ក្រុមហ៊ុនណាហ្គាវើលជួសជុល​របង​ពុទ្ធសាសនបណ្ឌិត្យ​ ខណៈបណ្តាញព្រះសង្ឃមិនពេញចិត្ត

ក្រសួងធម្មការនិងសាសនាឲ្យ​ដឹង​ថាក្រុមហ៊ុនណាហ្គាវើលចាប់ផ្តើមជួសជុលរបងនិងគ្រោង​នឹង​សាងសង់​ក្លោង​​ទ្វារពុទ្ធសាសន​បណ្ឌិត្យ​ឡើងវិញ​តាមកិច្ចសន្យា ខណៈបណ្តាញព្រះសង្ឃតវ៉ានៅព្រឹក​ថ្ងៃ​សុក្រនេះ​ឲ្យ​មាន​​ការ​សាង​សង់របង​ជាថ្មី។

ក្នុងលិខិតជូនដំណឹងមួយចុះថ្ងៃទី២៤ ខែមីនា ក្រសួងធម្មការ​បាន​បញ្ជាក់​ថា​របងនិង​ក្លោង​ទ្វារ​ពុទ្ធ​សាសន​បណ្ឌិ​ត្យ​ប៉ែកខាងជើងដែលត្រូវបានរុះរើទាំងស្រុងនោះ ពេលនេះក្រុមហ៊ុនកំពុងជួសជុលហើយក្រុម​ហ៊ុនណា​ហ្គាវើល​ក៏​កំពុងពិភាក្សាជាមួយក្រុមហ៊ុនសាងសង់​ជំនាញដើម្បីសាងសង់ក្លោ​ងទ្វារ​តាមរចនាបទ​ដើមទាំង​ស្រុង​​​ផងដែរ។

លិខិតដដែលឲ្យដឹងទៀតថាកាលឆ្នាំ២០១៤ក្រុមហ៊ុនណាហ្គាវើលបានស្នើសុំកែសម្រួលក្លោងទ្វារសាសន បណ្ឌិត ដើម្បីដំណើរការសាងសង់ផ្លូវក្រោមដី ដោយបានសន្យាជួសជុសនិងសាងសង់​តាមរចនាបទដើម វិញ​​​។

ក្រសួងបញ្ជាក់ថា៖ “…សកម្មភាពទាំងនេះក្រសួងធម្មការ និងសាសនាបានយកកំពុងយកចិត្តទុកដាក់ ក្នុង​ការតា​មដានត្រួតពិនិត្យជាប្រចាំ

នៅព្រឹកថ្ងៃសុក្រនេះ បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម​បានសម្តែងការមិនពេញចិត្តចំ​ពោះ​កា​រ​ជួស​​ជុសរប​ងពុទ្ធសាសនបណ្ឌិតរបស់ក្រុមហ៊ុនណាហ្គាវើលនេះ ដោយលើកហេតុផលថា ក្រុមហ៊ុនមិនបា​នធ្វើ​តា​មកិច្ចសន្យា។

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាប្រាប់ អ្នក​សាព័ត៌មានថាក្រុមហ៊ុនបានសន្យាសាងសង់ថ្មីនិងមានការបុកគ្រឹះត្រឹមត្រូវ មិនមែនជួសជុលនោះទេ។

ព្រះតេជគុណ បុត ប៊ុនតិញ ទាមទារឲ្យក្រុមហ៊ុនសង់ថ្មីទាំងអស់ ដោយព្រះអង្គអះអាងថាមិនដូច្នេះទេ នឹង​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់ដល់​គុណភាពរបង ប៉ះពាល់ស្ថាប័នសាសនានិងប៉ះពាល់ដល់កេរ្តិ៍មរតករបស់ ព្រះមហាក្សត្រ​ជា​​ដើម​។

ព្រះអង្គមានសង្ឃដីកាថា៖ “បើមិនធ្វើអាថ្មីឲ្យត្មាទេ ការទាមទានឹងកើតមានហើយផលប៉ះពាល់ ទី១នឹង​អាចប្រ​ឈ​ម​មុខការដួលរលំសង្កត់ ទី២ប៉ះពាល់ស្ថាប័នសាសនារបស់ជាតិ ទី៣វាបាត់បង់ កេរ្តិ៍មរតក​របស់ព្រះ​មហាក្ស​ត្រដែលព្រះអង្គប្រទានដីនឹងទុកឲ្យប៉ុន្តែព្រះអង្គសោយទិវង្គត មិនទាន់ បាន១០ឆ្នាំផង សមិទ្ធ​ផល​នឹងត្រូវបំ​ផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ”

អ្នកនាំពាក្យក្រសួងធម្មការនិង សាសនា លោក សេង សុមុនី ប្រាប់វីអូឌីថាក្នុងកិច្ចសន្យាក្រុមហ៊ុនណា ហ្គា​វើល​សន្យាសាងសង់ទាំងស្រុងតែក្លោងទ្វារប៉ុណ្ណោះ ចំណែករបងវិញនឹងធ្វើការជួសជុលប្រសិនបើមាន ការ​បែកបាក់។ លោកបញ្ជាក់ថាពេលនេះក្រុមហ៊ុនកំពុងជួសជុលបានប្រមាណ៦០ភាគរយ ហើយក្រសួង នឹងជំរុញ​ក្រុមហ៊ុនឲ្យពន្លឿនការសាងសង់ឲ្យបានឆាប់។ លោកបញ្ជាក់ថា៖ “ក្រសួងបានចុះពិនិត្យជាបន្ត​បន្ទាប់មិ​​ន​មានឃើញស្ថា​នភាពអ្វីធ្វើឲ្យខូចគុណភាព។ ដូច​ព្រះអង្គលើកឡើងនោះទេ។ អញ្ចឹងគឺថាសុំ​ឲ្យក្រុ​ម​ហ៊ុន​បន្តធ្វើឲ្យបានលឿន ព្រោះអីក្រុមហ៊ុនគេមួយៗ គេជួលកម្មករគេមានកាលកំណត់របស់គេ”

ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីការថាប្រសិនបើក្រុមហ៊ុននៅតែបន្តសាងសង់ ព្រះអង្គនឹងដឹកនាំ ព្រះសង្ឃដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុនសែននិងព្រះមហាក្សត្រនៅពេលឆាប់ៗនេះ។

​គួរ​បញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៥ ​ក្រុមហ៊ុនណាហ្គាបាន​សាងសង់​ផ្លូវNaga2ដែល​ធ្វើឲ្យ​វិទ្យាស្ថាន​ពុទ្ធសា​សន​បណ្ឌិត្យ​ស្ថិត​នៅ​ចំ​កណ្ដាលNagaនិងNaga2 ទើប​ធ្វើឲ្យ​ព័ត៌មាន​នៃ​ការលក់​/​ទិញវិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​​កើតឡើង។​ អគារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់កាលពីឆ្នាំ​១៩៩៨។ ពុទ្ធសាសនបណ្ឌិត្យ​នេះសាងសង់​ឡើង​ដើម្បី​តម្កល់​ទុក​សៀវភៅធម៌និង​សៀវភៅ​ផ្សេងៗ​ទៀត​សម្រាប់​​ព្រះសង្ឃនិង​សិស្ស​សិក្សា​ស្រាវជ្រាវ​ជា​ដើម​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ