​រដ្ឋមន្រ្តី​នានា​មិន​ឲ្យ​ការងារនេះ​បន្ត​ទៀត​ទេ ហើយ​​អាកម្ម​វិធី​ផ្ទេរ​មុខ​ងារ​និង​ប្រតិភូកម្ម​ទៅថ្នាក់ក្រោម​ជាតិ​នុះ…សង្ឃឹម​ថា​ឯកឧត្តម​រដ្ឋមន្រ្តី គឺនឹង​មិន​អោប​ការងា​រ​បន្ត​​ទៀត​ទេ”។​

លោកនាយករដ្ឋមន្រ្តីបានថ្លែង​បែ​បនេះ​សំដៅ​ទៅ​លើ​ការងារគ្រប់គ្រង​​ដីសម្បទានសេដ្ឋកិច្ច​ដែល​កន្លងមក​រងការរិះគន់ថារដ្ឋាភិបាល​​គ្រប់គ្រងមិនបានល្អ។​ ដីសម្បទានសេដ្ឋកិច្ច​ខ្លះនៅក្រោម​ការគ្រប់​គ្រង​របស់​ក្រសួងបរិស្ថាននិងខ្លះទៀតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម។

លោក​ ហ៊ុន សែន បាន​បញ្ជាក់​ថា​មិនដល់រយៈ​ពេល​មួយឆ្នាំផង រដ្ឋាភិបាល​បាន​ដកហូតដីសម្បទាន​សេដ្ឋកិច្ច​បាន​ជិត​១លានហិកតា​មកគ្រប់គ្រង​វិញ ហើយ​នៅសល់ជាង​១លានហិកតាទៀត​ជាដីដែលមានការដាំដុះដំណាំ​កៅស៊ូនិងដំណាំផ្សេងៗរួចរាល់ហើយ។​

រដ្ឋមន្រ្តីក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុងពិធី​សម្ពោធអគារក្រសួងបរិស្ថានថ្មី(រូបថតដោយណាត សុភាព​)
រដ្ឋមន្រ្តីក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុងពិធី​សម្ពោធអគារក្រសួងបរិស្ថានថ្មី(រូបថតដោយណាត សុភាព​)

នៅក្នុងពិធីសម្ពោធ​អគារ​ក្រសួងបរិស្ថាននៅព្រឹកនេះ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីថាថ្នាក់ដឹកនាំក្រសួង​ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ក្នុងការផ្តល់ទីតាំង​ក្រសួង​នៅ​ចន្លោះ​ស្ពាននាគ​និងស្ពាន​តន្រ្តី​កោះពេជ្រ ដោយ​លោក​ចាត់ទុក​ថា​នេះ​ជា”​ទីតាំងដ៏ល្អនៅកណ្តាលរាជធានីភ្នំពេញ”។​ លោក​បន្តថា​ដើម្បីជាការតបស្នង​នឹង​ការផ្តល់ទីតាំងនេះ ក្រសួ​ងបរិស្ថាន​បានស្នើ​សុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារ​ថា​”អគារមរតេជោ”។

តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិលោក អេង ឆៃអ៊ាង គំាទ្រ​នឹង​ការ​លើកឡើង​របស់លោក ហ៊ុន សែន ដែលចង់ឲ្យមន្ត្រីទំាងអស់កុំអោប​អំណា​ច ​​​ឬការគ្រប់គ្រង​មក​ក្នុងក្រសួង​របស់ខ្លួន​តែម្នាក់ឯង។​ លោកថា  ដើម្បីអនុវត្តវិធានការ​នេះឲ្យមានប្រសិទ្ធភាពលើមន្ត្រីគ្រប់គ្រងក្រសួង លុះត្រាតែមានការ​ផ្លាស់ប្តូររដ្ឋ​មន្ត្រីចាស់ ដាក់រដ្ឋមន្ត្រីថ្មីដែលមានសមត្ថភាព និងវ័យក្មេង។

អ្នក​វិភាគឯករាជ្យលោក អ៊ូ វីរៈ មានប្រសាសន៍ថាអ្វីដែលលោក ហ៊ុន សែន មានប្រសាសន៍​ចង់ឲ្យមន្ត្រី​ទំាងអស់កុំ​អោប​អំណា​ច ​​​ឬការគ្រប់គ្រង​មក​ក្នុងក្រសួង​របស់ខ្លួន​តែម្នាក់ឯងជារឿង​ល្អ ប៉ុន្តែលោកថា​​បើរដ្ឋ​មន្ត្រីទំា​ងនោះ​មិន​ធ្វើតាម​ការណែ​នាំទេ ត្រូវវ​ដាក់ទណ្ឌកម្មតាមច្បាប់ទើបទទួលបានផល​វិជ្ជមាន។

លោក អ៊ូ វីរៈ លើកឡើងថារដ្ឋាភិបាលគួរតែបង្រួមក្រសួង​មួយចំនួនរួមមាន ក្រសួងបរិស្ថាន ក្រសួង​កសិកម្ម ក្រសួងអភិវឌ្ឍន៍ជន និង​ក្រសួងធនធានទឹក ឲ្យទៅជាក្រសួងតែមួយវិញដើម្បីកុំឲ្យខាតថវិកាជាតិ៕

ដោយ​លោក ណាត សុភាព និង​លោក ស៊ុន ណារិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ