បុគ្គល១៦រូប​ទទួលគោរម​ងារ​ជា​ឧកញ៉ាក្នុង​ខែមករា​ ឆ្នាំ​២០១៦ ​​

បុគ្គល​​១៦រូប​ត្រូវ​បានព្រះមហាក្សត្រ​ប្រោសប្រទាន​គោរមងារ​ជា​​ឧកញ៉ា ក្នុងខែមករា​ ​ឆ្នាំ​២០​១៦ តាមរយៈសំណើ​​របស់​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះ​បើ​យោ​ង​តាម​សៀវភៅព្រះរាជកិច្ចដែល​ចេញផ្សាយ​សម្រាប់ឆ្នាំ​២០១៦។​

បុគ្គលទាំងនោះរួមមាន​​លោក សេង សុជាតិ លោក កៅ ក្វេងហុង លោក ឡាយ កុកលាង លោក សេង ញ៉ក់ លោក លី ឆូកឆៃ លោក សិទ្ធិ បញ្ញាឫទ្ធិ លោក ហុក ជ្រា លោក ប៉ែន នួន លោក កោះ ភារៈ លោក ស ពិសិដ្ឋ លោក ស៊ុយ គីមលី លោក នី សម្បត្តិ​ លោក គុត ចាន់វាសនា លោកស្រី លី គាង លោក ចាន់ សេងហេង និងលោកស្រី កែវ ស៊ួយឆេង។

គោ​រម​ងារ​ជា​​ឧក​ញ៉ា​ត្រូវ​​ទទួល​ការ​ប្រោស​ព្រះ​រាជ​ទាន​តាម​ព្រះ​រាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ហស្ត​លេ​ខា​ដោយ​ព្រះ​មហា​ក្សត្រ តាម​សំណើរបស់​នាយក​រដ្ឋ​មន្ត្រី។​ ជា​ទូទៅ បុគ្គលដែល​ទទួល​គោរមងារ​ឧកញ៉ា កាលណា​​​បាន​បរិ​ច្ចាគ​ធន​ធាន​ផ្ទាល់​ខ្លួន​ចាប់​ពី​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ក្នុង​ការ​កសាង​រាល់​សមិទ្ធ​ផល​នានា​ ​ដូច​ជា​វត្ត​អារាម​ មន្ទីរ​ពេទ្យ​ សា​លា​រៀន​ ផ្លូវ​ ប្រឡាយ​ទឹក​ អណ្តូង​ទឹក​។

​កាលពីឆ្នាំ​២០១៥ បុគ្គល​ជាង​៥០នាក់​បានទទួលគោរមងារជាឧកញ៉ា។​ កាសែត​The Cambodia Dailyបាន​ចុះផ្សាយ​កាលពីឆ្នាំ​២០១៤ថា​កាលពីឆ្នាំ​២០០៤ កម្ពុជាមានឧកញ៉ា​ប្រមា​ណ​​២០រូប តែ​បាន​កើន​ឡើង​មក​ជិត​២០០រូបក្នុង​ឆ្នាំ​២០០៨ និង​រហូតដល់ឆ្នាំ​២០១៤មានជាង​៧០០រូប​។​

ប្រធាន​ស្ថាប័នស្រាវជ្រាវវេទិកាអនាគត លោក អ៊ូ វីរៈ ធ្លាប់មាន​ប្រសាសន៍​ថា​​​ឧកញ៉ានៅកម្ពុជាមានច្រើនគឺ​អាចប្រហែល​​ចូល​ពាន់នាក់។ លោក​បន្ត​ថា​ដោយ​សារប្រទេស​កម្ពុជាមិន​មាន​ការគោរពច្បាប់ ការមិន​ឲ្យ​តម្លៃ​ទៅ​លើ​សីល​​ធម៌និង​វប្បធម៌ បុគ្គល​មួយ​ចំនួន​ចង់​បាន​ងារ​​ឧកញ៉ានេះ ដើម្បី«អួតដាក់គ្នា»។​ លោក​បន្ថែម​ថា​​ងារជា​ឧកញ៉ានេះ គឺ​ដើម្បី​ងាយស្រួលក្នុង​ការ​រកស៊ីផងដែរ។ លោកបញ្ជាក់ថា​៖ “ឧកញ៉ាមាន​ឱកាស​រកស៊ីច្រើន ដោយ​សារ​ងារ​នេះ​ដូច​ជាមានអភ័យ​ឯកសិទ្ធិអញ្ចឹង។…ប្រទេស​យើង​មិន​មាន​នីតិរដ្ឋ មិន​គោរពច្បាប់ មិន​ឲ្យ​តម្លៃ​លើ​សីលធម៌ និង​វប្បធម៌​ ទើប​ម្នាក់ៗ​​ចង់​បាន​ងារ​ឧកញ៉ា ដើម្បី​យក​ងារ​មក​អួត និង​យក​ឱកាស​រកស៊ី”។​

អ្នក​នាំ​ពាក្យ​គណបក្ស​​សង្គ្រោះ​ជាតិ លោក យឹម​ សុវណ្ណ មានប្រសាសន៍ថា​កន្លង​មក​ ឧក​​ញ៉ា​មួយ​ចំនួន​បាន​ប្រើ​ងារ​នេះ ដើម្បី​ប្រកប​របរ​ខុស​ច្បាប់ ដូច​ជា​ការ​រត់​ពន្ធ​ទំនិញ  និង​ការរំលោភ​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ប្រ​ជា​ពល​រដ្ឋ​ជា​ដើម។ លោក​ថាប្រ​ទេស​ជាតិ​ត្រូវ​ការ​ឧក​ញ៉ាដែលប្រ​កប​របររកស៊ី​ដោយ​សុចរិត​ និង​ជួយប្រ​ទេស​ជាតិ​ដោយ​ស្មោះ​ត្រង់​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ លោក​បន្ថែមថា៖ “បើ​សិន​ជា​ឧក​ញ៉ា​ហ្នឹងគាត់​ជា​អ្នក​​រក​ស៊ី​ដោយ​សុចរិត បាន​ធន​ធាន​ដោយ​សុច្ចរិត​ វា​ល្អ​ចំពោះ​ប្រ​ទេស​ជាតិ ប៉ុន្តែ​បើ​សិន​ជា​ឧក​ញ៉ា​ដែល​រក​ស៊ី​ដោយ​ទុច្ចរិត ឧក​ញ៉ា​ដែល​មាន​ការ​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ ពាក់​ព័ន្ធ​នឹង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​ជាតិ ឧក​ញ៉ា​ហ្នឹង​យើង​មិន​ចង់​បាន​ប៉ុន្មាន​ទេ”

បើទោះពីកម្ពុជាមានឧកញ៉ាច្រើនក៏ដោយ ឧកញ៉ាមួយចំនួនប៉ុណ្ណោះ​ដែលត្រូវគេស្គាល់ច្រើន​ក្នុងការរកស៊ី ក្នុង​នោះ​រួមមាន​ឧកញ៉ា គិត ម៉េង ឧកញ៉ា ទ្រី ភាព ឧកញ៉ា សុខ គង់ ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ម៉ុង ឫទ្ធី ​ឧកញ៉ា ពុង ឃាវសែនិងឧកញ៉ាកុក អាន​ ជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ