អតីត​បក្ស​ប្រឆាំង​បដិសេធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភានៅ​ថ្ងៃ​នេះ

គណបក្សសង្គ្រោះជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ បាន​បដិសេធ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​នេះ ដោយ​ថា ការ​បោះ​ឆ្នោត​នេះ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​អាណត្តិ​ទី​៤ ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ នៅ​តាម​ភូមិភាគ​ទាំង ៨ នៅ​ទូទាំង​ប្រទេស ដោយ​មាន​ការ​ចូល​រួម​បោះ​ឆ្នោត​ពី​អង្គ​បោះ​ឆ្នោត ដែល​ជា​អ្នក​មាន​អាសនៈ​ជាប់​ឆ្នោត។

បើទោះបី​ជា​មាន​ការ​ចូល​រួម​ពី​គណបក្ស​នយោបាយ​ចំនួន ៤​ក៏​ដោយ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​នយោបាយ​ធំ​បំផុត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​អសកល​នេះ​ទេ បន្ទាប់​ពី​បក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ខណៈ​ដែល​ការ​បោះ​ឆ្នោត​អសកល​នេះ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ពី​ក្រៅ​ប្រទេស នៅ​ថ្ងៃ​នេះ ដោយ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ប្រឆាំង​ដាច់​ខាត​នឹង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ អតីត​បក្ស​ប្រឆាំង​មួយ​នេះ បាន​ចាត់ទុក​​ការ​បោះ​ឆ្នោត​នេះ​ថា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។

ជាង​នេះ​ទៅ​ទៀត អតីត​បក្ស​ប្រឆាំង​ដដែល​នេះ បាន​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ទេ ដោយ​ថា អង្គបោះឆ្នោតដែលជាតំណាងរាស្រ្ត និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ចំនួន ៥០៦២​រូប ពុំមែនជាតំណាងឆន្ទៈរបស់ពលរដ្ឋ ដែលកើតចេញពីការបោះឆ្នោតជ្រើសតាំង​ដោយផ្ទាល់ពីប្រជាពលរដ្ឋ ហើយការបោះឆ្នោតនេះ មិនមានវត្តមានបក្សសង្គ្រោះជាតិដែលជាតំណាងឆន្ទៈពលរដ្ឋកន្លះប្រទេស ដែលមានអាសនៈនៅក្នុងសភា និង​នៅក្រុមប្រឹក្សារាជធានី-ក្រុង ស្រុក-ខណ្ឌ និង​ឃុំ-សង្កាត់​។

ជាមួយគ្នានោះ គណបក្សសង្គ្រោះជាតិក៏​បាន​អំពាវនាវទៅ​បណ្ដា​ប្រទេស​នានា និង​អង្គការ​សហ​ប្រជាជាតិ កុំឲ្យ​ទទួលស្គាល់លទ្ធ​ផល​នៃការបោះឆ្នោតនេះ និង​ជួយធ្វើអន្តរាគមន៍ ដើម្បីស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងជំរុញឲ្យមានការ​ដោះលែងប្រធានបក្សលោក កឹម សុខា ផងដែរ ក៏ដូចជាធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌នាពេលខាងមុខផងដែរ។

គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយប្រធាន​បក្ស​នេះ លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

ចំណែក​ឯ​អាសនៈ​ជាប់​ឆ្នោត​ទាំង​អស់​របស់​បក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​ពុំ​បាន​បោះ​ឆ្នោត​ឲ្យ​នៅ​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​កន្លង​មក​នេះ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ