នាយករដ្ឋមន្រ្តីព្រមានមន្រ្តី​ពាក់ព័ន្ធ​រឿងមិន​បង្រ្កាប​ការដឹកឈើតាមរថយន្តធំៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់អគារក្រសួងបរិស្ថាន​ ដែលមានឈ្មោះថាអគារមរតកតេជោ(រូបថតដោយណាត សុភាព)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជា​ជាថ្មី​ឲ្យ​​មន្រ្តី​ពាក់​ព័ន្ធ​ដែលចូលរួមបង្រ្កាបការ​កាប់បំផ្លាញព្រៃឈើឲ្យ​ធ្វើការងាររបស់ខ្លួន​ដោយ​លោក​ដាក់ការសង្ស័យ​ថា​ការមិន​បង្រ្កាប​អាចមកពីមន្រ្តី​ទាំងនោះចូលដៃជាមួយ​ឈ្មួញដឹកឈើ។​

ក្នុងពិធីសម្ពោធ​អគារថ្មីរបស់ក្រសួង​បរិស្ថានលោក ហ៊ុន សែន បាន​ថ្លែង​បន្ទោសទៅភាគីពាក់ព័ន្ធដោយ​ថា​មិនបានយកភ្នែកមើល​ករណីដឹកឈើតាមរថយន្ត។ លោក​មានប្រសាសន៍ថា​៖ “ប៉ុន្តែរឿងដឹកឈឺនេះអាហ្នឹង​វាដឹកហ្នឹងឡានហើយធំៗណាស់ ហើយចុះ​ភ្នែកទៅណាអស់ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែក​ប៉េ​​អឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ទាំងភ្នែក​បរិស្ថាន ភ្នែកទៅណាអស់ទៅឬក៏អាហ្នឹងនឹងគេដែរវាណា​ស់តែ​អ៊ីចឹង”។​

នៅថ្ងៃ​នេះលោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​ដាក់ទោស​ទណ្ឌ​អ្នកកាប់បំផ្លាញព្រៃឈើនិង​បញ្ជាឲ្យ​លោក សៅ សុខា មេ​បញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការបង្រ្កាប​ការ​កាប់បំផ្លាញព្រៃឈើចាត់វិធានការ​ដោយ​មិន​​លើក​លែង។​ លោក​មានប្រសាសន៍ថា៖ “ខ្ញុំឲ្យ​ឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា ដូចមិនទាន់បាញ់មួយគ្រាប់ផងទេ ខ្ញុំឲ្យ​បាញ់ណា បើថា​វាព្រហើនរ៉ូកែតដាក់ពីលើតែម្តងអត់មានរញ៉េរញ៉ៃទេ”។

អ្នកឃ្លាំមើល​ព្រៃឈើ​និងជាប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោក អ៊ូច ទ្បេង មានប្រសាសន៍ថាលោកមិនមានជំនឿលើលោកនាយករដ្ឋមន្ត្រីដែលព្រមានចាត់វិធានការ​លើអ្នក​ប្រព្រឹត្តបទល្មើសព្រៃឈើដដែល​ៗ​នោះទេដោយលោក​ថាអ្នកប្រព្រឹត្តបទល្មើសព្រៃឈើជាមន្ត្រីរបស់រដ្ឋាភិបាល។ លោកបន្តថា៖ “មិនជឿទេ អត់សង្ឃឹមគាត់ចាត់វិធានការបាននេះមកពីឆន្ទៈគាត់មិនមែនតែពេលនេះទេគឺគាត់កាន់អំណាចប្រហែលជាង៣០ឆ្នាំហើយគឺមិនមានប្រសិទ្ធិភាពអ្វីទំាង​អស់​ក្នុងបទល្មើសព្រៃឈើគឺថាមន្ត្រីរដ្ឋាភិបាលទំាងអស់សុទ្ធតែមានការពាក់ព័ន្ធជាមួយនឹងបទល្មើសព្រៃឈើជាពិសេសកងប្រដាប់អាវុធ”។

គួរបញ្ជាក់ថា​កាលពីខែមករា ឆ្នាំ​២០១៥ លោក ​ហ៊ុន សែន ​បាន​សម្រេច​បង្កើតគណៈកម្មការ​មួយ​​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​អនា​ធិបតេយ្យ​កាប់​ព្រៃ​ឈើ ការនាំ​ចេញ​ឈើ​ខុសច្បាប់ និង​បទល្មើស​ព្រៃឈើ​នានា ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ ចាប់​ជនល្មើស និង​វត្ថុតាង​នៃ​បទល្មើស សហការ​ជាមួយ​ភាគី​វៀតណាម​និងឡាវ។ ​​តាម​រយៈសេចក្តី​សម្រេច​នោះរដ្ឋា​ភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យគណៈកម្មការមួយ​នេះ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​ពីរ​គ្រឿង​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​ផងដែរ។

យ៉ាងណាក៏ដោយរហូត​មក​ដល់ពេល​គណៈកម្មការ​ចុះទប់ស្កាត់និង​បង្ក្រាបបទល្មើសព្រៃឈើនោះមិនទាន់បង្ហាញរបាយការណ៍បង្ក្រា​បជូន​សាធារណៈជន​បានដឹង​នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ