FT ចុះ​ផ្សាយ​ថា សហភាព​អឺរ៉ុប​នឹង​ជជែក​អំពីវិធានការ​ថ្មី​ប្រឆាំង​នឹង​កម្ពុជា​នៅ​ថ្ងៃ​ស្អែក

សហភាព​អឺរ៉ុប នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​មក​លើ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​លុប​ចោល​ការ​អនុគ្រោះ​លើ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ ជុំ​វិញ​អ្វី​ដែល​សហភាព​អឺរ៉ុប​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​មុន។

សហភាព​អឺរ៉ុប បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ថារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នោះ ឲ្យ​វិល​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​ឡើង​វិញ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គ្មាន​សញ្ញាណា​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន​នោះ​ឡើយ។

ខណៈ​ដែល​កម្ពុជា​នៅ​តែ​មិន​ផ្លាស់​ប្ដូរ​ជំហរ​ងាក​ទៅ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក ២៨​ប្រទេស គ្រោង​នឹង​ជជែក​ជា​ថ្មី​ម្ដង​ទៀត​អំពី​បញ្ហា​កម្ពុជា និង​ភូមា ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ប៊្រុចស៊ែល នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Financial Times។

បើតាម​សារព័ត៌មាន​ដដែល​នេះ ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​អឺរ៉ុប ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រំឭក​ទៅ​លោក ហ៊ុន សែន ថា វិធានការ​នានា​អាច​នឹង​កើត​មាន ប្រសិន​បើ​ស្ថានភាព​នៅ​មុន​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ នៅ​តែ​មិន​ត្រូវ​បាន​កែ​លម្អ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​នោះ។

កាសែតដដែល​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា ក្រុម​ប្រមុខ​ការទូត​អឺរ៉ុប ក៏​នឹង​បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម «អ្វី​គ្រប់​យ៉ាង លើក​លែង​អាវុធ» ដែល​បាន​ផ្ដល់​ភាព​អនុគ្រោះ​លើ​ទំនិញ​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ផលិត​ផល​កាត់​ដេរ ដែល​ត្រូវ​បាន​នាំ​ចូល​ទៅ​សហភាព​អឺរ៉ុប​ដោយ​ឥត​បង់​ពន្ធ​គយ។

ប្រទេស​អាល្លឺម៉ង់ បាន​ចាត់វិធានការ​ថ្មី​មួយ​ប្រឆាំង​នឹង​កម្ពុជា​កាល​ពី​សប្ដាហ៍​នេះ ដោយ​បាន​សម្រេច​​បញ្ឈប់​ការ​ផ្ដល់​ទិដ្ឋាការ​អនុគ្រោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​សមាជិក​រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​មាន​ទាំង​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ។

សហភាព​អឺរ៉ុប​បាន​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​មេដឹកនាំ​ និង​សមាជិក​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​សំឡេង​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន និង​ការ​បន្ត​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ