ឯកអគ្គរដ្ឋទូតអាមេរិកជំរុញឲ្យកម្ពុជាប្រើយុទ្ធសាស្ត្រជនបង្កប់ក្នុងការប្រយុទ្ធនឹងការជួញដូរមនុស្ស

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក Willaim A. Heidt នា​ពេល​កន្លង​មក

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក Willaim A. Heidt ជំរុញឲ្យកម្ពុជាប្រើយុទ្ធសាស្ត្រជនបង្កប់ក្នុងការស៊ើបអង្កេត និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដោយលោកថា សហរដ្ឋអាមេរិកបានប្រើវិធីសាស្រ្តនេះជាវិធីសាស្រ្តសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

លោក Willaim Heidt បានថ្លែងបែបនេះនៅសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃនៅថ្ងៃព្រហស្បតិ៍នេះ។ លោក Willaim Heidt បានថ្លែងថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានប្រើប្រាស់យុទ្ធសាស្ត្រជនបង្កប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅឡើយទេ បើទោះកម្ពុជាប្រើប្រាស់វិធីសាស្ត្រនេះនៅក្នុងករណីផ្សេងក៏ដោយ។

លោកថា៖ “យើងសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងពិចារណាទៅលើវិធីសាស្រ្តមួយបន្ថែមទៀតសម្រាប់អង្គភាពប្រយុទ្ធប្រឆាំងការជួយដូរមនុស្ស ដែលនៅអាមេរិកវិធីសាស្រ្តនេះមានសារសំខាន់ណាស់ នគរបាលកម្ពុជាអាចប្រើវិធីសាស្រ្តជនបង្កប់ក្នុងការស៊ើបអង្កេតករណីជួញដូរមនុស្ស…កម្ពុជាមានប្រើវិធីសាស្រ្តបែបនេះក្នុងករណីផ្សេងរួចមកហើយ តែកម្ពុជាមិនទាន់ប្រើវិធីសាស្រ្តនេះក្នុងការទប់ស្កាត់ការជួញដូរមនុស្សនេះនៅឡើយ”។

លោក Willaim Heidt ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្វែងយល់ពីឫសគល់ដែលនាំឲ្យប្រជាពលរដ្ឋធ្លាក់ខ្លួនក្នុងការជួយដូរមនុស្ស ដោលលោកលើកឡើងពីចំណុចមួយចំនួនដូចជាកង្វះការផ្សព្វផ្សាយព័ត៌មាន និងបញ្ហាសេដ្ឋកិច្ចគ្រួសារជាដើម។ ទោះយ៉ាងណា លោកក៏បានកោតសរសើរដល់អាជ្ញាធរកម្ពុជា ក្នុងការខិតខំទប់ស្កាត់ការជួយដូរមនុស្សនេះ និងថាកម្ពុជាជាដៃគូល្អរបស់អាមេរិកក្នុងការងារនេះ។
របាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងសន្និបាតនោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យដឹងថា រដ្ឋាភិបាលនៅមានចំណុចខ្វះចន្លោះមួយចំនួនក្នុងការទប់ស្កាត់បទល្មើសជួយដូរមនុស្ស។ របាយការណ៍ឲ្យដឹងថា ក្រុមមេខ្យល់មានល្បិចឆបោកខ្ពស់ និងបត់បែនច្រើន រីឯសមត្ថកិច្ចអនុវត្តច្បាប់មួយចំនួនសមត្ថភាពនៅមានកម្រិត។

របាយការណ៍បន្តទៀតថា ប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាទូរទស្សន៍ និងវិទ្យុក៏មិនទាន់បានចូលរួមផ្សព្វផ្សាយពីការជួយដូរមនុស្សនេះឲ្យបានទូលំទូលាយ។ បើតាមរបាយការណ៍ដដែល ជីវភាពក្រីក្រ ការខ្វះជំនាញ និងចំណេះដឹងរបស់ពលរដ្ឋកម្ពុជាក្នុងការប្រកួតប្រជែងទីផ្សារការងារក្នុងស្រុក ជាកត្តាជំរុញឲ្យពលរដ្ឋខ្មែរមួយចំនួនសម្រេចចិត្តដោយប្រថុយប្រថានទៅរកការងារក្រៅប្រទេស និងបានធ្លាក់ខ្លួនក្នុងការជួយដូរកម្លាំងពលកម្ម ហើយការអនុវត្តច្បាប់ទៅលើក្រុមហ៊ុននាំពលករចេញទៅក្រៅប្រទេសដែលប្រព្រឹត្តផ្ទុយពីនីតិវិធីក៏នៅមិនទាន់អនុត្តបានពេញលេញនៅឡើយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងក្នុងសន្និបាតបូកសរុបការងារនោះថា ប្រជាពលរដ្ឋជាច្រើនបានសាកល្បងឆ្លងដែនខុសច្បាប់ ដោយលោកថា ពួកគេសង្ឃឹមថាបានឱកាសការងារល្អនៅបរទេស។ លោកថាត្រង់ចំណុចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនបានធ្លាក់ខ្លួនក្នុងការជួយដូរ។
លោកជំរុញឲ្យមន្ត្រីអនុវត្តច្បាប់បន្តខិតខំអប់រំ និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការជួយញដូរមនុស្សនេះឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ។

លោកបន្ថែមថា៖ “រឿងផ្សព្វផ្សាយអប់រំការបញ្ជ្រាបដល់ជនងាយរងគ្រោះនោះនៅតែជាកិច្ចការចម្បង។ នេះជាវិធានការចម្បងរបស់យើង ដូច្នេះពួកយើងរិះរកវិធានការយ៉ាងម៉េច ដើម្បីលើកតម្កើងការអប់រំផ្សព្វផ្សាយនេះគ្រប់រូបភាព ដើម្បីឲ្យតួអង្គងាយរងគ្រោះហ្នឹងគាត់យល់”
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆ្នាំ២០១៥ អាជ្ញាធរបង្ក្រាបបទល្មើសជួញដូរមនុស្សបានចំនួន១០៥ករណីកើនលើសឆ្នាំ២០១៤ ចំនួន១០ករណី ឬប្រមាណ១០ភាគរយ។ ក្នុងចំណោមករណីទាំងនោះ ការបង្ក្រាបការជួញដូរមនុស្សមាន៤៧ករណីឃាត់ខ្លួនជនសង្ស័យបាន៧៥នាក់ (ស្រី៤៧នាក់) និងជួយសង្គ្រោះជនរងគ្រោះបាន១១០នាក់។ ដោយឡែក៥៨ករណីទៀតជាអំពើជួញដូរផ្លូវភេទ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៦៩នាក់ ក្នុងនោះជនបរទេស៤នាក់ និងសង្គ្រោះជនរងគ្រោះបាន១៨៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ